តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១ ឆ្នាំ។

ថ្មីៗនេះ តារាសម្តែងតួស្តេចល្បែងរូបនេះ ទើបតែត្រូវគេប្រទះឃើញនៅហាងកាត់សក់មួយកន្លែង ដោយស្លៀកពាក់បែបសាមញ្ញក្នុងឈុតកីឡាពណ៌ខ្មៅសុទ្ធ។ ទោះបីជាមើលទៅសាមញ្ញមិនលេចធ្លោខ្លាំងក៏ដោយ ក៏លោកនៅតែទាក់ទាញការចាប់អារម្មណ៍តាមរយៈរាងកាយហាប់ណែន និងមានសាច់ដុំ។

អ្នកលេងអ៊ីនធឺណិតជាច្រើនបានសរសើរពីការខិតខំប្រឹងប្រែងរបស់លោកក្នុងការថែរក្សារាង ខណៈ​អ្នកផ្សេងទៀតក៏ត្រូវបានទាក់ទាញចិត្តដូចគ្នាដោយសារតែឫកពាប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលរបស់លោកចំពោះបុគ្គលិកហាងកាត់សក់។

មែនទែនទៅ រាងកាយដ៏គួរឱ្យច្រណែនរបស់លោក Chow Yun Fat គឺមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដោយសារតែរបៀបរស់នៅប្រកបដោយសកម្មភាពរវើករបស់លោក ដែលរាប់បញ្ចូលទាំងការដើរភ្នំ ការរត់ប្រណាំង និងការរត់ចម្ងាយឆ្ងាយជាទៀងទាត់។

លោកបានចាប់ផ្តើមទម្លាប់រត់ប្រណាំងកាលពីប្រហែល ១០ ឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់លោក។

សារព័ត៌មានហុងកុង Dimsum Daily បានរាយការណ៍ថា លោកបានរត់ចម្ងាយ ៥ គីឡូម៉ែត្រជារៀងរាល់ថ្ងៃអស់រយៈពេលជិត ៨ ឆ្នាំមកហើយ ដែលជាទម្លាប់មួយតារាសម្តែងរូបនេះបាននិយាយថា វាបានជួយកែលម្អឥរិយាបថរាងកាយរបស់លោកយ៉ាងខ្លាំង។

កាលពីដើមខែមករា លោកបានបង្ហាញពីកម្លាំងដ៏មាំមួនរបស់លោកបន្ថែមទៀត ដោយបានរត់ចម្ងាយ ១០ គីឡូម៉ែត្រក្នុងរយៈពេល ២ ម៉ោង និង ២៣ វិនាទី។

នៅពេលនោះ លោកបាននិយាយថា លោកសង្ឃឹមថានឹងក្លាយជាការបំផុសគំនិតឱ្យមនុស្សវ័យចំណាស់កាន់តែច្រើនរក្សាសកម្មភាពរាងកាយ និងចាប់ផ្តើមលេងកីឡា។

ការហាត់ប្រាណគឺជាទិដ្ឋភាពតែមួយផ្នែកប៉ុណ្ណោះនៃវិធីសាស្ត្រថែរក្សាសុខភាពរបស់លោក ព្រោះលោក ចូវ ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងលើរបបអាហាររបស់លោកផងដែរ។ របាយការណ៍បានចង្អុលបង្ហាញថា លោកជៀសវាងអាហារខ្លាញ់ និងអាហារហិរ ព្រមទាំងបង្អែម អាហារប្រៃខ្លាំង និងសាច់កែច្នៃ។ លោកក៏ជៀសវាងគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករផងដែរ ដោយជ្រើសរើសយកអាហារដែលមានតុល្យភាព ដើម្បីជួយរក្សាម៉ាសសាច់ដុំ។

ក្រៅពីការហាត់ប្រាណ និងអាហាររូបត្ថម្ភ លោកក៏មានការចាប់អារម្មណ៍លើវិធីសាស្ត្រថែរក្សាសុខភាពតាមបែបបុរាណផងដែរ។ លោកតែងតែអនុវត្តការម៉ាស្សាជើងជាទៀងទាត់ បន្ទាប់ពីបានរៀនបច្ចេកទេសនេះពីអ្នកជំនាញ និងបានស្វែងយល់ពីសកម្មភាពផ្សេងទៀត រួមទាំងលំហាត់ប្រាណពន្លាតដងខ្លួន (Stretching exercises) និងក្បាច់គុនថៃជី ដើម្បីរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា