សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា បានធ្លាក់ចុះយ៉ាងគំហុក ៤៥.៦ ភាគរយ ស្ថិតនៅក្នុងកម្រិតទាបបំផុត។

ទិន្នន័យចុងក្រោយបង្អស់ពី Adzuna បានបង្ហាញថា កាលពីខែ កក្កដា កន្លងទៅ គេហទំព័រស្វែងរកការងារនេះបានផ្សព្វផ្សាយការងារសម្រាប់និស្សិតបញ្ចប់ការសិក្សាចំនួន ៨ ៣៨៣ កន្លែង ដែលថយចុះ ៤៥.៦ ភាគរយ បើធៀបនឹងឆ្នាំមុន។ តួលេខនេះ គឺជាកម្រិតទាបបំផុតចាប់តាំងពី Adzuna បានចាប់ផ្តើមតាមដានឱកាសការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០១៦។

ហេតុនេះ បានធ្វើឱ្យចំនួនបេក្ខជនប្រកួតប្រជែងដណ្តើមយកតំណែងការងារនីមួយៗក៏បានកើនឡើងដូចគ្នា ដោយមានបេក្ខជនជាមធ្យម ២.១៤ នាក់សម្រាប់ការងារមួយកន្លែង បើធៀបនឹង ១.៩៣ នាក់កាលពីឆ្នាំមុន។

លោក Andrew Hunter សហស្ថាបនិកនៃ Adzuna បានប្រាប់សារព័ត៌មាន The Guardian ថា៖ “តួលេខក្នុងខែ កក្កដា នេះ គឺជាការដើរថយក្រោយ មិនមែនជាការប្រែប្រួលបណ្តោះអាសន្ននោះទេ”។

តួលេខទាំងនេះបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារការងារសម្រាប់និស្សិតបញ្ចប់ការសិក្សា បើប្រៀបធៀបទៅនឹងទសវត្សរ៍មុន។ យោងតាមសារព័ត៌មាន The Guardian ក្នុងឆ្នាំ ២០១៧ ធ្លាប់មានតំណែងការងារសម្រាប់និស្សិតបញ្ចប់ការសិក្សារហូតដល់ទៅ ៥៥ ០០០ កន្លែង។

យោងតាមសារព័ត៌មាន BBC ទីផ្សារការងារដែលធ្លាក់ចុះនេះ បានបង្កើតឱ្យមានការព្រួយបារម្ភអំពីអនាគតរបស់យុវជនដែលទើបតែចូលធ្វើការ ដោយសារតួនាទីកម្រិតដំបូងមួយចំនួន ឬហៅថា Entry-level កំពុងរងផលប៉ះពាល់កាន់តែខ្លាំងពីប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ក្រុមហ៊ុន និងអាជីវកម្មនានាក៏បានគិតគូរកាន់តែខ្លាំងក្នុងការជ្រើសរើសបុគ្គលិក ដោយសារតែកំណើនឡើងនៃប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួលអប្បបរមា។ ហេតុដូច្នេះ ទើបក្រុមហ៊ុនមួយចំនួនកំពុងបង្វែរថវិកាវិនិយោគទៅលើឧបករណ៍ស្វ័យប្រវត្តិកម្ម និង AI ជំនួសឱ្យការបង្កើនចំនួនបុគ្គលិក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា