BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ "SWIM" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ "SWIM"

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ "SWIM"

Advertisement

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាងបទចម្រៀងពេញនិយមក្នុងសកលលោក មិនរាប់បញ្ចូលសហរដ្ឋអាមេរិក។

យោងតាមតារាងចុងក្រោយដែលចេញផ្សាយដោយ Billboard នៅថ្ងៃទី ១៩ ខែឧសភា សម្រាប់សប្តាហ៍គិតត្រឹមថ្ងៃទី ២៣ ខែឧសភា បានឱ្យដឹងថា បទចម្រៀងចំណងជើងធំ «SWIM» របស់ក្រុម BTS ដែលដកស្រង់ចេញពីអាល់ប៊ុមពេញទី ៥ «ARIRANG» បានបន្តរក្សាតំណែងកំពូលលេខ ១ នៅលើតារាង Global Excl. U.S. ក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា។

តាមរយៈសមិទ្ធផលនេះ ក្រុម BTS បានក្តោបក្តាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងនេះចំនួន ៦ ដងហើយនៅក្នុងឆ្នាំ២០២៦ ដែលជាការបំបែកកំណត់ត្រាចាស់របស់តារាចម្រៀង Taylor Swift ក្នុងការក្លាយជាសិល្បករមានបទចម្រៀងឈរនៅកំពូលតារាងច្រើនជាងគេ។

ក្រៅពីតារាងខាងលើនេះ បទ «SWIM» ក៏បានបន្តឈរនៅចំណាត់ថ្នាក់លេខ ២ លើតារាង Billboard Global 200 រយៈពេលបីសប្តាហ៍ជាប់ៗគ្នាផងដែរ ខណៈដែលអាល់ប៊ុម «ARIRANG» បានជាប់ចំណាត់ថ្នាក់លេខ ៨ នៅលើតារាង Billboard 200 ដែលជាការបន្តមានវត្តមាននៅក្នុងចំណោមអាល់ប៊ុមលំដាប់កំពូល Top 10 រយៈពេលប្រាំបីសប្តាហ៍ជាប់ៗគ្នាមកហើយ។

បច្ចុប្បន្ននេះ ក្រុម BTS កំពុងតែបន្តដំណើរការប្រគំតន្ត្រីទេសចរណ៍នៅតំបន់អាមេរិកខាងជើង ក្រោមយុទ្ធនាការ BTS WORLD TOUR ‘ARIRANG’។ ថ្មីៗនេះដែរ ក្រុមចម្រៀងបុរសមួយនេះទើបតែបានបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាសិល្បករកូរ៉េដំបូងគេបង្អស់ ដែលបានឡើងសម្ដែងជាសិល្បករឈានមុខក្នុងការប្រគំតន្ត្រីនៅឯកីឡដ្ឋាន Stanford Stadium។

សមាជិកទាំង ៧ រូបនឹងបន្តការប្រគំតន្ត្រីទេសចរណ៍របស់ខ្លួននៅក្នុងទីក្រុង Las Vegas ដោយចាប់ផ្តើមពីថ្ងៃទី ២៣ ខែឧសភា ខាងមុខនេះ។ ដោយឡែកនៅក្នុងខែកក្កដា ក្រុម BTS ក៏ត្រូវបានកំណត់ថានឹងបង្ហាញខ្លួនជាសិល្បកររួមឆាកជាមួយតារាចម្រៀងលំដាប់ពិភពលោកគឺ Madonna និង Shakira នៅក្នុងការសម្ដែង Halftime show សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក 2026 FIFA World Cup Final ដែល​រាប់ជាការសម្ដែងនៅពាក់កណ្ដាលវគ្គជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រនៃវគ្គផ្តាច់ព្រ័ត្រ World Cup ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា