បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវដែនកំណត់អាយុបែបនេះ។

Advertisement

មុនប្រទេសបារាំង ប្រទេសអូស្ត្រាលីបានបង្កើតប្រវត្តិសាស្ត្រកាលពីចុងឆ្នាំមុន នៅពេលដែលខ្លួនបានអនុវត្តការហាមឃាត់បណ្តាញសង្គមជាលើកដំបូងសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសពីការរឹតបន្តឹងស្រដៀងគ្នានេះកាលពីខែមុន ដែលរំពឹងថានឹងចូលជាធរមាននៅឆ្នាំក្រោយ។ ប្រទេសអេស្ប៉ាញ ក្រិក និងដាណម៉ាក ក៏កំពុងរៀបចំផែនការដាក់កំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់បណ្តាញសង្គមផងដែរ។

សមាជិកសភាបារាំងបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ចំពោះសេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីបារាំង Emmanuel Macron ដោយលោកនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះឱ្យទៅជាច្បាប់។

លោកបានបង្ហោះ នៅលើបណ្ដាញសង្គម X បន្ទាប់ពីការបោះឆ្នោតថា៖ «បណ្តាញសង្គមនឹងត្រូវហាមឃាត់សម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំចាប់ពីរដូវកាលសិក្សាថ្មីនេះតទៅ» ដោយលោកបានថ្លែងអំណរគុណដល់សមាជិកសភាដែលបានអនុម័តសេចក្តីព្រាងច្បាប់នេះ។

លោកធ្លាប់និយាយក្នុងវីដេអូកាលពីខែមករាថា៖ «ខួរក្បាលរបស់កុមារ និងយុវវ័យរបស់យើងមិនមែនសម្រាប់លក់ដូរទេ។ អារម្មណ៍របស់កុមារ និងយុវវ័យរបស់យើងមិនមែនសម្រាប់លក់ដូរ ឬត្រូវយកមកគ្រប់គ្រង/បោកបញ្ឆោត ដោយ algorithm នៃវេទិកាអាមេរិក ឬចិននោះឡើយ»។

លោក Macron បានបញ្ជាឱ្យរដ្ឋាភិបាលបារាំងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់នេះឆ្លងកាត់រដ្ឋសភា ដោយមានគោលបំណងឱ្យមានច្បាប់អនុវត្តនៅពេលចាប់ផ្តើមរដូវកាលសិក្សាថ្មីនៅខែកញ្ញា។ យ៉ាងណាមិញ វានៅមិនទាន់ច្បាស់នៅឡើយទេថាតើគេហទំព័របណ្តាញសង្គមនឹងផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ដោយរបៀបណា។

គួររម្លឹកថា កំណែមុនៗនៃច្បាប់នេះក៏បានរួមបញ្ចូលផងដែរនូវសំណើហាមឃាត់ការផ្សាយពាណិជ្ជកម្មដែលលើកកម្ពស់បណ្តាញសង្គមដល់កុមារ រួមទាំងតាមរយៈអ្នកមានឥទ្ធិពល (influencers) និងតម្រូវឱ្យការផ្សាយពាណិជ្ជកម្មសម្រាប់វេទិកាបណ្តាញសង្គមមានការព្រមានថា៖ «ផលិតផលគ្រោះថ្នាក់សម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ»។ ទោះយ៉ាងណា ផែនការទាំងនេះមិនបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ចុងក្រោយនោះទេ។

ច្បាប់ថ្មីនេះនឹងត្រូវអនុវត្តដោយនិយតករទំនាក់ទំនងសោតទស្សន៍ និងឌីជីថលរបស់ប្រទេសបារាំងផងដែរ ដោយត្រូវបានរំពឹងថានឹងអនុវត្តចំពោះរាល់វេទិកាផ្សព្វផ្សាយធំៗទាំងអស់។

យោងតាមនិយតករនេះបានឱ្យដឹងថា កុមារអាយុពី ១២ ដល់ ១៧ ឆ្នាំនៅក្នុងប្រទេសបារាំងចំណាយពេលជាមធ្យម ១ ម៉ោង និង ២១ នាទីក្នុងមួយថ្ងៃនៅលើ TikTok។ និយតករបាននិយាយថា algorithm របស់វេទិកាទាំងនេះមាននិន្នាការផ្សព្វផ្សាយខ្លឹមសារ «បែបធ្ងន់ៗ» ដែលបង្ហាញយុវជនឱ្យជួបប្រទះនូវវីដេអូបង្កការថប់បារម្ភ ឬជាវីដេអូដែលបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា