មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (Soft Diplomacy) ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​មិត្តភាព វប្បធម៌ និង​មនុស្សធម៌​រវាង​ប្រទេស​ទាំង២។

សម្រាប់​ថ្មី​ៗ​នេះ នៅ​ពេល​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់លោក អេម៉ានុយអែល ម៉ាក្រុង មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង ភរិយា​របស់​ប្រធានាធិបតី​បារាំង ក៏​បាន​ចូលរួម​សកម្មភាព​ជាច្រើន​ផង​ដែរ ដោយ​​លោក​ស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បាន​ទៅទី​កន្លែង​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជាច្រើន មិនចាញ់ស្វាមីឡើយ។ ក្រោយចុះពីលើយន្តហោះភ្លាម​ថ្នាក់ដឹកនាំកំពូលរបស់បារាំង បានជួបជាមួយ​នាយករដ្ឋមន្រ្តីកម្ពុជាភ្លាម បន្ទាប់មក First lady និង​ប្រធានាធិបតី​បារាំង បាន​ដើរ​កម្សាន្ត​ពី​មុខ​វាំង រហូត​ដល់​មុខ​ណាហ្គា​ឯណោះ (១៤.១១.២០២៦)។

ចូល​មក​ដល់​កម្មវិធី​ព្រឹក​ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ First lady និង​ស្វាមី ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជា ស្ដេច​សព្វ​ព្រះរាជហឫទ័យ រៀបចំ​ព្រះ​រាជពិធី​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវ​រដ្ឋ​ជូន នៅ​ព្រះ​បរមរាជវាំង។

ចូល​មក​ដល់​រសៀល​ថ្ងៃ ១៥ ខែ​វិច្ឆិកា ២០២៦ លោក​ស្រី ម៉ាក្រុង ត្រូវ​បាន​អញ្ជើញ​ទស្សនា​ពិព័រណ៍ និង​ការ​តាំង​បង្ហាញ​ស្តង់​នានា ហើយ​មាន​ការ​ចូលរួម​ប៉ាក់​ស្បៃ​ខ្មែរ នៅ​ភូមិ​ហ្វ្រង់កូហ្វូនី ដែល​ជា​ព្រឹត្តិការណ៍​អម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើកទី២០ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ។

ល្ងាច​ថ្ងៃ​អាទិត្យ ទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ដដែល​នោះ ភរិយា​ប្រធានាធិបតី​បារាំង Emmanuel Macron គឺ​លោកស្រី Brigitte Macron បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​វត្តភ្នំ។

នា​ពេល​រាត្រី​ថ្ងៃ ខែ ​ឆ្នាំ​ដដែល លោកស្រី Brigitte Macron បាន​អម​ដំណើរ​ស្វាមី​ចូលរួម​ពិធី​លៀង​សាយភោជន នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ជាមួយ​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ក្នុង​ប្រទេស ព្រម​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់ ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើក​ទី​២០ ដោយ​ទស្សនា​ការ​សម្ដែង​សិល្បៈ​ វប្បធម៌​សម្បូរបែប​របស់​កម្ពុជា។ បន្ទាប់​មក​ប្រធានាធិបតី​បារាំង Emmanuel Macron លោកស្រី Brigitte Macron បាន​ផ្ដល់​កិត្តិយស​ថតរូប​អនុស្សាវរីយ​ជាមួយ​ក្រុម​សិល្បករ​ទាំងអស់។

ឈាន​មក​ដល់​ថ្ងៃ​ថ្មី ​ថ្ងៃ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ First lady របស់​ប្រធានាធិបតី​បារាំង អញ្ជើញ​ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហ្លួងយាយទួត និង​អញ្ជើញ​ទស្សនា​ព្រះបរមរាជវាំង​ចតុមុខ​មង្គល ពិសេស​ទស្សនា​ប្រាសាទ​ណាប៉ូឡេអុង។ បន្ទាប់​ពី​នោះ លោកស្រី ព្រម​ភរិយា​ថ្នាក់​ដឹក​នាំ​កំពូល និង​តំណាង​ប្រទេស​នានា ទៅ​ទស្សនា​សារមន្ទីរ​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវីរ​ក្សត្រ ព្រះ​វររាជ​បិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ។

នៅ​ព្រឹក​ថ្ងៃ​ដដែល លោក​ស្រី ប្រ៊ីហ្សីត ម៉ាក្រុង បាន​ធ្វើ​ទស្សនកិច្ច​អង្គការ PSE (ដើម្បី​ភាព​ញញឹម​នៃ​កុមារ) ដែល​អង្គការ​នេះ​ផ្តួចផ្តើម​បង្កើតឡើងដោយស្វាមីភរិយាជនជាតិបារាំងពីររូប។

នា​រសៀល​បន្តិច លោក​ស្រី ប្រ៊ីហ្សីត ម៉ាក្រុង និង​ស្វាមី បាន​ឡើង​យន្តហោះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​រួម​ខេត្ត​សៀមរាប ដើម្បី​អញ្ជើញ​សម្ពោធ​ប្រាសាទមេបុណ្យខាងលិចជាផ្លូវការ ក្រោយ​ការ​ជួសជុល​រយៈពេល ១៤ ឆ្នាំ។

បន្ទាប់​ពី​​សម្ពោធ​ប្រាសាទមេបុណ្យខាងលិចជា លោក ម៉ាក្រុង និង​ភរិយា​បាន​ឆ្លៀត​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ពេល​ព្រលប់ មុន​ត្រឡប់​ទៅ​កាន់​ប្រទេស​បារាំង​វិញ​ទាំង​យប់៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា