Beyoncé បានបង្កើតប្រវត្តិសាស្ត្រជាថ្មីម្តងទៀតដោយបានក្លាយជាសិល្បកររកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ការសម្តែងនៅពហុកីឡដ្ឋាន Stade de France ក្នុងប្រទេសបារាំង ខណៈការប្រគំតន្ត្រីទេសចរណ៍ COWBOY CARTER របស់នាងនៅទីនោះត្រឹមតែ ៣ថ្ងៃ អាចរកចំណូលបាន ៣៩.៧ លានដុល្លារ។

ផ្អែកតាម Yahoo ការសម្ដែងរបស់ Beyonce នៅទីនោះក្នុងមួយយប់ៗអាចរកចំណូលបានជាង ១៣.២ លានដុល្លារ ដែលធ្វើឱ្យតារាចម្រៀងម្ចាស់បទ “Run the World Girl” រូបនេះបានក្លាយជាសិល្បករស្រីដែលលក់សំបុត្រប្រគំតន្ត្រីដាច់ច្រើនបំផុត និងរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពហុកីឡដ្ឋាននេះ។ ជាក់ស្ដែង ការប្រគំតន្ត្រីទេសចរណ៍ COWBOY CARTER ចំនួនបីថ្ងៃនេះអាចលក់សំបុត្របានជាង ២១៥ ០០០ សន្លឹក ថែមទាំងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនជាច្រើនដូចជា Marriott Bonvoy, SirDavis Whiskey, Cécred និង Ulta Beauty ជាដើម។

ក្រឡេកទៅមើល តារាកិត្តិយសសម្រាប់ការប្រគំតន្ត្រីនេះក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរ។ នៅយប់ដំបូង នាងបានច្រៀងជាមួយ Miley Cyrus សម្រាប់បទចម្រៀងចង្វាក់ Country ដ៏ល្បីរបស់ខ្លួនមានចំណងជើងថា II MOST WANTED ដែលនេះជាលើកទីមួយហើយដែលអ្នកទាំងពីរបានច្រៀងជាមួយគ្នា។ នៅយប់ទីបី ស្វាមីរបស់នាងគឺ Jay-Z បានចូលរួមច្រៀងបទ “Crazy in Love” និងបទ “Ni** as In Paris” ថែមទាំងមានការចូលរួមពីសំណាក់ក្រុមរាំដ៏ល្បីល្បាញ The Mayyas និង Les Twins ។
ទោះយ៉ាងណា Beyoncé មិនផ្តោតតែលើការរកប្រាក់កម្រៃពីការប្រគំតន្ត្រីប៉ុណ្ណោះទេ ដោយក្នុងអំឡុង World Tour នេះ មូលនិធិ BeyGOOD របស់នាងបានបរិច្ចាគជាង ៣ លានដុល្លារដល់អង្គការសប្បុរសធម៌នៅតាមទីក្រុងនីមួយៗដែលនាងបានទៅសម្ដែង ដើម្បីគាំទ្រសហគ្រិនខ្នាតតូច ផ្ដល់អាហារូបករណ៍ និងកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះគ្រោះមហន្តរាយនានា ៕