ក្រោយផលិតកម្មបារមីបានប្រកាសឈប់រៀបចំកម្មវិធីប្រកួតប្រជែងចម្រៀងរ៉េប ដែលទិញសិទ្ធិផលិតបន្តពីប្រទេសជិតខាង កាលពីជាង ២ ខែមុន ហើយប្រកាសរៀបចំកម្មវិធី និងឈ្មោះដែលជារបស់ខ្លួនឯងវិញម្ដង។ ពេលនេះបានចេញជារូបរាង និងផ្លូវការហើយ ទាំងឈ្មោះ និងនិមិត្តសញ្ញា។

ផលិតកម្មបារមី និង ភ្លើងគប់ បានបង្ហាញនិមិត្តសញ្ញា (Logo) សម្រាប់កម្មវិធីប្រលងចម្រៀងរ៉េប “The Next Level: Rapstar” ជាសាធារណៈកាលពីរាត្រីថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។ ផលិតកម្មនេះបានបញ្ជាក់ថា វាលើសពីនិមិត្តសញ្ញា នេះគឺជាអត្តសញ្ញាណ សម្រាប់ជំពូកថ្មីមួយ សម្រាប់តន្ត្រីនៅក្នុងប្រទេសកម្ពុជា។
ផលិតករ អ្នកបង្កើត និងក្រុមការងារទាំងអស់បានដាក់ចូលជំនាញរៀងៗខ្លួន ដើម្បីបង្កើត “The Next Level: Rapstar” កម្មវិធីទូរទស្សន៍ខ្មែរមួយដែលយើងទាំងអស់គ្នាអាចមានមោទនភាព ហើយនេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងចម្រៀងរ៉េបទេ គឺជាដំណើរឆ្ពោះទៅមុខ ដើម្បីសម្រេចក្ដីស្រមៃ។

Logo នេះគឺតំណាងការធ្វើដំណើរក្នុងវិស័យតន្ត្រីហ៊ីបហប ដែលបេក្ខជនម្នាក់ៗត្រូវអភិវឌ្ឍដុះខាត់សមត្ថភាពខ្លួនពីមួយវគ្គទៅមួយវគ្គ មុននឹងអាចឡើងបានគ្រប់កាំ រហូតបានក្លាយទៅជា RAPSTAR មួយរូប។ កម្មវិធី “The Next Level: Rapstar” នឹងក្លាយជាស្ពាន សម្រាប់សិល្បករជំនាន់ក្រោយដែលមានទេពកោសល្យពិតប្រាកដ។
គួរបញ្ជាក់ថា វិស័យ ហ៊ីបហបនៅកម្ពុជាកំពុងរីកចម្រើនខ្លាំង ដោយមហាជនភាគច្រើនមានទំនោរទៅស្ដាប់ចម្រៀងរ៉េប R&B មិនថាជាចម្រៀងខ្មែរ ឬអង់គ្លេសឡើយ។ មួយវិញទៀតពន្លកតារាប្រុសស្រីវ័យក្មេង ក៏ងាកទៅពង្រឹងសមត្ថភាពរ៉េបច្រើនគួរសមដែរ។ បែបនោះហើយទើបការប្រកួតកម្មវិធីចម្រៀងរ៉េបខ្មែរក៏កាន់តែច្រើនឡើង។ ពេលនេះកម្មវិធីប្រកួតប្រជែងចម្រៀងរ៉េបខ្មែរ ៣ កំពុងតែរៀបចំ និងដំណើរថតបណ្ដើរៗហើយ៕
រូបភាព៖ baramey