Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។

Advertisement

វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី Trump បានផ្ដល់នូវព្រំដែនដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រ”។

ក្រោយមក Grande ក៏បានចូលទៅបញ្ចេញមតិ (Comment) លើការបង្ហោះនោះថា៖ “សូមមេត្តាកុំប្រើប្រាស់តន្ត្រីរបស់ខ្ញុំ ពាក់ព័ន្ធនឹងរឿងសមគំនិតដ៏សាហាវយង់ឃ្នង អមនុស្សធម៌ និងគួរឱ្យខ្ពើមរអើមទាំងនេះអី”។

អ្នកនាំពាក្យសេតវិមាន លោកស្រី Abigail Jackson បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា៖ “អ្វីដែលសាហាវយង់ឃ្នង អមនុស្សធម៌ និងគួរឱ្យខ្ពើមរអើមពិតប្រាកដនោះ គឺជនបរទេសខុសច្បាប់ដែលជាឧក្រិដ្ឋជន ដែលបានធ្វើឱ្យរបួស និងសម្លាប់ពលរដ្ឋអាមេរិកដ៏ស្លូតត្រង់”។

វីដេអូរបស់សេតវិមាននេះ បានលេចឡើងបន្ទាប់ពីលោក Donald Trump បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់អនុម័តកញ្ចប់ថវិកាជាង ៧០ ប៊ីលានដុល្លារសម្រាប់ភ្នាក់ងារអន្តោប្រវេសន៍ ក្នុងរយៈពេល ២ ឆ្នាំកន្លះដែលនៅសេសសល់នៃអាណត្តិប្រធានាធិបតីរបស់លោក។

ក្នុងវីដេអូនោះ បង្ហាញពីមន្ត្រីកំពុងដាក់ខ្នោះដៃលើមនុស្សជាច្រើន មុនបញ្ជូនពួកគេឡើងឡាន រួចនាំទៅកាន់មជ្ឈមណ្ឌលឃុំឃាំង។

បន្ទាប់ពី Grande បានឆ្លើយតបទៅនឹងការបង្ហោះនោះ វីដេអូក៏ត្រូវបានបិទសំឡេង ហើយមតិរបស់នាងក៏ត្រូវបានលុបចោល។ អ្នកប្រើប្រាស់ជាច្រើនបានបញ្ចេញមតិបន្តបន្ទាប់ ដោយកត់សម្គាល់ថា មតិរបស់ Grande បានបាត់ ហើយសំឡេងវីដេអូក៏ត្រូវបានបិទ។

គួរបញ្ជាក់ថា តារាសម្ដែងក្នុងរឿង “Wicked” រូបនេះ បានក្លាយជាសិល្បករម្នាក់ទៀតក្នុងចំណោមបញ្ជីសិល្បករជាច្រើនដែលបានទាមទារកុំឱ្យក្រុមការងាររបស់លោក Trump ប្រើប្រាស់តន្ត្រីរបស់ពួកគេ ដើម្បីផ្សព្វផ្សាយរបៀបវារៈគោលនយោបាយរបស់ប្រធានាធិបតីឡើយ។

កាលពីឆ្នាំមុន Sabrina Carpenter ក៏បានសរសេរថា៖ “កុំយកខ្ញុំ ឬតន្ត្រីរបស់ខ្ញុំទៅពាក់ព័ន្ធដើម្បីបម្រើរបៀបវារៈអមនុស្សធម៌របស់អ្នកឱ្យសោះ” បន្ទាប់ពីឃ្លីបវីដេអូរបស់សេតវិមានបានប្រើប្រាស់ផ្នែកខ្លះនៃបទចម្រៀង “Juno” ឆ្នាំ ២០២៤ របស់នាង ក្នុងវីដេអូបង្ហាញពីប្រតិបត្តិការរបស់ទីភ្នាក់ងារ ICE។

ក្រុម ABBA, Céline Dion និង Beyoncé ក៏ស្ថិតក្នុងចំណោមអ្នកដែលបានទទូចហាមមិនឱ្យយុទ្ធនាការរបស់លោក Trump ប្រើប្រាស់តន្ត្រីរបស់ពួកគេដែរ ក្នុងអំឡុងពេលនៃការប្រកួតប្រជែងបោះឆ្នោតឡើងវិញក្នុងឆ្នាំ ២០២៤ រួមទាំងនៅក្នុងការជួបជុំឃោសនានានាផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា