មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងវត្តមានផលិតករ អ្នកជំនាញក្នុងវិស័យភាពយន្ត សិល្បៈករសិល្បការិនី ជាតារាសម្តែងជាតិអន្តរជាតិ ប្រមាណ៦០០នាក់។

ព្រឹត្តិការណ៍មហោស្រពនេះគឺជាកិច្ចសហការរវាងគណ:កម្មការរៀបចំមហោស្រពកម្ពុជាអាស៊ីដែលមានមូលដ្ឋាននៅប្រទេសចិន និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានគោលបំណងបង្ហាញនិងផ្សព្វផ្សាយរឿងរ៉ាវនានារបស់ទ្វីបអាស៊ីទៅកាន់ពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅក្នុងតំបន់អាស៊ី។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងថា មហោស្រពភាពយន្តកម្ពុជាអាស៊ីបានក្លាយជាវេទិកាមួយដ៏មានសារសំខាន់ក្នុងការប្រមូលផ្តុំ និងផ្សព្វផ្សាយស្នាដៃ ភាពយន្តចម្រុះ ពីបណ្តាប្រទេសក្នុង តំបន់អាស៊ី និងជាកន្លែងជួបជុំរបស់អ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញ និងអ្នកប្រកបអាជីពក្នុងវិស័យភាពយន្តដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈទានថ្មីៗ ការបង្កើត បណ្តាញទំនាក់ទំនង ការស្វែងរកឱកាសក្នុងកិច្ចសហការផលិតភាពយន្តជាដើម។

លើសពីនេះមហោស្រពភាពយន្តកម្ពុជាអាស៊ីក៏បានរៀបចំនូវកិច្ចពិភាក្សាស៊ីជម្រៅក្នុងការអភិវឌ្ឍឧស្សាហកម្ម ភាពយន្ត ដែលជាកម្មវិធីដ៏មានសារសំខាន់ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និង យុទ្ធសាស្ត្រ តាមរយៈការពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនានា ព្រមទាំងស្វែងរកយន្តការថ្មីៗដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីមួយដែលជួយជំរុញឱ្យឧស្សាហកម្មភាពយន្តក្លាយជាប្រភពនៃកំណើន សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ដោយរក្សាបាននូវអត្តសញ្ញាណរបស់ជាតិ។

គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៦នេះ មហោស្រពភាពយន្តកម្ពុជាអាស៊ីបានទទួលស្នាដៃភាពយន្តជាង ៧០០០ ចំណងជើងមកពីបណ្តាប្រទេស និងតំបន់ផ្សេងៗគ្នាក្នុងទ្វីបអាស៊ី ចូលរួមប្រកួតប្រជែង ខណៈពានរង្វាន់ ត្រូវបានបែងចែកជា ៤ផ្នែកធំៗ រួមមានពានរង្វាន់កិត្តិយសអាស៊ី ពានរង្វាន់ផ្នែកភាពយន្តខ្លី ពានរង្វាន់ផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងពានរង្វាន់រំដួលមាស។

វត្តមាន និងការចូលរួមរបស់សិល្បករ និងផលិតករមកពីច្រើនប្រទេសក្នុងកម្មវិធីនេះក៏ជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការផ្នែកភាពយន្ត និងការតភ្ជាប់រវាងយុវជន និងឧស្សាហកម្មភាពយន្តនៅកម្ពុជា និងអាស៊ីផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា