ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់” ដោយក្នុងនោះជាភាពយន្ត AI ជាង ៩០ ភាគរយ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ លោក Wang Xiaoliang នាយកនៃ Network Audio-visual Program Management Department បានលើកឡើងថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ មានរឿងភាគខ្លី (Microdramas) សរុបចំនួន ៤៣០ ០០០ ដែលបានចេញផ្សាយ។

ស្របគ្នានេះ មកទល់នឹងបច្ចុប្បន្ន ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីបានបញ្ជាឱ្យដកចេញនូវភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ក្រោមហេតុផលអត្ថន័យមិនសមរម្យ អាចបង្កគ្រោះថ្នាក់ មាតិកាដែលមិនសមស្របទៅនឹងកុមារ និងការរំលោភបំពានកម្មសិទ្ធិបញ្ញាជាដើម។ ក្នុងនោះ ភាពយន្តខ្លីដែលផលិតឡើងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI មានចំនួនជាង ៩០ ភាគរយ។

និយតករបានកត់សម្គាល់ថា ភាពយន្តខ្លីបានក្លាយជាទីពេញនិយមពីសំណាក់ទស្សនិកជន ដោយមានអ្នកចុះឈ្មោះទស្សនាមាតិកាប្រភេទនេះដល់ទៅ ៨០០ លានគណនី។ នាំឱ្យកាលពីឆ្នាំ២០២៥ កន្លងទៅ ទំហំទីផ្សារនៃភាពយន្តខ្លីមានតម្លៃលើសពី ១០០ ប៊ីលានយ៉ន់ ឬប្រមាណ ១៤.៩ ប៊ីលានដុល្លារអាមេរិក។

តួយ៉ាង កាលពីថ្ងៃទី៣១ ខែកញ្ញា Hunan TV និង Mango TV បានចេញផ្សាយភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង “ស៊ុនអ៊ូខុង វគ្គបន្ត” ឬ “Sequel to Journey to the West” ដោយទទួលបានអ្នកទស្សនាបានជិត ៣០០ លានដង ខណៈចាក់ផ្សាយទើបតែបាន ៥ ភាគក្នុងចំណោម ៣០ ភាគ។  

ជាការពិត ការមកដល់នៃបច្ចេកវិទ្យា AI បានក្លាយជាជំនួយក្នុងការបង្កើតមាតិកាថ្មីៗ ដែលជួយកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពសម្រាប់អ្នកផលិត។ ដោយឡែក បច្ចេកវិទ្យានេះក៏នាំមកនូវបញ្ហាប្រឈមថ្មីៗក្នុងការគ្រប់គ្រងគុណភាពមាតិកា រួមជាមួយការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ផងដែរ។

ទន្ទឹមគ្នានឹងការលើកទឹកចិត្តឱ្យប្រើប្រាស់ដើម្បីបង្កើនការច្នៃប្រតិដ្ឋ ប្រទេសចិនក៏បានណែនាំឱ្យផ្ដោតទៅលើស្តង់ដារមូលដ្ឋានដូចគ្នា។ ជាក់ស្ដែង វេទិកាផ្សាយមានកាតព្វកិច្ចពង្រឹងបទប្បញ្ញត្តិស្តីពីកម្មសិទ្ធិបញ្ញានៃការប្រើប្រាស់រូបភាព និងសំឡេង ហើយភាពយន្ត AI ចាំបាច់ត្រូវដាក់ស្លាកសញ្ញាសម្គាល់បញ្ជាក់ថាជាភាពយន្ត AI ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា