“ទំនុកចិត្ត” មិនមែនជាចរិតពីធម្មជាតិ តែជាជំនាញដែលឪពុកម្តាយអាចបង្វឹកកូនៗបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
“ទំនុកចិត្ត” មិនមែនជាចរិតពីធម្មជាតិ តែជាជំនាញដែលឪពុកម្តាយអាចបង្វឹកកូនៗបាន

“ទំនុកចិត្ត” មិនមែនជាចរិតពីធម្មជាតិ តែជាជំនាញដែលឪពុកម្តាយអាចបង្វឹកកូនៗបាន

ភាពជឿជាក់លើខ្លួនឯងមិនមែនជារបស់ដែលក្មេងៗកើតមកមានស្រាប់នោះទេ ប៉ុន្តែវាកើតឡើងសន្សឹមៗអាស្រ័យទៅលើបទពិសោធន៍ ជំនាញ និងការគាំទ្រពីមជ្ឈដ្ឋានជុំវិញខ្លួន។ ការបណ្ដុះទំនុកចិត្តឱ្យកូនៗមិនមែនកើតឡើងតែតាមរយៈពាក្យសរសើរនោះទេ ប៉ុន្តែគឺកើតចេញពីមជ្ឈដ្ឋានជុំវិញខ្លួនដែលអំណោយផល។ ដូច្នេះ​ សូមឪពុកម្ដាយមកស្គាល់ពីវិធីសាស្ត្របង្កើតមជ្ឈដ្ឋានទាំងនេះជាមួយគ្នា។

តើទំនុកចិត្តពិតប្រាកដរបស់ក្មេងមានលក្ខណៈដូចម្តេច?

ទំនុកចិត្តមិនមែនមានន័យថា កូនត្រូវតែជាមនុស្សខ្លាំងពូកែ និយាយឮៗ ឬមិនចេះខ្លាចអ្វីនោះទេ។ ផ្ទុយមកវិញ វាគឺជាការជឿជាក់ក្នុងចិត្តថា ពួកគេអាចដោះស្រាយបញ្ហាប្រឈមបាន ដោយយល់ថាការខិតខំប្រឹងប្រែងនឹងនាំឱ្យមានការរីកចម្រើន កំហុសឆ្គងគឺជាឱកាសរៀនសូត្រ និងយល់ថាពួកគេនៅតែមានតម្លៃបើទោះបីជាលទ្ធផលចេញមកបែបណាក៏ដោយ។

សញ្ញាបញ្ជាក់ថា ក្មេងមានទំនុកចិត្ត គឺសម្ដែងតាមរយៈសកម្មភាពដូចជា មានចិត្តចង់សាកល្បងរឿងថ្មីៗ ទោះបីមិនប្រាកដចិត្តថាលទ្ធផលចេញមកបែបណា​ ចេះដោះស្រាយបញ្ហាដោយខ្លួនឯងនៅពេលខុសដោយមិនបាក់ទឹកចិត្ត ទទួលយកការសរសើរដោយទំនុកចិត្ត ដោយមិនព្យាយាមគេចវេស ឬនិយាយលេងសើច ចេះសុំជំនួយពេលត្រូវការ ហ៊ាននិយាយបង្ហាញពីតម្រូវការ និងផ្ដល់យោបល់។

ដោយឡែក សញ្ញាបញ្ជាក់ថា ក្មេងខ្វះទំនុកចិត្តមានដូចជា ចូលចិត្តនិយាយថា “ខ្ញុំធ្វើមិនបានទេ” មុនពេលសាកល្បងអ្វីថ្មីៗ គេចវេសពីបញ្ហាប្រឈម ពឹងផ្អែកខ្លាំងលើការយល់ស្របពីអ្នកដទៃ ងាយបាក់ទឹកចិត្ត និយាយទម្លាក់តម្លៃខ្លួនឯង និងងាយប្រតិកម្មខ្លាំងចំពោះការរិះគន់។

មូលហេតុដែលក្មេងខ្លះខ្វះទំនុកចិត្ត

ការខ្វះទំនុកចិត្តកើតចេញពីកត្តាច្រើនរួមបញ្ចូលគ្នា ដូចជាចរិតលក្ខណៈពីធម្មជាតិ បទពិសោធន៍ និងអ្វីដែលពួកគេទទួលបានពីមជ្ឈដ្ឋានជុំវិញខ្លួន៖

ចរិតលក្ខណៈពីធម្មជាតិ៖ ក្មេងខ្លះងាយនឹងប្រតិកម្មជាមួយនឹងភាពបរាជ័យ និងការរិះគន់ជាងក្មេងដទៃតាំងតែពីធម្មជាតិ ដែលធ្វើឱ្យដំណើរការនៃការកសាងទំនុកចិត្តត្រូវចំណាយពេលយូរ។

បញ្ហាដែលបង្កប់ក្នុងពាក្យសរសើរ៖ មនុស្សពេញវ័យជាទូទៅតែងតែសរសើរក្មេងៗដោយផ្អែកទៅលើលទ្ធផលចុងក្រោយរបស់ពួកគេ រហូតធ្វើឱ្យក្មេងៗយល់ថា តម្លៃរបស់ពួកគេគឺស្ថិតនៅលើសមត្ថភាព ឬលទ្ធផលការងាររបស់ខ្លួន។

ការពារជ្រុលហួសហេតុ៖ ម្ដាយឪពុកខ្លះព្យាយាមបញ្ចៀសឧបសគ្គពីកូនគ្រប់វិនាទី ឬសូម្បីតែពេលដែលកូនៗមានបញ្ហាម្ដាយឪពុកតែងតែដោះស្រាយជំនួស រហូតធ្វើ​ឱ្យកូនៗយល់ថា ពួកគេមិនអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង ដែលរារាំងឱកាសសាងភាពរឹងមាំរបស់ពួកគេ។

សម្ពាធសង្គម និងបច្ចេកវិទ្យា៖ ការប្រៀបធៀបខ្លួនឯងជាមួយមិត្តភក្តិនៅលើបណ្ដាញសង្គម ធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្តម្ដងបន្តិចៗ។

វិធីសាស្រ្តជួយកសាងទំនុកចិត្តដ៏រឹងមាំសម្រាប់កូនៗ

ការស្រាវជ្រាវបានបង្ហាញថា ភាពជឿជាក់ពិតប្រាកដកើតចេញពី “សមត្ថភាព” ដែលបានមកតាមរយៈការហ្វឹកហាត់ជំនាញ និងការយកឈ្នះលើឧបសគ្គ។ ដូច្នេះ ឪពុកម្ដាយអាចបណ្តុះ “ទំនុកចិត្ត” ដល់កូនៗតាមវិធីសាស្ត្រដូចជា៖

ផ្ដល់ឱកាសឱ្យកូនធ្វើអ្វីមួយឱ្យស្ទាត់ជំនាញ៖ ផ្តល់ឱកាសឱ្យកូនហ្វឹកហាត់រហូតដល់ពូកែក្នុងរឿងអ្វីមួយ ដូចជាការជិះកង់ ឬដោះស្រាយលំហាត់គណិតវិទ្យាជាដើម។ នៅពេលដែល ពួកគេជំនាញលើរឿងទាំងនោះ អាចដោះស្រាយបញ្ហាលំបាកៗបាន ពួកគេនឹងមានទំនុកចិត្ត។

ធ្វើឱ្យកូនមានផ្នត់គំនិតបែប Growth Mindset៖ ភ្ជាប់ទៅនឹងចំណុចខាងលើ សកម្មភាពទាំងនេះ ប្រៀបដូចជាការបណ្ដុះគំនិតថា ពួកគេអាចធ្វើអ្វីមួយឱ្យប្រសើរឡើងតាមរយៈការហ្វឹកហាត់។ បង្រៀនកូនរបស់អ្នកថា សមត្ថភាពអាចអភិវឌ្ឍបានតាមរយៈការខិតខំប្រឹងប្រែង និងការរៀនសូត្រពីកំហុស។

សរសើរពីការខិតខំប្រឹងប្រែង៖ ផ្តោតការសរសើរទៅលើសកម្មភាព ឬវិធីសាស្ត្រដែលកូនបានព្យាយាម មិនមែនលើលទ្ធផល ឬភាពឆ្លាតវៃតែមួយមុខនោះទេ។ ជំនួសឱ្យការសរសើរថា “កូនពូកែណាស់” សាកល្បងប្រើប្រាស់ពាក្យសរសើរដូចជា “ប៉ាម៉ាក់ឃើញថា កូនបានធ្វើរឿងនេះយ៉ាងប្រុងប្រយ័ត្ន។ ការខិតខំរបស់កូនពិតជាសមតម្លៃណាស់”។

ឱ្យកូនប្រឈមមុខនឹងបញ្ហា៖ លើកទឹកចិត្តឱ្យកូនសាកល្បងធ្វើអ្វីថ្មីៗដែលពួកគេអាចនឹងភ័យខ្លាច ដូចជាការលើកទឹកចិត្តឱ្យលើកដៃឆ្លើយសំណួរក្នុងថ្នាក់ ឬការនិយាយរកមិត្តថ្មីជាដើម។

ទុកឱ្យកូនមានពេលដោះស្រាយបញ្ហាដោយខ្លួនឯង៖ មុននឹងរត់ទៅជួយកូន សូមផ្តល់ឱកាសឱ្យពួកគេបានព្យាយាមគិត ឬធ្វើដោយខ្លួនឯងជាមុនសិន។ ការនិយាយលើកទឹកចិត្តដូចជា “ម៉ាក់ប៉ាជឿជាក់ថា កូននឹងអាចធ្វើវាបាន។ បើមានអ្វីឱ្យជួយ ប៉ាម៉ាក់នៅទីនេះ” ក៏ជាកត្តាជំរុញទំនុកចិត្តបានដែរ។

បង្ហាញភាពមិនល្អឥតខ្ចោះរបស់អ្នក៖ បង្ហាញឱ្យកូនឃើញថា សូម្បីតែឪពុកម្តាយក៏ចេះធ្វើខុស និងចេះកែតម្រូវដែរ ដើម្បីឱ្យពួកគេយល់ថា មនុស្សដែលមានទំនុកចិត្តមិនមែនជាមនុស្សល្អឥតខ្ចោះទេ ពួកគេក៏ចេះខុសដូចគ្នា។  

ផ្តល់ទំនួលខុសត្រូវពិតប្រាកដ៖ ឱ្យកូនធ្វើការងារសមស្របតាមអាយុ ដូចជាការរៀបចំកាតាប ការជួយធ្វើម្ហូបអាហារ ឬការមើលថែសត្វចិញ្ចឹម ដើម្បីឱ្យពួកគេមានអារម្មណ៍ថា ខ្លួនពិតជាមានសមត្ថភាព៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា