មហាជនប្រាកដជាបានជ្រាបហើយថា តារាកំប្លែង នាយព្រែក និងគូស្នេហ៍ដែលជាអ្នកសិល្បៈដូចគ្នាត្រៀមចូលរោងការក្នុងពេល ៣ ខែខាងមុខទៀតនេះ ខណៈអ្នកទាំងពីរបានទាក់ទង និងមើលចិត្តគ្នាគិតមកទល់ពេលនេះគឺ ៦ ឆ្នាំហើយ។


កាលពីចុងខែសីហាកន្លងទៅថ្មីៗ តារាកំប្លែង នាយព្រែក បានលុតជង្គង់សុំតារាសម្ដែង ឈិន មុន្នីនាថ ដែលជាគូស្នេហ៍រៀបការ និងទទួលបានចម្លើយ YES ពីនាងទៀតផង។ ដំណឹងល្អនេះបានធ្វើឱ្យមហាជននិងហ្វេនគាំទ្រចូលខមិនបង្ហាញក្ដីរំភើបហើយបានជូនពរអ្នកទាំងពីរព្រោងព្រាតពេញលើបណ្ដាញសង្គម។ ដោយឡែក កាលពីម្សិលមិញនេះ នាថ បានសួរទៅកាន់លោកឪពុក គឺលោក ឈិន កុសល យល់យ៉ាងណាដែរចំពោះអនាគតកូនប្រសារ និងសុំឱ្យឪពុកបកស្រាយពីមូលហេតុដែលឱ្យកូនៗមើលចិត្តគ្នាដល់ទៅ ៦ ឆ្នាំ?


ឆ្លើយតបនឹងសំណួររបស់កូនស្រី តារាចម្រៀងជើងចាស់លោក ឈិន កុសល បានប្រាប់ថា លោកពុំដែលជំទាស់ចំពោះទំនាក់ទំនងរបស់កូនទាំងពីរនោះទេ តែកាលដែលសុំឱ្យអ្នកទាំងពីរមើលចិត្តគ្នាឱ្យបានរៀងយូរបន្តិចនោះ ក៏ព្រោះតែលោកមិនចង់ឃើញការបែកបាក់ក្រោយរៀបការ ឬជាទំនាក់ទំនងមួយឆាវដោយសារតែមិនទាន់ស្គាល់គ្នាបានច្បាស់ ណាមួយជាអ្នកសិល្បៈដូចគ្នាខ្លាចថាមានបញ្ហាណាមួយកើតឡើងអាចនឹងទទួលរងការតិះទានពីសំណាក់មហាជន។ មួយទៀតនោះ លោកឃើញថា នាយព្រែក ជាតារាកំប្លែង ហើយចូលចិត្តលេងសើចច្រើន ដូច្នេះហើយលោកក៏ពុំទាន់ទុកចិត្ត១០០ភាគរយនោះទេ ទើបសូមឱ្យកូនៗបន្តមើលចិត្តគ្នាឱ្យបានយូរបន្តិចទើបជាការល្អ។




ក្រោយបញ្ចប់ការសន្ទនាតារាជើងចាស់រូបនេះក៏បានទូន្មានកូនស្រីឱ្យធ្វើខ្លួនជាមនុស្សធំ រៀនទទួលយក មានភាពអត់ធ្មត់ ចេះលើកលែង ព្រោះមិនប៉ុន្មានខែទៀតនាងនឹងមានស្វាមី មានគ្រួសារជារបស់ខ្លួនឯងហើយ។ គួរបញ្ជាក់ឱ្យដឹងដែរថា នាយព្រែក និង ឈិន មុនី្ននាថ ត្រៀមចូលរោងការនៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៥ ពោលគឺនៅសល់៣ខែទៀតប៉ុណ្ណោះ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/chhinmonineath06/videos/1109600634023383
រូបភាព ៖ Chhin Monineath & នាយ ព្រែក