ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាពអឺរ៉ុប (EU) ចេញការព្រមានអំពីការព្យាយាមដោយចេតនាក្នុងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហាររបស់តំបន់នេះ។

ផ្អែកតាមទីភ្នាក់ងារព័ត៌មាន AFP បណ្តាផ្សារទំនើបនៅក្នុងប្រទេសប៊ែលហ្សិក អេស្តូនី ហ្វាំងឡង់ អៀរឡង់ អ៊ីតាលី លុចសំបួរ ហូឡង់ ព័រទុយហ្គាល់ និងស៊ុយអែត បានរាយការណ៍អំពីបញ្ហាប្រព័ន្ធធ្វើឱ្យត្រជាក់ ដែលបានបង្ខំឱ្យអ្នកលក់រាយមួយចំនួនត្រូវបោះចោលអាហារ បន្ទាប់ពីសីតុណ្ហភាពបានកើនឡើងខ្ពស់នៅពេលយប់។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នាមួយកាលពីបីសប្តាហ៍មុន ដែលបានរំខានដល់ហាងទំនិញគ្រឿងទេសនៅប្រទេសបារាំង និងបានបង្ខំឱ្យសាខារាប់រយបោះចោលទំនិញខូចខាតផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មាននរណាម្នាក់ចេញមុខទទួលខុសត្រូវលើហេតុការណ៍ទាំងនេះឡើយ។

លោក Christophe Hansen ស្នងការផ្នែកអាហារ និងកសិកម្មរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា សហភាពអឺរ៉ុបកំពុងចាត់វិធានការលើឧប្បត្តិហេតុទាំងនេះយ៉ាងម៉ត់ចត់បំផុត ដោយចាត់ទុកវាជាការប៉ុនប៉ងដោយចេតនាក្នុងការបំផ្លាញខ្សែសង្វាក់ផ្គត់ផ្គង់អាហារ និង បំផ្លាញទំនុកចិត្តរបស់អ្នកប្រើប្រាស់។ នៅក្នុងប្រទេសអ៊ីតាលី ផ្សារទំនើប Coop យ៉ាងហោច ៤ ទីតាំង និងអាជីវកម្មមួយចំនួនបានរងផលប៉ះពាល់ ដែលការវាយប្រហារបានកំណត់គោលដៅលើប្រព័ន្ធបញ្ជាពីចម្ងាយសម្រាប់ផ្នែកអាហារក្លាសេ។ ប្រទេសប៊ែលហ្សិកស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានហាងជាច្រើនពីខ្សែសង្វាក់ដូចជា Carrefour, Delhaize, Colruyt និង Intermarche រាយការណ៍ពីការបរាជ័យនៃប្រព័ន្ធត្រជាក់ ខណៈដែលរដ្ឋអាជ្ញាសហព័ន្ធបានបើកការស៊ើបអង្កេត ហើយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធត្រជាក់មួយចំនួនបានបញ្ជាក់ថាប្រព័ន្ធរបស់ពួកគេមិនទាន់ត្រូវបានអាប់ដេតទាន់ពេល។

ការរំខានស្រដៀងគ្នានេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងប្រទេសអៀរឡង់ ហូឡង់ និងព័រទុយហ្គាល់ ដែលក្នុងនោះក្រុមហ៊ុន Mosqueteiros ក្នុងប្រទេសព័រទុយហ្គាល់បានបញ្ជាក់ថា ការវាយប្រហារបានកំណត់គោលដៅលើក្រុមហ៊ុនផ្តល់សេវាខាងក្រៅដែលគ្រប់គ្រងប្រព័ន្ធធ្វើឱ្យត្រជាក់។ នៅប្រទេសស៊ុយអែត ក្រុមហ៊ុន Coop និង Ica បានរងផលប៉ះពាល់ ដោយហាងដែលរងគ្រោះត្រូវបានគេរកឃើញថាបានភ្ជាប់ទៅនឹងបណ្តាញស៊េរីចាស់ 4G ជំនួស 5G និងពឹងផ្អែកលើប្រព័ន្ធគ្រប់គ្រងការធ្វើឱ្យត្រជាក់ខាងក្រៅពីក្រុមហ៊ុនដាណឺម៉ាក Danfoss ដែលជាអ្នកផ្គត់ផ្គង់ដូចគ្នានឹងករណីនៅប្រទេសបារាំងដែរ។

ប្រទេសហ្វាំងឡង់ និងអេស្តូនីក៏បានជួបប្រទះបញ្ហាសីតុណ្ហភាពមិនប្រក្រតីនេះផងដែរ ដោយនៅអេស្តូនី ក្រុម hacker បានដំឡើងសីតុណ្ហភាពក្នុងទូទឹកកកឡើងដល់ ៥០ អង្សាសេ តាមរយៈការប្រើប្រាស់ឧបករណ៍ម៉ូដែលចាស់ៗរបស់ Danfoss។ មន្ត្រីសន្តិសុខសាយប័របានកត់សម្គាល់ថា ការវាយប្រហារលើចំណុចខ្សោយ និងភាពងាយរងគ្រោះទាំងនេះ កំពុងតែកើតមានឡើងយ៉ាងសកម្ម និងរីករាលដាលទូទាំងទ្វីបអឺរ៉ុប។

យោងតាមរបាយការណ៍អន្តរជាតិ និងការប្រកាសជាផ្លូវការរបស់អ្នកនាំពាក្យរដ្ឋាភិបាលបណ្តាប្រទេសនានា មកទល់ពេលនេះមានប្រទេសជាង ៣០ ហើយបានចេញយុទ្ធនាការ ឬការណែនាំជាផ្លូវការឱ្យប្រជាពលរដ្ឋរៀបចំស្តុកទុកស្បៀងអាហារ ទឹក និងសម្ភារចាំបាច់សម្រាប់ករណីបន្ទាន់ ដោយការព្រួយបារម្ភពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattack) លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាប្រព័ន្ធត្រជាក់របស់ផ្សារទំនើប ឬប្រព័ន្ធផ្គត់ផ្គង់ស្បៀង និងហេតុផលមិនអាចដឹងជាមុនផ្សេងទៀតដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជម្លោះភូមិសាស្ត្រនយោបាយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា