មកស្គាល់ ‘Capybara Mode’៖ ផ្នត់គំនិតធ្វើការបែបសន្សំសុខ សុំផ្តោតតែតួនាទីខ្លួនឯង និងមិនទូលរែកបន្ទុកជំនួសអ្នកណា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកស្គាល់ ‘Capybara Mode’៖ ផ្នត់គំនិតធ្វើការបែបសន្សំសុខ សុំផ្តោតតែតួនាទីខ្លួនឯង និងមិនទូលរែកបន្ទុកជំនួសអ្នកណា

មកស្គាល់ ‘Capybara Mode’៖ ផ្នត់គំនិតធ្វើការបែបសន្សំសុខ សុំផ្តោតតែតួនាទីខ្លួនឯង និងមិនទូលរែកបន្ទុកជំនួសអ្នកណា

មនុស្សជាច្រើនប្រហែលជាធ្លាប់ជួបប្រទះស្ថានភាពបែបនេះ ពេលកំពុងបំពេញការងារខ្លួនឯងសុខៗស្រាប់តែមាន «ការងារធ្លាក់មកពីលើមេឃ» ទាំងដែលវាមិនស្ថិតនៅក្នុងដែនកំណត់នៃការទទួលខុសត្រូវរបស់ខ្លួន ប៉ុន្តែចុងក្រោយក៏ត្រូវបង្ខំចិត្តទទួលយកមកធ្វើ ដោយសារតែក្រែងចិត្តមេ ឬពេលខ្លះបដិសេធមិនរួច។

Advertisement

កន្លងមក វប្បធម៌ការងារតែងតែបង្រៀនឱ្យយើង Say yes ចំពោះគ្រប់ឱកាសទាំងអស់ ធ្វើកាន់តែច្រើនក៏មើលទៅកាន់តែហាក់ដូចឧស្សាហ៍ព្យាយាម ហើយគួរតែធ្វើឱ្យយើងរីកចម្រើនបានលឿន។ ប៉ុន្តែពេលយកមកអនុវត្តពិតប្រាកដបែរជារកឃើញថា ការទទួលយកគ្រប់យ៉ាងមិនមែនមានន័យថានឹងល្អប្រសើរជានិច្ចនោះទេ តែថែមទាំងនាំឱ្យយើងនឿយហត់ តានតឹង និងប្រឈមមុខនឹងស្ថានភាពអស់កម្លាំងចិត្ត (Burnout) ទៅវិញ។

ដូច្នេះហើយទើបក្នុងរយៈពេលចុងក្រោយនេះ ផ្នត់គំនិត Capybara Mode បានក្លាយជាទស្សនៈដ៏គួរឱ្យចាប់អារម្មណ៍ ព្រោះវានាំឱ្យយើងត្រឡប់មកតាំងស្មារតី ចេះបែងចែកព្រំដែនការងារ និងមិនចាំបាច់ទ្រាំធ្វើជា «អ្នករងថ្មបាក់» ទទួលខុសត្រូវគ្រប់រឿងឱ្យនរណាម្នាក់ទៀតឡើយ។

តើ Capybara Mode គឺជាអ្វី?

Capybara Mode គឺការធ្វើការងារបែប «ស្ងប់ស្ងាត់ ងាយៗ ប៉ុន្តែមិនធ្វេសប្រហែស» ដែលយើងនៅតែបំពេញតួនាទីរបស់ខ្លួនឯងឱ្យអស់ពីលទ្ធភាព និងល្អបំផុតដូចដើម ហើយត្រៀមខ្លួនជួយអ្នកដទៃប្រសិនបើយើងនៅមានកម្លាំងគ្រប់គ្រាន់ ប៉ុន្តែនឹងមិនឱនមុខទទួលគ្រប់ការងារទាំងអស់ដែលគេបោះមកឱ្យនោះទេ ហើយក៏មិនព្រមឱ្យខ្លួនឯងក្លាយជាមនុស្សដែលត្រូវអង្គុយទូលរែកគ្រប់យ៉ាងម្នាក់ឯងដែរ។ វាអាចស្តាប់ទៅដូចជាងាយស្រួល ប៉ុន្តែមនុស្សជាច្រើនក៏នៅតែធ្វើមិនសូវបានដដែល ដោយសារតែជាប់ទម្លាប់​ក្រែងចិត្ត ខ្លាចអ្នកដទៃមើលឃើញថាមិនល្អ ឬពេលខ្លះក៏លួចមានអារម្មណ៍ខុសពេលដែលត្រូវនិយាយពាក្យបដិសេធចេញទៅ។

កំណត់ព្រំដែនឱ្យច្បាស់លាស់ថាអ្វីជាការងាររបស់យើង

បច្ចុប្បន្នយើងអាចនឹងឮពាក្យថា «មិនស្ថិតក្នុង Job Description» ឬ «មិនមែនជាតួនាទី» កាន់តែញឹកញាប់ក្នុងចំណោមបុគ្គលិកជំនាន់ថ្មី ប៉ុន្តែការពិតទៅការគូសគំនូសបែងចែកព្រំដែនការងារ មិនមែនមានន័យថាយើងគេចវេះពីការទទួលខុសត្រូវហើយបោះបង់បញ្ហាចោលនោះទេ។ អ្វីដែលសំខាន់គឺការជួយឱ្យការងារដើរទៅមុខបន្តទៀត ដោយ​យើងមិនចាំបាច់ចុះទៅធ្វើវាដោយខ្លួនឯងគ្រប់យ៉ាងនោះទេ។

ប្រសិនបើវាជាការងាររបស់យើង ចូរចាត់ចែងវាឱ្យរួចរាល់ក្នុងម៉ោងការងារ។ ប្រសិនបើការងារណាមិនមែនជាតួនាទីរបស់យើងទេ យើងគ្រាន់តែបញ្ជូនបន្តទៅឱ្យបុគ្គល ឬក្រុមការងារដែលត្រូវទទួលខុសត្រូវដោយផ្ទាល់។ ការបដិសេធមិនមែនជាការបោះបង់ភារកិច្ចចោលនោះទេ ប៉ុន្តែវាគឺជាការបញ្ជូនការងារឱ្យទៅស្ថិតក្នុងដៃរបស់មនុស្សដែលស័ក្ដសមបំផុតទៅវិញទេ។

ហើយរឿងមួយទៀតដែលមនុស្សជាច្រើនប្រហែលជាភ្លេចទៅគឺ ការប្រញាប់ប្រញាល់រត់ការងារ មិនមែនមានន័យថាការងារនឹងចេញមកល្អជានិច្ចនោះទេ។ ប្រាកដណាស់ ការងារវាមានចូលមកថ្មីៗជាបន្តបន្ទាប់គ្មានថ្ងៃអស់នោះទេ តែការធ្វើតាមសម្រួល មិនប្រឹងហួសកម្លាំងរហូតដល់អស់កម្លាំងចិត្តតាំងពីដំបូង នឹងជួយឱ្យយើងបំពេញការងារបានល្អនិងមាននិរន្តរភាពជាងក្នុងរយៈពេលវែង។

មនុស្សខ្លាំងប្រចាំក្រុម មិនចាំបាច់ «ទទួលខុសត្រូវ» លើគ្រប់យ៉ាងនោះទេ

ក្រុមការងារជាច្រើនតែងតែមាន «មនុស្សខ្លាំងប្រចាំក្រុម» រហូតដល់ក្លាយទៅជាទោះបីជាមាន Project ណាក៏ដោយ ក៏អ្នករាល់គ្នាតែងតែនឹកឃើញដល់មនុស្សម្នាក់នេះជានិច្ច ហើយបោះការងារមកឱ្យមនុស្សដដែលៗគ្រប់ពេល។

ការពិតការទទួលបានការទុកចិត្តគឺជារឿងល្អ ប៉ុន្តែប្រសិនបើជួបរបៀបនេះម្តងហើយម្តងទៀតជាមួយនឹងការងារដែលមិនមែនជាការទទួលខុសត្រូវរបស់យើងដោយផ្ទាល់ ចុងក្រោយយើងនេះហើយនឹងក្លាយទៅជា «អ្នករងថ្ម» និងធ្វើការងារធ្ងន់ហួសកម្លាំងដោយមិនដឹងខ្លួន។

វិធីសាស្ត្រក្នុងការទប់ទល់នឹងរឿងនេះគឺយើងមិនចាំបាច់ធ្វើពុតជាធ្វើមិនកើត ឬបដិសេធបំបាក់មុខនរណាម្នាក់នោះទេ គ្រាន់តែសាកល្បងពន្យល់ហេតុផលទៅតាមការពិត។ ការនិយាយបែបនេះមិនមែនមានន័យថាយើងគេចវេះពីការទទួលខុសត្រូវនោះទេ ប៉ុន្តែវាគឺជាការបើកឱកាសឱ្យមនុស្សដែលមើលការខុសត្រូវលើការងារនេះពិតប្រាកដបានបំពេញតួនាទីរបស់ខ្លួនឯង។ ក្នុងពេលជាមួយគ្នានេះយើងក៏នឹងមានពេលទៅផ្តោតលើការងារដែលជាតួនាទីរបស់យើងពិតប្រាកដផងដែរ។

សុំមិនពាក់ព័ន្ធរឿងដ្រាម៉ាក្នុងអូហ្វីស

ក្រៅពីនេះ មិនថាក្រុមហ៊ុនតូចឬធំ ជឿ​ទៅថា រឿងខ្សឹបខ្សៀវ ឬដ្រាម៉ាក្នុងកន្លែងធ្វើការគឺដឹងតែមានជានិច្ច។ វិធីសាស្ត្រទប់ទល់ដែលទទួលបានលទ្ធផលល្អខ្លាំងគឺការបើក «Capybara Mode» ដែលមិនមែនមានន័យថាយើងត្រូវគេចចេញពីសង្គម ឬឈប់រាប់អាននរណាម្នាក់នោះទេ ប៉ុន្តែគឺការចេះ «ជ្រើសរើស» ថាតើគួរយកខ្លួនឯងទៅពាក់ព័ន្ធនឹងរឿងមួយណាទៅវិញទេ។ យើងនៅតែអាចនិយាយលេងសើចជាមួយមិត្តរួមការងារបានធម្មតា គ្រាន់តែមិនចាំបាច់ចេញមតិយោបល់លើគ្រប់ព័ត៌មានចចាមអារ៉ាម មិនបាច់ចាំបាច់បញ្ជូនបន្តគ្រប់ពាក្យសម្តី ឬមិនបាច់ចាំបាច់លម្អៀងទៅខាងណាមួយពេលមានរឿងឈ្លោះប្រកែកគ្នា។

ការរក្សាគម្លាតពីការរឿងរ៉ាវដ្រាម៉ាបែបនេះ មិនមែនមានន័យថាយើងជាមនុស្សសោះអង្គើយ ឬវាយឫកនោះទេ។ ផ្ទុយទៅវិញវានឹងជួយឱ្យទំនាក់ទំនងការងាររលូនជាងមុនទៅទៀត ព្រោះថាមនុស្សគ្រប់គ្នានឹងមានអារម្មណ៍ថាស្រួលចិត្ត ហើយគ្មាននរណាម្នាក់មើលមកយើងថាជាផ្នែកមួយនៃបញ្ហានោះទេ។

អនុញ្ញាតឱ្យខ្លួនឯងបានសម្រាកដោយមិនបាច់មានអារម្មណ៍ខុស

ចំណុចនេះអាចសំខាន់បំផុត ព្រោះថាមនុស្សជាច្រើនប្រហែលជាធ្លាប់ជួបប្រទះហេតុការណ៍ដែលមេដឹកនាំឆាតមកបញ្ជាការងារពេលយប់ជ្រៅ ឬទូរស័ព្ទមកដេញដោលការងារថ្ងៃឈប់សម្រាក ទាំងដែលវាបានផុតម៉ោងការងារយូរណាស់ហើយ។ ប្រាកដណាស់ថាការងារខ្លះអាចមានករណីបន្ទាន់ដែលត្រូវដោះស្រាយជាបន្ទាន់ ប៉ុន្តែប្រសិនបើវាមិនមែនជារឿងបន្ទាន់ ឬរឿងស្លាប់រស់ទេនោះ ការឆ្លើយតប ឬចាត់ចែងនៅថ្ងៃបន្ទាប់ក៏មិនមែនជារឿងខុសឆ្គងអ្វីដែរ។

ហើយការបែងចែក «ម៉ោងការងារ» និង «ម៉ោងផ្ទាល់ខ្លួន» ឱ្យដាច់ពីគ្នាយ៉ាងច្បាស់លាស់ មិនមែនមានន័យថាយើងជាមនុស្សមិនទទួលខុសត្រូវនោះទេ ប៉ុន្តែវាគឺជាការផ្តល់សារសំខាន់ដល់ពេលវេលាសម្រាកឱ្យមានតុល្យភាពជាមួយពេលវេលាការងារ ព្រោះចុងក្រោយប្រសិនបើ យើងមិនបានសម្រាកសាកថ្មឱ្យខ្លួនឯងទេនោះ យើងក៏ប្រហែលជាគ្មានថាមពលសល់គ្រប់គ្រាន់ដើម្បីទៅបន្តប្រយុទ្ធការងារនៅថ្ងៃស្អែកដែរ។

ភាពរវល់ មិនមែនជាបន្ទាត់រង្វាស់ «ភាពជោគជ័យ» នោះទេ

កន្លងមកយើងច្រើនតែត្រូវបានអប់រំតាំងពីតូចថាត្រូវធ្វើការងារបែបប្រឹងប្រែងប្រកួតប្រជែងគ្រប់ពេលវេលា ត្រូវឆ្លើយឆាតឱ្យលឿន ធ្វើការឱ្យច្រើន ទទួលខុសត្រូវឱ្យបានគ្រប់យ៉ាង ហាក់បីដូចជាយក «ភាពរវល់» មកជាបន្ទាត់រង្វាស់ «ភាពជោគជ័យ»។

ប៉ុន្តែនៅក្នុងពិភពការងារពិតប្រាកដ មនុស្សដែលអាចឈរជើងបានយូរបំផុតប្រហែលជាមិនមែនជាមនុស្សដែលរត់លឿនបំផុតនោះទេ ប៉ុន្តែគឺជាមនុស្សដែលដឹងចង្វាក់របស់ខ្លួនឯង ដឹងថាពេលណាគួរដាក់លេខទៅមុខ ដឹងថាពេលណាគួរឈប់សម្រាក និងសំខាន់បំផុតគឺដឹងថាពេលណាគួរចេះបដិសេធ។

សរុបខ្លីៗ ទស្សនៈបែប Capybara Mode មិនមែនជាការនាំគ្រប់គ្នាឱ្យគេចវេះការងារ ឬរត់គេចពីការទទួលខុសត្រូវនោះទេ ប៉ុន្តែវាគឺជាការបំពេញការងារដែលចេះគូសព្រំដែនឱ្យបានច្បាស់លាស់ ចេះការពារពេលវេលារបស់ខ្លួនឯង និងមិនឱ្យពាក្យថា «ក្រែងចិត្ត» មកបង្ខំឱ្យយើងត្រូវទូលរែកការងារម្នាក់ឯងនោះទេ ព្រោះចុងក្រោយការបំពេញការងារដោយមានស្មារតី ចេះលៃលកតុល្យភាពជីវិតឱ្យបានល្អ នឹងអាចនាំជីវិតការងាររបស់យើងទៅបានឆ្ងាយ និងមាននិរន្តរភាពជាងការបិទភ្នែករត់តាមការងារទៅទៀត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា