ចិញ្ចឹមកូនប្រុសបែបណា ទើបគេធំឡើងក្លាយជា “សុភាពបុរស មានទំនួលខុសត្រូវ”? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិញ្ចឹមកូនប្រុសបែបណា ទើបគេធំឡើងក្លាយជា “សុភាពបុរស មានទំនួលខុសត្រូវ”?

ចិញ្ចឹមកូនប្រុសបែបណា ទើបគេធំឡើងក្លាយជា “សុភាពបុរស មានទំនួលខុសត្រូវ”?

១. កុំបង្រៀនកូនប្រុសត្រឹមតែថា៖ «ត្រូវតែរឹងមាំ» ប៉ុន្តែត្រូវបង្រៀនគាត់បន្ថែមទៀតថា៖ «ហត់នឿយអាចនិយាយបាន កើតទុក្ខអាចយំបាន និងអាចស្វែងរកជំនួយបាន»។

Advertisement

២. កុំបង្រៀនកូនឱ្យគិតថា «បុរសត្រូវតែជាអ្នកដឹកនាំជានិច្ច» ប៉ុន្តែត្រូវបង្រៀនថា «អ្នកដែលជាអ្នកដឹកនាំល្អ ត្រូវតែចេះស្តាប់អ្នកដទៃ»។

៣. កុំបង្រៀនកូនឱ្យយកឈ្នះលើមនុស្សស្រី ប៉ុន្តែត្រូវបង្រៀនឱ្យគាត់ ចេះគោរពមនុស្សស្រី មិនមែនដោយសារតែស្ត្រីទន់ខ្សោយជាងនោះទេ ប៉ុន្តែដោយសារតែ មនុស្សគ្រប់គ្នាមានតម្លៃស្មើៗគ្នា។

៤. បង្រៀនកូនឱ្យនិយាយពាក្យថា «អរគុណ» «សុំទោស» «មិនអីទេ» និង «ត្រូវការឱ្យខ្ញុំជួយទេ?» ឱ្យក្លាយជារឿងធម្មតាមួយនៅក្នុងជីវិត។

៥. អ្វីដែលសំខាន់ កុំឱ្យកូនមើលឃើញថាការងារផ្ទះជាភារកិច្ចរបស់ម្តាយតែម្នាក់ឯង។ កូនប្រុសគួរតែចេះបោកខោអាវ លាងចាន បោសផ្ទះ ធ្វើម្ហូប និងមើលថែមនុស្សនៅក្នុងផ្ទះ ព្រោះថ្ងៃណាមួយ គាត់មិនត្រឹមតែជា «កូនប្រុសរបស់ម៉ាក់» នោះទេ គាត់អាចជាស្វាមី ជាឪពុក ជាមិត្តរួមការងារ និងជាមនុស្សសំខាន់របស់អ្នកផ្សេងទៀតជាច្រើននាក់។

៦. កុំភ្លេចបង្រៀនកូននូវរឿងមួយដែលសំខាន់ខ្លាំង គឺ ក្ដីស្រឡាញ់មិនមែនជាការគ្រប់គ្រង នោះទេ។ ប្រសិនបើនរណាម្នាក់មិនស្រឡាញ់យើង យើងត្រូវតែគោរពការសម្រេចចិត្តរបស់គេ។ ប្រសិនបើគូស្នេហ៍មិនទាន់ត្រៀមខ្លួន ត្រូវតែឈប់ ប្រសិនបើភាគីម្ខាងទៀតនិយាយថា «ទេ» គឺ «ទេ»។ ប្រសិនបើឈ្លោះប្រកែកគ្នា ត្រូវប្រើពាក្យសម្តី មិនប្រើកម្លាំងបាយឡើយ។ ប្រសិនបើធ្វើខុស ត្រូវសុំទោស មិនមែនរកលេសមកដោះស្រាយនោះទេ។

៧. ចុងក្រោយ ក្មេងប្រុសអាចរៀនសូត្រពាក្យថា «បុរសកក់ក្តៅ» មិនមែនត្រឹមតែពីអ្វីដែលម្តាយនិយាយមួយមុខនោះទេ ប៉ុន្តែគេនឹងរៀនសូត្រពីអ្វីដែលគេបានឃើញជារៀងរាល់ថ្ងៃ ដូចជាឃើញឪពុកប្រព្រឹត្តចំពោះម្តាយយ៉ាងដូចម្តេច ឃើញម្តាយប្រព្រឹត្តចំពោះឪពុកយ៉ាងដូចម្តេច ឃើញមនុស្សនៅក្នុងផ្ទះនិយាយគ្នាយ៉ាងដូចម្តេចនៅពេលមានបញ្ហា ឃើញមនុស្សធំចេះសុំទោសគ្នាទៅវិញទៅមកដែរឬទេ ឃើញបុរសនៅក្នុងផ្ទះអាចយំបានដែរឬទេ…

ដូច្នេះហើយ បើចង់បានកូនប្រុសដែលមានភាពកក់ក្តៅ កុំចិញ្ចឹមគាត់ដោយពាក្យថា «មនុស្សប្រុសត្រូវតែរឹងមាំ» តែមួយមុខ។ ត្រូវចិញ្ចឹមគាត់ឱ្យដឹងថា៖

👉រឹងមាំបាន ប៉ុន្តែក៏អាចទន់ភ្លន់បានដូចគ្នា

👉ពូកែបាន ប៉ុន្តែក៏អាចដាក់ខ្លួនបានដូចគ្នា

👉ធ្វើជាអ្នកដឹកនាំបាន ប៉ុន្តែក៏អាចទទួលស្តាប់អ្នកដទៃបានដូចគ្នា

👉ស្រឡាញ់នរណាម្នាក់បាន ប៉ុន្តែក៏ត្រូវតែគោរពគេដែរ

ថ្ងៃណាមួយ គាត់ប្រហែលជាមិនមែនជាបុរសដែលពូកែបំផុតនៅលើពិភពលោកនោះទេ ប៉ុន្តែប្រសិនបើគាត់ជាបុរសដែល៖ គូស្នេហ៍រស់នៅជាមួយហើយមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត កូនៗរស់នៅជាមួយហើយមានអារម្មណ៍ថាមានសុវត្ថិភាព ហើយមនុស្សជុំវិញខ្លួនទទួលបានការគោរពពីគាត់ អ្នកជាឪពុកម្តាយក៏គួរតែមានមោទនភាពខ្លាំងណាស់ទៅហើយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា