រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា "កន្លែងសម្រាកថ្ងៃត្រង់" ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា "កន្លែងសម្រាកថ្ងៃត្រង់" ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា "កន្លែងសម្រាកថ្ងៃត្រង់" ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់ដ៏ប្លែកមួយដោយផ្តល់ជូនកៅអីដែលអាចតម្រេកខ្លួនបាន សម្រាប់បុគ្គលិកធ្វើការសម្រាកកាយក្នុងកំឡុងពេលសម្រាកថ្ងៃត្រង់។

ផ្អែកតាមសារព័ត៌មាន Jimu News គំនិតច្នៃប្រឌិតនេះបានផ្ដួចផ្ដើមចេញពីរោងភាពយន្ត Lumiai Cinema ក្នុងក្រុង Xian ខេត្ត Shaanxi ហើយចាប់ផ្តើមដំណើរការតាំងពីខែមេសាឆ្នាំមុន។ សេវាកម្មនេះមានតម្លៃ ៣៩,៩ យន់ (ប្រហែល ៦ ដុល្លារអាមេរិក) សម្រាប់កាតសមាជិកទោល និង ៥៩,៩ យន់ សម្រាប់កាតសមាជិកគូ។ ការជាវប្រចាំខែនេះ អនុញ្ញាតឱ្យអតិថិជនចូលសម្រាកថ្ងៃត្រង់នៅក្នុងសាលបញ្ចាំងភាពយន្តចំនួនពីរដែលបានកំណត់ នៅរៀងរាល់ថ្ងៃធ្វើការ។

អ្នកស្រី Xu ជាប្រធានគ្រប់គ្រងរោងភាពយន្តបានប្រាប់សារព័ត៌មានចិន​ថា សេវាកម្មសម្រាកថ្ងៃត្រង់នេះត្រូវបានបង្កើតឡើងដើម្បីបង្កើនអត្រាអតិថិនជនឱ្យប្រើប្រាស់សាលបញ្ចាំងកុនព្រោះចំនួនទស្សនិកជនច្រើនតែមានកម្រិតទាបនៅថ្ងៃធ្វើការ។ រោងភាពយន្តបានកំណត់យកសាលចំនួនពីរដែលមានកៅអីតម្រេកសរុបចំនួន ៧៦ កៅអី។ កៅអីទាំងនេះអាចសម្រួលដងខ្លួនឱ្យស្មើពេលគេង ដែលអនុញ្ញាតឱ្យអតិថិជនសម្រាកចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ម៉ោង ២:៣០ រសៀល។ ចំពោះសាលទាំងពីរនោះមួយជាសាល Leisure Screening Hall ដែលមានទំហំធំទូលាយ និងកៅអីតម្រេកងាយស្រួលសម្រាប់ការសម្រាក។ ចំណែកសាលមួយទៀតហៅថា Massage Seat Hall មានបំពាក់កៅអីម៉ាស៊ីនម៉ាស្សាដែលជាទូទៅបុគ្គលិករោងភាពយន្ដតែងណែនាំសម្រាប់អតិថិជនគេងស្រមុក។

បន្ថែមលើនេះរោងភាពយន្ដក៏មានផ្តល់ជូនភួយ កាហ្វេ និងភេសជ្ជៈផ្សេងៗដោយឥតគិតថ្លៃ។ ដោយឡែកសម្រាប់ឧបករណ៍បិទត្រចៀក និងរបាំងបិទភ្នែក (ប្រើម្តងចោល) ក៏មានលក់ក្នុងតម្លៃ ៥,៩ យន់ផងដែរ។ ពេលកំពុងប្រើប្រាស់សេវាកម្ម អតិថិជនត្រូវបានតម្រូវឱ្យបិទសំឡេងទូរស័ព្ទ ហើយប្រសិនបើត្រូវនិយាយទូរស័ព្ទពួកគេត្រូវតែងើបចេញទៅខាងក្រៅតំបន់សម្រាក។ សេវាកម្មនេះត្រូវបានប្រសិទ្ធនាមយ៉ាងទាក់ទាញថាផែនការដេកស្មើ (lying flat plan) ដែលស្របទៅនឹងនិន្នាការពេញនិយមនៅក្នុងប្រទេសចិន សំដៅលើការជ្រើសរើសរបៀបរស់នៅបែបសាមញ្ញរបស់ជំនាន់ក្រោយ។

យោងតាម South China Morning Post អ្នកគ្រប់គ្រងបានកត់សម្គាល់ថាក្រោយដាក់ចេញនូវគម្រោងមួយនេះ ភាគច្រើននៃកៅអីត្រូវបានប្រើប្រាស់លើសពីពាក់កណ្តាលជារៀងរាល់ថ្ងៃ។ រឿងរ៉ាវនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន ដោយអ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់បានខមមិនថា៖ «អ្នកធ្វើការពិតជាត្រូវការសេវាកម្មបែបនេះ។ តម្លៃសមរម្យ ខ្ញុំសង្ឃឹមថាវានឹងមានប្រប្រៀបពេញប្រទេស»។ អ្នកផ្សេងទៀតបានបន្ថែមថា៖ «ជាដំណោះស្រាយដ៏ច្នៃប្រឌិត! រោងភាពយន្តក៏អាចទទួលបានប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីការធ្វើបែបនេះដែរ»។

គួរបញ្ជាក់ផងដែរ ការគេងថ្ងៃត្រង់គឺជាទម្លាប់ដ៏ពេញនិយមមួយនៅក្នុងប្រទេសចិនដែលគេជឿថាមានប្រយោជន៍ចំពោះសុខភាព។ ការស្ទង់មតិមួយដែលចេញផ្សាយដោយសមាគមស្រាវជ្រាវការគេងចិន (China Sleep Research Society) កាលពីខែមីនាបានរកឃើញថាប្រជាជនចិនជាង ៧០ ភាគរយចូលចិត្តគេងថ្ងៃត្រង់យ៉ាងហោចណាស់ ៣០ នាទី៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា