ទស្សនៈអប់រំ៖ កុំទម្លាប់ថែមគ្រឿងក្នុងចានអ្នកដទៃ ព្រោះអ្វីដែលឆ្ងាញ់សម្រាប់យើងអាចមិនមែនរសជាតិដែលគេចូលចិត្តទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទស្សនៈអប់រំ៖ កុំទម្លាប់ថែមគ្រឿងក្នុងចានអ្នកដទៃ ព្រោះអ្វីដែលឆ្ងាញ់សម្រាប់យើងអាចមិនមែនរសជាតិដែលគេចូលចិត្តទេ

ទស្សនៈអប់រំ៖ កុំទម្លាប់ថែមគ្រឿងក្នុងចានអ្នកដទៃ ព្រោះអ្វីដែលឆ្ងាញ់សម្រាប់យើងអាចមិនមែនរសជាតិដែលគេចូលចិត្តទេ

មនុស្សយើងម្នាក់ៗមាន “រសជាតិ” នៃការរស់នៅមិនដូចគ្នាទេ

Advertisement
  • អ្នកខ្លះចូលចិត្តរៀបចំផែនការទុកមុនគ្រប់យ៉ាង អ្នកខ្លះចូលចិត្តបណ្តោយជីវិតឱ្យទៅតាមដំណើររបស់វា។
  • អ្នកខ្លះចូលចិត្តនិយាយត្រង់ៗ អ្នកខ្លះរើសយកការលាក់ទុកអារម្មណ៍ក្នុងខ្លួនជាមុនសិន។
  • អ្នកខ្លះភ្ញាក់ពីព្រលឹមហើយមានកម្លាំងខណៈដែលអ្នកខ្លះគិតការងារបានល្អបំផុតនៅពេលយប់ជ្រៅ។

យ៉ាងណាមិញ បញ្ហាមិនសូវកើតឡើងពីភាពខុសគ្នានោះទេ ប៉ុន្តែបញ្ហាតែងតែកើតឡើង នៅពេលដែលយើងភ្លេចខ្លួនយក “គ្រឿងទេស” របស់ខ្លួនឯង ទៅដាក់ក្នុងចានរបស់អ្នកដទៃ។

ហេតុអ្វីបានជាយើងចូលចិត្ត “ផ្សំគ្រឿង” ជីវិតអ្នកដទៃ?

ក្នុងផ្នែកចិត្តសាស្ត្រ មានគោលគំនិតមួយហៅថា False Consensus Effect ដែលពន្យល់ថា មនុស្សយើងតែងតែភ្លេចខ្លួនគិតថា ជំនឿ វិធីគិត ឬការសម្រេចចិត្តរបស់ខ្លួនឯង គឺជាអ្វីដែលមនុស្សភាគច្រើនក៏អាចនឹងយល់ឃើញស្របតាមដែរ។

នោះហើយជាមូលហេតុដែលធ្វើឱ្យយើងចូលចិត្តណែនាំ ចូលចិត្តដោះស្រាយ ឬពេលខ្លះក៏ភ្លេចខ្លួនទៅកាត់សេចក្ដីអ្នកដទៃ ទាំងដែលគេមិនបានសុំសោះ។

យោបល់ល្អបំផុត មិនមែនជាយោបល់ដែលយើងចង់និយាយនោះទេ

ជារឿយៗ នៅពេលដែលមានអ្នកមករកប្រឹក្សាយោបល់ គឺពួកគេមិនបានត្រូវការអ្នកមកដោះស្រាយបញ្ហាឱ្យនោះទេ តែគ្រាន់តែចង់បានអ្នកស្តាប់ប៉ុណ្ណោះ។

ប៉ុន្តែយើងបែរជារីករាយនឹងប្រញាប់ប្រញាល់ជូនរូបមន្តជីវិតផ្ទាល់ខ្លួនឱ្យភ្លាមៗ ព្រោះគិតថាបើសិនជាវាប្រើបានសម្រាប់យើង វាក៏គួរតែប្រើបានសម្រាប់គេដែរ ទាំងដែលបរិបទ បទពិសោធន៍ និងគោលដៅរបស់មនុស្សម្នាក់ៗ មិនដែលដូចគ្នាឡើយ។

បំណងល្អ…ក៏អាចប្រែក្លាយជាសម្ពាធបានដែរ

ប្រយោគដូចជា “ខ្ញុំមានបំណងល្អ” តែងមកជាមួយយោបល់ដែលភាគីម្ខាងទៀតមិនបានស្នើសុំ។ ពិសេសក្នុងទំនាក់ទំនងដែលជិតស្និទ្ធ ពេលខ្លះយើងក៏ភ្លេចខ្លួនចូលទៅគ្រប់គ្រងជីវិតភាគីម្ខាងទៀត រហូតដល់គេមានអារម្មណ៍ថា ខ្លួនកំពុងត្រូវបានគេបញ្ជា ជាងត្រូវបានព្រួយបារម្ភ។

បំណងល្អមានតម្លៃជានិច្ច ប៉ុន្តែវានឹងមានតម្លៃជាងនេះ ប្រសិនបើភាគីម្ខាងទៀតនៅតែមានអារម្មណ៍ថាខ្លួនឯងគឺជាអ្នកជ្រើសរើសផ្លូវជីវិតខ្លួនឯងបាន។

ការគោរពភាពខុសគ្នា…មិនមែនមានន័យថាយល់ស្របគ្រប់រឿងទេ

ការមិនចូលទៅផ្សំគ្រឿងគុយទាវក្នុងចានរបស់អ្នកដទៃ មិនមែនមានន័យថាយើងត្រូវតែយល់ស្របនឹងរាល់ការសម្រេចចិត្តរបស់គេនោះទេ ប៉ុន្តែវាគឺជាការទទួលស្គាល់ថា មនុស្សគ្រប់រូបមានសិទ្ធិជ្រើសរើស “រសជាតិ” ជីវិតរបស់ខ្លួនឯង និងរៀនសូត្រពីលទ្ធផលនៃការជ្រើសរើសនោះ។

មេរៀនខ្លះ ទោះបីជាយើងនិយាយរាប់រយដងក៏ដោយ ក៏គេប្រហែលជាមិនយល់ដែរ ប៉ុន្តែនៅពេលដែលបានរៀនសូត្រដោយខ្លួនឯងត្រឹមតែមួយដង គេអាចនឹងចងចាំវាអស់មួយជីវិត។

វិធី ៣ យ៉ាងដើម្បីឈប់ “ថែមគ្រឿង” ឱ្យជីវិតអ្នកដទៃ

  • សួរគេមុនសិនថា តើគេចង់បាន “យោបល់” ឬត្រឹមតែ “អ្នកស្តាប់”? ពេលខ្លះ ការស្តាប់ដោយមិនប្រញាប់កែតម្រូវ គឺជាអ្វីដែលភាគីម្ខាងទៀតត្រូវការខ្លាំងបំផុត។
  • បែងចែកឱ្យដាច់រវាង អ្វីជាការពិត និងអ្វីជាចំណង់ចំណូលចិត្តរបស់យើង ព្រោះរឿងជាច្រើនមិនមានចម្លើយដែលត្រូវបំផុតនោះទេ មានតែចម្លើយដែលស័ក្តិសមសម្រាប់មនុស្សម្នាក់ៗប៉ុណ្ណោះ។
  • គោរពសិទ្ធិក្នុងការជ្រើសរើសរបស់អ្នកដទៃ ទោះបីជាចុងក្រោយគេជ្រើសរើសមិនដូចយើងក៏ដោយ ព្រោះការរីកចម្រើនពិតប្រាកដ តែងតែកើតចេញពីការសម្រេចចិត្តរបស់ខ្លួនឯង មិនមែនការរស់នៅតាមចម្លើយរបស់អ្នកដទៃនោះទេ។

ត្រូវទទួលស្គាល់ថា…គុយទាវដែលឆ្ងាញ់បំផុត គឺគុយទាវដែលម្ចាស់ខ្លួនគេបានជ្រើសរើសផ្សំគ្រឿងដោយខ្លួនឯង ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា