CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង «កម្មវិធីផ្គូផ្គងមូលនិធិគាំទ្រការផ្សព្វផ្សាយព្រឹត្តិការណ៍នៅប្រទេសកម្ពុជា»។


ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​នេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កេរ្តិ៍ឈ្មោះ​នៃ​ឧស្សាហកម្ម​ច្នៃ​ប្រតិដ្ឋ វប្បធម៌ និង​ភាពយន្ត​របស់​កម្ពុជា​ឲ្យ​កាន់តែ​លេចធ្លោ​នៅលើឆាកអន្តរជាតិ។ ពិធី​ចុះ​ហត្ថលេខា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល CTB នៅ​ភ្នំពេញ ដោយ​មាន​ការ ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​របស់ CTB និង CSFF ព្រមទាំង អ្នក​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​សំខាន់​ៗ និង​ភ្ញៀវ​ជាច្រើន​រូប។
កម្មវិធី​នេះមានរួមបញ្ចូល​ការ​ថ្លែងសុន្ទរកថា​ជាផ្លូវការ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និង ការ​ចាក់​បញ្ចាំង​ជាពិសេស​នូវ​ភាពយន្តខ្លីរបស់កម្ពុជា និងចិន ដែល​ទទួល​បាន​ជយលាភី​ពី​មហោស្រព CSFF ឆ្នាំ ២០២៥ កន្លងទៅ។ យោងតាម​កម្មវិធី​ផ្គូផ្គង​មូលនិធិ​គាំទ្រ​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នៅ​កម្ពុជា​នេះ CTB នឹង​គាំទ្រ​ដល់​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​សាធារណៈ​អន្តរជាតិ​របស់ CSFF។ គំនិត​ផ្ដួចផ្ដើម​នេះ​មាន​គោលបំណង​ពង្រីក​វិសាលភាព​របស់​មហោស្រព​នៅ​ក្នុង​តំបន់ ដោយ មិន​ត្រឹមតែ​បង្ហាញ​កម្ពុជា ថា​ជា​មជ្ឈមណ្ឌល​ដ៏​រស់រវើក សម្រាប់​ស្នាដៃ​សិល្បៈ​និទាន​រឿង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍វប្បធម៌ដ៏លេចធ្លោមួយផងដែរ។


នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បាន​ប្រសាសន៍ថា៖ «ទេសចរណ៍ភាពយន្ត គឺជាយុទ្ធសាស្ត្រអាទិភាព B2C ដ៏សំខាន់មួយរបស់ CTB ពីព្រោះភាពយន្តជាឧបករណ៍ផ្សព្វផ្សាយដ៏មានឥទ្ធិពលមួយ ដែលអាចផ្សារភ្ជាប់អារម្មណ៍ និង​ក្តី​ស្រឡាញ់​មនុស្ស​ទៅ​កន្លែង​ណា​មួយ​តាម​សាច់​រឿង និងទេសភាពស្រស់ស្អាតក្នុងភាពយន្តនោះ។ លោក គឹម មិនា បន្ថែម​ទៀត​ថា៖ « CSFF ដែលមានកម្មវិធី​ចាក់​បញ្ចាំង​ភាពយន្តខ្លី​រយៈពេល​មួយ​សប្ដាហ៍​នៅ​ទូទាំង​ភ្នំពេញ មាន​សក្តានុពល​ជា​វេទិកា​តំបន់​យ៉ាង​សំខាន់​សម្រាប់​ផ្លាស់ប្តូរ​គំនិត​ច្នៃ​ប្រតិដ្ឋ និង​ការ​ទាក់ទាញ​ទស្សនិកជន​ដែលស្រឡាញ់វិស័យភាពយន្ត និង​អ្នកទេសចរ ឲ្យ​មក​ជួប​បទពិសោធន៍​ផ្ទាល់​នៅ​កម្ពុជា។
ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លោក ស៊ុំ ស៊ីថែន បានបន្ថែមថា CSFF ភាព​ជាដៃគូនេះ គឺជា​ការ​បោះជំហាន​ដ៏​សំខាន់​មួយ ពីមហោស្រពដែលទទួលបានការគាំទ្រតែក្នុងស្រុក ទៅ​ជា​វេទិកា​វប្បធម៌ ដែល​មាន​ទំនាក់ទំនង​ជា​អន្តរជាតិ។ ការ​ពង្រីក​ទីផ្សារ​ទៅកាន់​អន្តរជាតិ នឹង​អនុញ្ញាត​ឲ្យ​បង្ហាញ​ពី​សមត្ថភាព​សមិទ្ធិករ​ភាពយន្ត​កំពុង​រះ​របស់​កម្ពុជា ទៅ​កាន់​ទស្សនិកជន​កាន់តែ​ទូលំទូលាយ ទន្ទឹមនឹងការអញ្ជើញសមិទ្ធិករភាពយន្ត និងអ្នកស្នេហាវិស័យភាពយន្តក្នុងតំបន់​ឲ្យ​មក ស្វែង​យល់​ពី​កម្ពុជា។ លោក​បាន​បន្ត​ថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ CTB ដែលបានមើលឃើញពីសក្តានុពល សេដ្ឋកិច្ច និងទេសចរណ៍ នៃព្រឹត្តិការណ៍ច្នៃប្រតិដ្ឋប្រចាំឆ្នាំ ដូចជាមហោស្រពCSFF នេះ”៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា