អាជីវកម្មគ្រួសារ VS ការងារដែលចូលចិត្ត៖ នៅពេលជីវិតដើរដល់ផ្លូវត្រូវជ្រើសរើស តើគួរសម្រេចចិត្តយ៉ាងណា? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជីវកម្មគ្រួសារ VS ការងារដែលចូលចិត្ត៖ នៅពេលជីវិតដើរដល់ផ្លូវត្រូវជ្រើសរើស តើគួរសម្រេចចិត្តយ៉ាងណា?

អាជីវកម្មគ្រួសារ VS ការងារដែលចូលចិត្ត៖ នៅពេលជីវិតដើរដល់ផ្លូវត្រូវជ្រើសរើស តើគួរសម្រេចចិត្តយ៉ាងណា?

ការសម្រេចចិត្តជ្រើសរើសផ្លូវជីវិតមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសនៅពេលនិយាយអំពីការងារ គឺរឹតតែត្រូវគិតគូរឱ្យបានហ្មត់ចត់។ ក៏ប៉ុន្តែវាប្រហែលជាកាន់តែលំបាក នៅពេលដែលអ្នកត្រូវជ្រើសរើសរវាងការត្រឡប់ទៅធ្វើអាជីវកម្មគ្រួសារ ឬបន្តធ្វើការងារដែលខ្លួនស្រឡាញ់។ ម្ខាងជាគ្រួសារ ឯម្ខាងទៀតគឺក្ដីសុបិនរបស់ខ្លួន ពេលដើរដល់ផ្លូវបំបែកនេះ តើគួរជ្រើសរើសមួយណា?

Advertisement

កន្លងមក អ្នកអាចនឹងធ្លាប់បានឮគេនិយាយថា ការបន្តធ្វើអាជីវកម្មរបស់គ្រួសារយ៉ាងណាក៏ជារឿងល្អ និងមានស្ថេរភាពជាង ព្រោះមានឱកាសអាចសាកល្បង ទោះខុសឬត្រូវក៏មានគ្រួសាររង់ចាំជ្រោមជ្រែងនៅខាងក្រោយ។ ក៏ប៉ុន្តែការពិតអាចមិនស្រួលដល់កម្រិតនោះទេ ព្រោះអ្នកត្រូវធ្វើការតាមការរំពឹងទុករបស់អ្នកផ្ទះ ហើយអ្វីដែលសំខាន់នោះ ការងារនោះអាចមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកក៏ថាបាន។

ផ្ទុយទៅវិញ ការងារដែលអ្នកកំពុងតែធ្វើជាប្រចាំថ្ងៃនេះ ក៏អាចនឹងមិនអាក្រក់ណាស់ណាដែរ ព្រោះអ្នកមិនចាំបាច់បារម្ភរឿងចំណេញឬខាត យ៉ាងណាៗចុងខែក៏មានប្រាក់ខែចូលហោប៉ៅ ហើយថែមទាំងមានពេលអាចធ្វើអ្វីដែលខ្លួនចាប់អារម្មណ៍បានទៀតផង។ ក៏ប៉ុន្តែការធ្វើការងារដែលមានការប្រកួតប្រជែងខ្ពស់ ជាមួយនឹងយុគសម័យដែលផ្លាស់ប្ដូរមិនប្រាកដប្រជា អ្នកប្រហែលជាត្រូវប្រឈមមុខនឹងការបញ្ឈប់ពីការងារនៅថ្ងៃណាមួយក៏មិនដឹង។

ការជ្រើសរើសការងារ គឺជាការសម្រេចចិត្តដ៏សំខាន់មួយក្នុងជីវិត ព្រោះអ្នកត្រូវចំណាយពេលវេលាដល់ទៅ ១ ភាគ ៣ នៃជីវិតទៅលើវា។ ជារឿយៗ ការងារនេះហើយក៏ជាកម្លាំងមួយដែលជួយរុញអ្នកឱ្យតស៊ូក្នុងជីវិតទៅមុខដូចគ្នា ព្រោះបើការងារជោគជ័យ ជីវិតអ្នកក៏រីករាយ តែបើការងារជួបឧបសគ្គ ជីវិតរបស់អ្នកក៏ស្មុគស្មាញដូចគ្នា។

យ៉ាងណាមិញ បើសួរថា តើការជ្រើសរើសផ្លូវមួយណាទើបជាជម្រើសដែលល្អបំផុត? ប្រហែលជាគ្មាននរណាអាចឆ្លើយបានល្អជាងខ្លួនឯងនោះទេ។ The fbcg ដែលជាក្រុមហ៊ុនផ្តល់ការប្រឹក្សាលើអាជីវកម្មគ្រួសារ បានណែនាំឱ្យអ្នកដែលកំពុងតែស្ថិតនៅផ្លូវបំបែកនេះ គួរចោទសួរខ្លួនឯងនូវ ៧ សំណួរខាងក្រោម ដើម្បីជាជំនួយក្នុងការសម្រេចចិត្តឱ្យកាន់តែងាយស្រួល៖

១.​ តើអ្វីដែលអ្នកចាប់អារម្មណ៍ខ្លាំងបំផុត? មិនត្រឹមតែការងារនោះទេ ប៉ុន្តែរាប់ទាំងសកម្មភាពដែលធ្វើឱ្យអ្នករីករាយបំផុត។​

២. តើចន្លោះពេលណាដែលអ្នកមានអារម្មណ៍ថាខ្លួនឯងធ្វើបានល្អបំផុត? ហើយអ្វីដែលធ្វើឱ្យអ្នកមានមោទកភាពបំផុត?

៣. តើចន្លោះពេលណាដែលអ្នកមានអារម្មណ៍ថាពិបាកបំផុត? បើចម្លើយគឺការចំណាយពេលយូរជាមួយគ្រួសារ ឬការចូលទៅជួយការងាររបស់គ្រួសារ នោះអាចជាសញ្ញាដែលបញ្ជាក់ថា អាជីវកម្មគ្រួសារអាចមិនមែនជាជម្រើសល្អប៉ុន្មានទេ។

៤. តើជីវិតនេះអ្នកកំណត់និយមន័យនៃពាក្យថា “ជោគជ័យ” សម្រាប់ខ្លួនឯងយ៉ាងដូចម្តេច?

៥. ប្រសិនបើអាចធ្វើអ្វីក៏បាននៅលើពិភពលោកនេះដោយមិនមានកត្តាផ្សេងៗមកលាយឡំ តើអ្នកនឹងជ្រើសរើសធ្វើអ្វី?

៦. ប្រសិនបើគ្រប់យ៉ាងមិនទៅតាមការតាំងចិត្ត តើអ្នកប្រឈមមុខជាមួយនឹងគ្រួសារយ៉ាងដូចម្ដេច?

៧. តើអ្វីជាហេតុផលពិតប្រាកដដែលធ្វើឱ្យអ្នកចង់បន្តធ្វើអាជីវកម្មរបស់គ្រួសារ?

បន្ទាប់ពីឆ្លើយសំណួរទាំងអស់នេះហើយ សាកល្បងសង្កេតមើលចម្លើយថា តើអ្នកនឹងមានក្ដីសុខជាមួយនឹងជម្រើសណាខ្លាំងបំផុត? ជម្រើសនោះអាចជាចម្លើយដែលសមស្របបំផុតសម្រាប់អ្នកនៅពេលនេះក៏ថាបាន។

យ៉ាងណាមិញ សូមចងចាំថា ប្រហែលជាគ្មានចម្លើយណាដែលត្រឹមត្រូវរហូតនោះទេ។ យ៉ាងហោចណាស់នាពេលនេះ ចម្លើយទាំងនោះក៏អាចជួយឱ្យអ្នកបានស្គាល់ខ្លួនឯងកាន់តែច្បាស់ថា អ្វីជាចំណុចសំខាន់នៅក្នុងជីវិតរបស់អ្នក។ បើទោះបីជាថ្ងៃក្រោយគ្រប់យ៉ាងមិនបានដូចការរំពឹងទុក ក៏កុំភ្លេចមានមោទកភាពលើខ្លួនឯងដែលបានជ្រើសរើសជម្រើសដែលល្អបំផុតសម្រាប់ខ្លួនឯងនៅពេលវេលានេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា