ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប។

ល្បែង​នេះ​គេ​លេង​​ក្នុង​រដូវ​វស្សា តាំង​ពី​ពេល​ដាក់​បិណ្ឌ​ដល់​ថ្ងៃ​ចេញ​វស្សា ចាប់​ពី​ថ្ងៃ ១ រោច ខែ ភទ្របទ ដល់​ថ្ងៃ ១៥ កើត ខែ កត្តិក រៀងរាល់​ឆ្នាំ។ អ្នក​ស្រុក​ទាំង​នេះ​គេ​តែង​លេង​ល្បែង​នេះ​ប្លែក​ពី​ស្រុក​ឯ​ទៀត។

សម្រាប់​ការ​លេង​ល្បែង​មួយ​ប្រភេទ​នេះ​តម្រូវ​មាន​ទូក​ពីរ , ទូក ១ សម្រាប់​ដេញ (មាន​បុរស​សុទ្ធ) ហើយ​ទូក ១ ទៀត សម្រាប់​រត់​សុទ្ធ​តែ​ស្រី ទំហំ​និង​ចំណុះ​ទូក​ស្មើ​គ្នា ហើយ​ចំណុះ​មាន​​ពី ៤ ទៅ ១០ នាក់​យ៉ាង​ច្រើន។ បើ​មាន​អ្នក​លេង​ច្រើន គេ​ផ្គូ​ទូក​ជា​គូរៗ ទូក​ប្រុស ១ ទូក​ស្រី ១។

គេ​លេង​ល្បែង​មួយ​នេះ ក្នុង​ទី​ដែល​មាន​ទឹក​រាក់ៗ ជម្រៅ​ត្រឹម​ក ឬ​លិច​ក្បាល។ ពេល​ផ្ដើម​លេង អ្នក​លេង​ទាំង​ពីរ​ពួក គេ​ចុះ​ទូក​ពេញៗ ទៅ​តាម​ចំណុះ​រៀង​ខ្លួន ហើយ​ទូក​ខាង​ប្រុស​ធ្វើ​ជា​អុំ​លេងៗ ទៅ​ជិត​ទូក​ខាង​ស្រី​ដែល​ជា​គូ​នឹង​ទូក​របស់​ខ្លួន។ នៅ​ពេល​ខាង​ប្រុស​អុំ​លេងៗ​ទៅ​ជិត​ទូក​ខាង​ស្រី រួច​នាំ​គ្នា​ស្រែក​សួរ​ថា «ចោះ​ប្រមាត់?» ស្រីៗ​ជួន​កាល​ឆ្លើយ​ថា «ចោះ​ក៏​ចោះ» ជួន​កាល​ឆ្លើយ «ទេ» ជួន​កាល​ឥត​ឆ្លើយ​តប។ ឯ​ខាង​ប្រុស​ទោះ​បាន​ឭ​ពាក្យ​ថា ព្រម ឬ​មិន​ព្រម​ក្ដី ឬ​ស្ងៀម​ក្ដី ត្រូវ​ស្រែក​ព្រម​គ្នា​ថា «ដេញៗ» ឭ​តែ​ប៉ុណ្ណេះ ខាង​ស្រី​ក៏​អុំ​ទូក​រត់ ខាង​ប្រុស​ក៏​ប្រឹង​អុំ​តាម។

ការ​ដេញ​នេះ ជួន​កាល​ទាន់ ជួន​កាល​អត់​ទាន់​ស្រេច​លើ​កម្លាំង​រៀង​ខ្លួន បើ​ខាង​ប្រុស​ដេញ​ទាន់ ក៏​គេ​លោត​ទៅ​តោង​ទាញ​ទូក​ខាង​ស្រី​ឱ្យ​លិច ហែល​ព្រាតព្រោង។ ពេល​នោះ​ខាង​ស្រីៗ ឥត​មាន​ប្រកាន់​ខ្លួន គេ​ចេះ​តែ​ប្រឡែង​ប្រឡូក​គ្នា​ក្នុង​ទឹក ប្រុសៗ​ដេញ​ញិច​ស្រីៗ លុះ​អស់​ចិត្ត​ថ្លើម ហត់​រៀង​ខ្លួន ទើប​នាំ​គ្នា​ស្ដារ​ទូក​ឡើង ហើយ​អុំ​លេង​សារ​ជា​ថ្មី (កាល​ណា​ដេញ​ទាន់​ពន្លិច​បាន គេ​ញៀច​គ្នា​ជា​ថ្មី​ទៀត។

បើ​ចាប់​ផ្ដើម​លេង​នៅ​ពេល​ព្រឹក លុះ​ណា​ដល់​ពេល​បាយ បើ​លេង​ពេល​យប់ លុះ​ណា​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ ទើប​ខាង​ប្រុស​យល់​ព្រម​ឱ្យ​ខាង​ស្រីៗ​ទៅ​ផ្ទះ​រៀង​ខ្លួន។

ល្បែង​កម្សាន្ត​ដែល​ជា​ទំនៀម​របស់​អ្នក​ស្រុក​ប៉ែក​ខាង​ទន្លេសាប​គឺ​គេ​លេង​ដោយ​ស្មោះត្រង់ ឥត​មាន​ប្រកាន់​ថា​ខុស​ត្រូវ​អ្វី​ឡើយ គឺ​ដើម្បី​ភាព​រីករាយ និង​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ដែរ​ថា ល្បែង​នេះ​រាប់​ចូល​ក្នុង​ការ​ហាត់​ប្រាណ ហាត់​កម្លាំង​ឱ្យ​រាង​កាយ​ឡើង​សាច់​ដុំ​មាន​សុខភាព​ល្អ ប្រហាក់ប្រហែល​គ្នា​នឹង​កីឡា​ហែល​ទឹក​សព្វ​ថ្ងៃ៕

ប្រភព ៖ ក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា