កូនៗកំពុងពេញវ័យអាចនឹងរឹងរូស តមាត់ ប៉ុន្តែប្រសិនបើគេនៅធ្វើរឿង ៥ យ៉ាងនេះ មានន័យថាគេនៅតែស្រឡាញ់ និងស្និទ្ធជាមួយម្ដាយខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនៗកំពុងពេញវ័យអាចនឹងរឹងរូស តមាត់ ប៉ុន្តែប្រសិនបើគេនៅធ្វើរឿង ៥ យ៉ាងនេះ មានន័យថាគេនៅតែស្រឡាញ់ និងស្និទ្ធជាមួយម្ដាយខ្លាំង

កូនៗកំពុងពេញវ័យអាចនឹងរឹងរូស តមាត់ ប៉ុន្តែប្រសិនបើគេនៅធ្វើរឿង ៥ យ៉ាងនេះ មានន័យថាគេនៅតែស្រឡាញ់ និងស្និទ្ធជាមួយម្ដាយខ្លាំង

នៅក្នុងដំណាក់កាលវ័យជំទង់ កុមារតែងជួបប្រទះនូវការផ្លាស់ប្តូរទាំងផ្នែករាងកាយ ចិត្តសាស្ត្រ និងអារម្មណ៍ ដែលពេលខ្លះអាចស្តែងចេញមកតាមរយៈអាកប្បកិរិយារឹងរូស ការប្រកែកតវ៉ា ឬការស្វែងរកពិភពលោកផ្ទាល់ខ្លួន។ យ៉ាងណាមិញ ភាពរកាំរកូសទាំងនេះមិនមែនជាសញ្ញានៃការផ្តាច់ទំនាក់ទំនងនោះឡើយ ប៉ុន្តែវាជាដំណើរការធម្មជាតិនៃការលូតលាស់។ អត្ថបទនេះនឹងជួយឱ្យអ្នកម្តាយគ្រប់រូបយល់កាន់តែច្បាស់ពីមនោសញ្ចេតនា និងសញ្ញាវិជ្ជមានទាំង ៥ យ៉ាងដែលបញ្ជាក់ថាកូននៅតែស្រឡាញ់ និងចាត់ទុកអ្នកម្តាយជាជម្រកសុវត្ថិភាពដ៏រឹងមាំជានិច្ច។

១. ឈ្លោះជាមួយម្ដាយរួច ប៉ុន្តែនៅតែដើរមកជិតម្ដាយដូចដើម

អម្បាញ់មិញទើបតែប្រកែកគ្នាសំឡេងខ្លាំងៗ សន្ទុះក្រោយមកដើរមកសួរថា៖ «ម៉ាក់! ថ្ងៃនេះហូបអី?» «មានអីហូបអត់?» ឬដើរមកអង្គុយជិតដូចគ្មានរឿងអ្វីកើតឡើង។ នេះមិនមែនមានន័យថាកូនមិនដឹងខុសនោះទេ ប៉ុន្តែទំនាក់ទំនងជាមួយម្ដាយគឺនៅតែសំខាន់ខ្លាំង រហូតដល់កូនមិនចង់ផ្តាច់ទំនាក់ទំនងចោលឡើយ។

២. មានរឿងមិនសប្បាយចិត្ត ហើយចុងក្រោយនៅតែមកប្រាប់ម្ដាយ

ដំបូងឡើយអាចនឹងនិយាយថា «មិនអីទេ» ឬ «គ្មានរឿងអីទេ» ប៉ុន្តែបន្តិចក្រោយមកបែរជាមកប្រាប់ដោយខ្លួនឯង។ មិត្តភក្តិមានបញ្ហា រៀនមិនទាន់គេ ឈ្លោះជាមួយសង្សារ ឬព្រួយបារម្ភរឿងអនាគត… ប្រសិនបើកូននៅតែជ្រើសរើសបើកចិត្តនិយាយរឿងខ្លះៗជាមួយអ្នក វាមានន័យថា អ្នកនៅតែជាតំបន់សុវត្ថិភាពដែលកូនទុកចិត្ត។

៣. ចង់នៅជាមួយមិត្តភក្តិ ប៉ុន្តែបើមានរឿងសំខាន់ កូននៅតែនឹកឃើញអ្នកមុនគេ

ក្មេងវ័យជំទង់អាចនឹងចំណាយពេលជាមួយមិត្តភក្តិច្រើនជាងមុន ទូរស័ព្ទស្ទើរតែមិនដាក់ចុះ ហើយជួនកាលម្ដាយហៅក៏ធ្វើជាមិនឮ។ ប៉ុន្តែនៅពេលជួបរឿងដែលទប់ទល់មិនបាន អ្នកដែលកូនខលទៅ ឬមនុស្សដែលកូននឹកឃើញមុនគេនៅតែជាម្ដាយ។ នេះគឺជាក្តីស្រឡាញ់ដែលមិនបានបាត់បង់ទៅណាឡើយ គ្រាន់តែឥឡូវនេះកូនកំពុងតែមានពិភពលោកផ្ទាល់ខ្លួនបន្ថែមទៀតប៉ុណ្ណោះ។

៤. មិនសូវនិយាយពាក្យថា “ស្រឡាញ់” ប៉ុន្តែនៅតែបង្ហាញតាមរយៈសកម្មភាព

កូនអាចនឹងមិនឱបម្ដាយដូចកាលពីក្មេង មិននិយាយពាក្យផ្អែមល្ហែម ថែមទាំងជួនកាលធ្វើមុខធុញទ្រាន់ដាក់ម៉ាក់ទៀតផង ប៉ុន្តែគេនៅតែសួរថា៖ «ម៉ាក់មកវិញម៉ោងប៉ុន្មាន?» «ម៉ាក់ហូបបាយហើយឬនៅ?» «ម៉ាក់កើតអីហ្នឹង?» ក្តីស្រឡាញ់របស់ក្មេងវ័យជំទង់ជាច្រើនលើកច្រើនសាមិនបានបង្ហាញមកជាពាក្យសម្ដីនោះទេ ប៉ុន្តែវាបង្ហាញមកក្នុងទម្រង់ «ទម្លាប់តូចតាច» ដែលគេធ្វើរហូតដល់ម៉ាក់ស្ទើរតែមិនបានសង្កេតឃើញ។

៥. ពេលកូនធ្វើខុស ឬជួបបញ្ហា… ចុងក្រោយនៅតែក្លាហានត្រឡប់មករកម្ដាយ

នេះអាចជាចំណុចសំខាន់បំផុត។ កូនធ្វើខុស កូនពិបាកចិត្ត កូនសម្រេចចិត្តខុស ឬកូនជួបបញ្ហាដែលមិនដឹងត្រូវដោះស្រាយយ៉ាងណា ប៉ុន្តែគេនៅតែក្លាហានដើរត្រឡប់មកនិយាយជាមួយអ្នកហើយនិយាយថា៖ «ម៉ាក់… កូនមានរឿងចង់ប្រាប់»។ ប្រសិនបើកូននៅតែក្លាហានត្រឡប់មករកម្ដាយនៅក្នុងថ្ងៃដែលខ្លួនឯងធ្វើខុសឆ្គង នោះមានន័យថាអ្នកមិនបានបាត់បង់កូនទៅណាឡើយ។ កូនគ្រាន់តែជាក្មេងដែលកំពុងតែធំដឹងក្តី កំពុងតែចង់មានពិភពលោកផ្ទាល់ខ្លួន និងកំពុងតែហាត់រៀនដើរដោយជើងទាំងពីររបស់ខ្លួនឯង។

ដូច្នេះ… នៅពេលកូនប្រកែកជាមួយម្ដាយ មិនមែនមានន័យថាគេមិនស្រឡាញ់ឡើយ។ កូនមិនធ្វើតាមគ្រប់រឿង មិនមែនមានន័យថាកូនគ្មានចិត្តស្រឡាញ់នោះទេ។ ពួកគេអាចនឹងគ្រាន់តែចង់មានពេលវេលាផ្ទាល់ខ្លួន តែមិនមែនមានន័យថាមិនត្រូវការម្ដាយនោះឡើយ។ ជួនកាលអ្វីដែលម្ដាយឪពុកត្រូវធ្វើ មិនមែនជាការទាញកូនត្រឡប់មកវិញដូចកាលពីក្មេងនោះទេ ប៉ុន្តែគឺការដកថយក្នុងចម្ងាយមួយដែលសមស្រប ហើយធ្វើឱ្យកូនមានទំនុកចិត្តថា៖ «ម៉ាក់ប៉ានៅតែឈរត្រង់នេះជានិច្ច ប្រសិនបើថ្ងៃណាមួយកូនត្រូវការ» ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា