ចៀសវាងស្ដាយក្រោយ មុនរើសនរណាម្នាក់ជាដៃគូជីវិត គួរស្គាល់ពីគ្រួសារគេឱ្យបានច្បាស់ដូចគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចៀសវាងស្ដាយក្រោយ មុនរើសនរណាម្នាក់ជាដៃគូជីវិត គួរស្គាល់ពីគ្រួសារគេឱ្យបានច្បាស់ដូចគ្នា

ចៀសវាងស្ដាយក្រោយ មុនរើសនរណាម្នាក់ជាដៃគូជីវិត គួរស្គាល់ពីគ្រួសារគេឱ្យបានច្បាស់ដូចគ្នា

ខាងក្រោមនេះនេះគឺហេតុផលសំខាន់ៗបង្ហាញថាមុនរើសនរណាម្នាក់ជាដៃគូជីវិត យើងមិនមែនសម្លឹងមើលតែមនុស្សដែលយើងកំពុងស្រលាញ់នោះទេ តែក៏ត្រូវស្គាល់ពីគ្រួសារគេឱ្យច្បាស់ដែរ៖

១. ផ្ទះ គឺជាកន្លែងដែលយើងរៀនសូត្រអំពីសេចក្តីស្រឡាញ់ ដូច្នេះហើយរបៀបដែលគេទទួលបានសេចក្តីស្រឡាញ់ អាចមានចំណែកយ៉ាងសំខាន់ក្នុងការកសាងរបៀបដែលគេស្រឡាញ់អ្នកដទៃ។ ឧទាហរណ៍ ប្រសិនបើគ្រួសារគេបង្ហាញក្តីស្រឡាញ់តាមរយៈការទិញរបស់ឱ្យ ឬការធ្វើម្ហូបឱ្យញ៉ាំដោយមិនសូវនិយាយផ្អែមល្ហែម គេក៏អាចនឹងសម្តែងក្តីស្រឡាញ់តាមរយៈ «ការធ្វើសកម្មភាព» ច្រើនជាងការនិយាយពាក្យ «ស្រឡាញ់»។

២. មើលពីរបៀបដែលគេប្រព្រឹត្តចំពោះមនុស្សនៅក្នុងផ្ទះ ព្រោះទម្លាប់ដែលយើងឃើញក្នុងជីវិតប្រចាំថ្ងៃ ភាគច្រើនអាចប្រាប់អ្វីៗបានច្រើនជាងពាក្យពេចន៍ផ្អែមល្ហែមពីរោះៗ។ ឧទាហរណ៍៖ ប្រសិនបើគេនិយាយសម្តីផ្អែមល្ហែម ដាក់ខ្លួន និងយោគយល់អ្នកខ្លាំងណាស់ ប៉ុន្តែពេលនៅផ្ទះ គេប្រើសម្តីគំរោះគំរើយ បញ្ជា និងមើលងាយម្តាយ ឬបងស្រីរបស់គេ នោះគឺជាសញ្ញាព្រមាន (Red Flag) ថាថ្ងៃណាមួយនៅពេលទំនាក់ទំនងរបស់អ្នកនិងគេអស់ភាពផ្អែមល្ហែម គេក៏អាចនឹងប្រព្រឹត្តដាក់អ្នកបែបនោះដែរ។

៣. ផ្ទះ មិនចាំបាច់តែល្អឥតខ្ចោះនោះទេ គ្រប់គ្រួសារសុទ្ធតែមានបញ្ហា អ្វីដែលសំខាន់គឺ តើគេស្គាល់ការទទួលខុសត្រូវ និងចេះដោះស្រាយវាដោយរបៀបណា។ គ្រួសាររបស់គេអាចនឹងមានបញ្ហាហិរញ្ញវត្ថុ ឬឪពុកម្តាយលែងលះគ្នា។ ប៉ុន្តែបើគេមិនរវល់តែតូចចិត្ត ឬយំសោក ប៉ុន្តែមានតែខិតខំធ្វើការ រៀនសូត្រ និងជួយសម្រាលបន្ទុកគ្រួសារដោយស្មារតីទទួលខុសត្រូវ នោះបង្ហាញថាគេជាមនុស្សមានភាពរឹងមាំ និងមានការទទួលខុសត្រូវខ្ពស់។

៤. មើលពីរបៀបដែលមនុស្សនៅក្នុងផ្ទះនិយាយឆ្លើយឆ្លងគ្នា ការស្តាប់ ការគោរពគ្នា និងការដោះស្រាយបញ្ហាសុទ្ធតែឆ្លុះបញ្ចាំងពីទម្រង់ទំនាក់ទំនងដែលគេទម្លាប់។ ប្រសិនបើគ្រួសាររបស់គេ ពេលមានរឿងខឹងគ្នាតែងតែស្រែកគំហក ប្រៀបធៀប ឬប្រើហិង្សា គេអាចនឹងធ្លាប់ស៊ាំនឹងវប្បធម៌បែបនោះ ហើយនៅពេលឈ្លោះជាមួយអ្នក គេអាចនឹងចេះតែស្រែក និងប្រើសម្តីហិង្សាដោយមិនដឹងខ្លួន។ ប៉ុន្តែបើគ្រួសារគេជជែកគ្នាដោយហេតុផល អង្គុយនិយាយគ្នាម្តងម្នាក់ គេនឹងយកទម្លាប់សម្របសម្រួលបែបនោះមកប្រើក្នុងជីវិតគូជាមួយអ្នកដែរ។

៥. មើលថាតើគេមានព្រំដែនជាមួយគ្រួសារដែរឬទេ ការស្រឡាញ់គ្រួសារជារឿងល្អ ប៉ុន្តែការមានជំហរផ្ទាល់ខ្លួន និងការសម្រេចចិត្តលើជីវិតខ្លួនឯង ក៏មានសារៈសំខាន់មិនចាញ់គ្នានោះដែរ។ ឧទាហរណ៍ នៅពេលរៀបចំផែនការរៀបការ ឬទិញផ្ទះ ប្រសិនបើគេត្រូវរង់ចាំឱ្យម្តាយ ឬបងប្អូនជាអ្នកសម្រេចចិត្តលើគ្រប់យ៉ាង ទាំងដែលអ្នកទាំងពីរជាអ្នករស់នៅ នោះបង្ហាញថាគេគ្មានជំហរផ្ទាល់ខ្លួនឡើយ។ មនុស្សដែលចេះកំណត់ព្រំដែន នឹងស្តាប់បង្គាប់ឪពុកម្តាយ ប៉ុន្តែក៏ដឹងថាពេលណាត្រូវឈរជើងការពារដៃគូ និងជីវិតគ្រួសារផ្ទាល់ខ្លួនដែរ។

៦. គ្រួសាររបស់គេ អាចបង្រៀនអ្វីមួយដែលយើងមិនធ្លាប់ជួប មនុស្សខ្លះធំដឹងក្តីឡើងជាមួយភាពកក់ក្តៅ មនុស្សខ្លះធំដឹងក្តីឡើងជាមួយភាពស្ងប់ស្ងាត់ ដូច្នេះយើងមិនគួរប្រញាប់កាត់សេចក្តី​ពីអ្វីដែលឃើញនឹងភ្នែកនោះឡើយ។

៧. នៅពេលទាក់ទងគ្នាមែនទែន រឿងគ្រួសារអាចនឹងចូលមកពាក់ព័ន្ធ ​ដូច្នេះនៅពេលទំនាក់ទំនងមានភាពប្រាកដប្រជាឬជ្រាលជ្រៅកាន់តែខ្លាំង យើងក៏រឹតតែត្រូវរៀនសូត្រពីគ្រួសារទាំងសង្ខាង តែក៏ត្រូវចេះគោរពសិទ្ធិឯកជនរបស់គ្នាទៅវិញទៅមកដែរ។

អាយុកាន់តែច្រើនយើងនឹងដឹងថា ក្តីស្រឡាញ់តែមួយមុខ អាចនឹងមិនគ្រប់គ្រាន់ឡើយ។ ទាំងអាកប្បកិរិយា ទស្សនវិស័យ ការទទួលខុសត្រូវ របៀបប្រាស័យទាក់ទង និងការគ្រប់គ្រងដោះស្រាយបញ្ហាសុទ្ធតែសំខាន់សម្រាប់ជីវិតគូ។

យ៉ាងណាក៏ដោយចុងក្រោយ យើងនៅតែត្រូវមើលថាតើមនុស្សដែលយើងជ្រើសរើសនោះ គេជ្រើសរើសធ្វើជាមនុស្សបែបណា ព្រោះផ្ទះឬគ្រួសារ អាចជាចំណុចចាប់ផ្តើមរបស់គេ ប៉ុន្តែមិនប្រាកដថាជាចម្លើយចុងក្រោយនៃជីវិតរបស់គេនោះឡើយ។ បរិស្ថានជុំវិញមានឥទ្ធិពល ប៉ុន្តែមនុស្សយើងក៏អាចរៀនសូត្រ និងជ្រើសរើសបង្កើតខ្លួនឯងឡើងវិញបានដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា