ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពីសំណាក់អ្នកគាំទ្របរទេស ដោយការទូទាត់តាមកាតឥណទានមានចំនួនលើសពី ៥៥.៥ ពាន់លានវ៉ុន (ប្រមាណ ៣៧.៦ លានដុល្លារអាមេរិក) និងបានផ្លាស់ប្តូរមុខមាត់ពាណិជ្ជកម្មក្នុងតំបន់ជុំវិញទីតាំងប្រគំតន្ត្រីគួរឱ្យកត់សម្គាល់។

Advertisement

ទិន្នន័យពីក្រុមហ៊ុន Hana Card បានបញ្ជាក់ថា តាមរយៈការវិភាគលើប្រតិបត្តិការកាតបរទេសដែលទាក់ទងនឹងការសម្តែងចំនួន ៣ លើកចុងក្រោយរបស់ BTS នៅកីឡដ្ឋាន Goyang Stadium បានរកឃើញថា មានភ្ញៀវបរទេសប្រហែល ៣ ម៉ឺននាក់ បានធ្វើការចំណាយក្នុងកំលុងពេលប្រគំតន្ត្រី។

ក្រុមហ៊ុនកាតដដែលនេះបានបន្តថា ផ្អែកលើការប៉ាន់ស្មានកម្រិតទាបនៃចំនួនភ្ញៀវ ៣​ ម៉ឺននាក់ តួលេខសរុបនៃការចំណាយលើគ្រប់ផ្នែក រួមមានសំបុត្រយន្តហោះ ការស្នាក់នៅ ការទទួលទានអាហារ និងការទិញទំនិញ បានឈានដល់ជាង ៥៥.៥ ពាន់លានវ៉ុន។ តួលេខនេះអាចហក់ឡើងដល់ ៧៤ ពាន់លានវ៉ុន ប្រសិនបើមានភ្ញៀវ ៤ ម៉ឺននាក់ និងដល់ ៩២.៦ ពាន់លានវ៉ុន ប្រសិនបើមានភ្ញៀវ ៥ ម៉ឺននាក់ ដែលស្ទើរតែឈានដល់ ១០០ ពាន់លានវ៉ុន (ប្រមាណ ៦៧.៤ លានដុល្លារ)។

អ្នកគាំទ្រទាំងនោះបានទិញសំបុត្រជាមធ្យម ២ សន្លឹកក្នុងម្នាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការនៃការចូលរួមទស្សនាច្រើនដង និងការទិញជាក្រុមក្នុងចំណោមអ្នកគាំទ្រស្មោះស្ម័គ្រ។

អ្នកគាំទ្រជប៉ុនមានចំនួន ៣២ ភាគរយនៃអ្នកទិញបរទេសទាំងអស់ បន្ទាប់មកគឺតៃវ៉ាន់ ១២ ភាគរយ ហ្វីលីពីន ៧ ភាគរយ ហុងកុង ៥ ភាគរយ និងសហរដ្ឋអាមេរិក ៥ ភាគរយ ដោយក្នុងនោះអ្នកចូលទស្សនាជនជាតិអាស៊ីមានចំនួនច្រើនជាង ៧៥ ភាគរយនៃចំនួនសរុប។

ការប្រគំតន្ត្រីនេះដែរបានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃលំហូរចំណាយក្នុងតំបន់ ដោយក្នុងកំលុងសប្តាហ៍នៃព្រឹត្តិការណ៍ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ប្រតិបត្តិការកាតបរទេសនៅតំបន់ជុំវិញកីឡដ្ឋាន Goyang Stadium បានហក់ឡើង ៨០៧ ភាគរយ ធៀបនឹងមួយសប្តាហ៍មុន ខណៈការចំណាយសរុបកើនឡើង ២៣១ ភាគរយ។

រីឯចំនួនកាតដែលបានប្រើប្រាស់ក៏បានកើនឡើងប្រមាណ ១២៥០ ភាគរយ ដែរដែលក្នុងនោះការកើនឡើងខ្លាំងបំផុតឃើញមាននៅតាមម៉ាតលក់ទំនិញ​ (កើនឡើង ១០៦៩ ភាគរយ) និងហាងកាហ្វេ (កើនឡើង ១១០៩ ភាគរយ)។ ការចំណាយនៅតាមភោជនីយដ្ឋានកើនឡើង ៦០០ ភាគរយ ស្របពេលការទិញទំនិញផ្សេងៗកើនឡើង ៦២៩ ភាគរយ។

ក្រុមហ៊ុន Hana Card បានលើកឡើងថា លំនាំនេះបង្ហាញឱ្យឃើញថា ការចំណាយដ៏ច្រើនក្នុងរយៈពេលខ្លីជុំវិញទីតាំងប្រគំតន្ត្រី អាចផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់អាជីវកម្មខ្នាតតូច និងអ្នកលក់រាយនៅក្បែរនោះ។

ជាចុងក្រោយ ក្រុមហ៊ុន Hana Card បានសង្ខេបថា ការប្រគំតន្ត្រី K-pop ខ្នាតធំ បានបង្កើតឱ្យមានចំណូលសេដ្ឋកិច្ចលើសពីការលក់សំបុត្រធម្មតា និងអាចទាក់ទាញលំហូរប្រាក់ចំណាយពីបរទេសយ៉ាងច្រើនចូលមកក្នុងប្រទេសកូរ៉េក្នុងរយៈពេលដ៏ខ្លីបំផុត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា