ចិនចេញច្បាប់បង្ក្រាបរឿងភាគខ្លីៗនិយាយពីសេដ្ឋីលង់ស្នេហ៍អ្នកក្រ ដោយយល់ថាជាការនាំអាទិ៍យុវជនឱ្យគិតភ្លើតភ្លើន​ហួសការពិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនចេញច្បាប់បង្ក្រាបរឿងភាគខ្លីៗនិយាយពីសេដ្ឋីលង់ស្នេហ៍អ្នកក្រ ដោយយល់ថាជាការនាំអាទិ៍យុវជនឱ្យគិតភ្លើតភ្លើន​ហួសការពិត

ចិនចេញច្បាប់បង្ក្រាបរឿងភាគខ្លីៗនិយាយពីសេដ្ឋីលង់ស្នេហ៍អ្នកក្រ ដោយយល់ថាជាការនាំអាទិ៍យុវជនឱ្យគិតភ្លើតភ្លើន​ហួសការពិត

ប្រទេសចិនកំពុងបង្កើនការគ្រប់គ្រងលើរឿងភាគខ្លីៗ (Micro-dramas) ជាមួយនឹងវិធានការថ្មីដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី ២ ខែឧសភា ដោយផ្តោតគោលដៅលើសាច់រឿងស្នេហារវាងអ្នកមាននិងអ្នកក្រ ឬសាច់រឿងដែលមានភាពផ្ទុយស្រឡះពីការពិតក្នុងសង្គម។

Advertisement

ផ្អែកតាមសារព័ត៌មាន Laotian Times ចំណាត់ការនេះផ្តោតលើវិស័យវីដេអូរឿងខ្លីបែបទម្រង់បញ្ឈរដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈទាក់ទាញទស្សនិកជន និងចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមានការត្រួតពិនិត្យតិចតួច។ រឿងភាគទាំងនេះមានរយៈពេលជាមធ្យមពី ១ ទៅ ៣ នាទី ត្រូវបានផលិតឡើងក្នុងតម្លៃទាប ប្រើរយៈពេលខ្លី និងចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញផ្សព្វផ្សាយដូចជា Douyin, Kuaishou, Bilibili និង Tencent QQ។

សាច់រឿង​ជារឿយៗមានលក្ខណៈបំផ្លើស ដែលភាគច្រើនគ្រោងរឿងបង្ហាញបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយអ្នកមានជីវភាពក្រីក្រ។ អាជ្ញាធរនិយាយថា ខ្លឹមសារបែបនេះអាចលើកកម្ពស់ការរំពឹងទុកហួសការពិតអំពីសេចក្តីស្នេហា ទ្រព្យសម្បត្តិ និងឋានៈសង្គម ដោយលើកទឹកចិត្តឱ្យមានការរៀបការដើម្បីទ្រព្យសម្បត្តិទើបជីវិតជោគជ័យ ការសង្កត់ធ្ងន់លើរបៀបរស់នៅបែបស៊ីវិល័យពេក ឬការផ្តោតខ្លាំងពេកលើជម្លោះគ្រួសារ។

អ្នកវិភាគក្នុងឧស្សហកម្មភាពយន្តចិនបានបង្ហាញការយល់ឃើញថា ការដែលខ្លឹមសារបែបនេះទទួលបានការពេញនិយមគឺដោយសារតែវាឆ្លើយតបនឹងបញ្ហារបស់មនុស្សសម័យថ្មី ព្រោះថាសាច់រឿងបានលើកតម្កើងក្ដីស្រមៃនិងឋានៈសង្គមរបស់តួអង្គពីលំបាកខ្លាំងទៅជាមានបានខ្លាំងក្នុងមួយប៉ប្រិចភ្នែក ជាពិសេសក្នុងអំឡុងពេលសេដ្ឋកិច្ចមិនល្អ ឬមានអត្រាអ្នកគ្មានការងារធ្វើខ្ពស់។

ទោះបីជាសេចក្តីជូនដំណឹងផ្លូវការមិនបានបញ្ជាក់ពីទំហំការពិន័យចំពោះការរំលោភបំពានក៏ដោយ ប៉ុន្តែបទប្បញ្ញត្តិបច្ចុប្បន្នតម្រូវឱ្យបណ្តាញផ្សព្វផ្សាយនានាលុបខ្លឹមសារដែលមិនគ្រប់ស្តង់ដារអនុម័ត ខណៈ​ផលិតករត្រូវតែទទួលបានអាជ្ញាប័ណ្ណមុនពេលចែកចាយ។

គួររំឭកថា កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ និយតករបានដាក់ចេញនូវតម្រូវការសម្រាប់រឿងភាគខ្លីៗទាំងអស់ត្រូវតែទទួលបានលិខិតអនុញ្ញាតចែកចាយ មុនពេលបញ្ចេញតាមអ៊ីនធឺណិត។គោលនយោបាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីតម្រង់ទិសមាតិកាអនឡាញ និងលើកកម្ពស់គុណតម្លៃដែលគាំទ្រដោយរដ្ឋ។

ចន្លោះចុងឆ្នាំ ២០២២ ដល់ដើមឆ្នាំ ២០២៣ អាជ្ញាធរបានលុបរឿងភាគខ្លីៗច្រើនជាង ២៥០០០ រឿង ស្មើនឹងជិត ១.៤ លានភាគ ចំពោះការរំលោភបំពានរួមមានការបង្ហាញខ្លឹមសារអាសអាភាស ហិង្សា ឬខ្លឹមសារដែលមានគុណភាពទាប។

នៅដើមឆ្នាំ ២០២៤ បណ្តាញផ្សព្វផ្សាយដូចជា Douyin និង Kuaishou ក៏បានលុបរឿងភាគជាច្រើន និងឃ្លីបពាក់ព័ន្ធរាប់រយទៀត ដោយសារការបំពានស្តង់ដារខ្លឹមសារ។

ប្រព័ន្ធផ្តល់អាជ្ញាប័ណ្ណថ្មីនេះ បង្ហាញពីការរឹតបន្តឹងការត្រួតពិនិត្យរយៈពេលវែងលើវិស័យកម្សាន្តដែលរីកចម្រើនលឿនបំផុតមួយរបស់ប្រទេសចិន ដោយអាជ្ញាធរបានយកចិត្តទុកដាក់កាន់តែខ្លាំងទាំងលើទំហំនៃការផលិត និងខ្លឹមសារមាតិកា ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា