អានបាន ២ ទំព័រ លេងទូរស័ព្ទ ២ ម៉ោង? មកស្គាល់ Immersive Reading តិចនិកអានសៀវភៅឱ្យជក់ ឆាប់ចប់ ឆាប់យល់ន័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អានបាន ២ ទំព័រ លេងទូរស័ព្ទ ២ ម៉ោង? មកស្គាល់ Immersive Reading តិចនិកអានសៀវភៅឱ្យជក់ ឆាប់ចប់ ឆាប់យល់ន័យ

អានបាន ២ ទំព័រ លេងទូរស័ព្ទ ២ ម៉ោង? មកស្គាល់ Immersive Reading តិចនិកអានសៀវភៅឱ្យជក់ ឆាប់ចប់ ឆាប់យល់ន័យ

អ្នកធ្លាប់មានអារម្មណ៍ដែរឬទេថា បច្ចុប្បន្ននេះការអានសៀវភៅឱ្យចប់មួយក្បាលជារឿងលំបាកជាងមុន? ជាពិសេសក្នុងយុគសម័យដែលមានអ្វីៗជាច្រើនរង់ចាំដណ្ដើមយកចំណាប់អារម្មណ៍របស់អ្នកជានិច្ច មិនថាសំឡេងជូនដំណឹងលើទូរស័ព្ទដៃ វីដេអូកម្សាន្តនៅលើបណ្ដាញសង្គម ឬរឿងភាគចេញថ្មីរាល់ចុងសប្ដាហ៍។

Advertisement

អ្វីទាំងនេះសុទ្ធតែជាកត្តាដែលធ្វើឱ្យអ្នកមានសមាធិខ្លីជាងមុន និងពិបាកក្នុងការផ្ដោតអារម្មណ៍ទៅលើការអានសៀវភៅមួយក្បាលៗឱ្យចប់។ បើអ្នកកំពុងតែជួបនឹងបញ្ហានេះ មានន័យថា Immersive Reading អាចជាបច្ចេកទេសអានសៀវភៅមួយដែលអ្នកកំពុងត្រូវការ។

ការអានសៀវភៅបែប Immersive Reading គឺជាបច្ចេកទេសអានសៀវភៅមួយបែបរបស់មនុស្សជំនាន់ថ្មី ដើម្បីជួយឱ្យអ្នកអាចផ្ដោតអារម្មណ៍អានសៀវភៅឱ្យងាយយល់អត្ថន័យ និងឆាប់ចប់ជាងមុន តាមរយៈវិធីងាយៗ គឺការអានសៀវភៅទន្ទឹមគ្នានឹងការស្តាប់សៀវភៅជាសំឡេង (Audiobooks) ដើម្បីអាចទទួលបានទាំងសំឡេង និងរូបភាពក្នុងពេលតែមួយ។

ជាក់ស្ដែង នេះមិនមែនជាបច្ចេកទេសថ្មីនោះទេ។ កន្លងមក គេនិយមប្រើប្រាស់ Immersive Reading ជាបច្ចេកទេសអានសម្រាប់ជួយកុមារដែលមានវិបត្តិ ADHD ដែលពិបាកក្នុងការផ្ដោតអារម្មណ៍ ដើម្បីជួយឱ្យកុមារអាចផ្សារភ្ជាប់សំឡេង និងតួអក្សរបានងាយស្រួលជាងមុន។

យ៉ាងណាមិញ បច្ចុប្បន្ន Immersive Reading មិនមែនត្រឹមតែជាបច្ចេកទេសក្នុងថ្នាក់រៀនទៀតនោះទេ ប៉ុន្តែវាបានក្លាយជាវិធីសាស្ត្រអានដែលមនុស្សជាច្រើនបាននាំយកមកប្រើប្រាស់ ដោយអ្នកខ្លះបាននិយាយថា វាជួយឱ្យខ្លួនអាចស្វែងយល់ពីសាច់រឿង និងផ្ដោតអារម្មណ៍បានល្អជាងមុន នាំឱ្យអានចប់បានលឿនជាងមុនដូចគ្នា។

មូលហេតុត្រង់ថា សៀវភៅជាសំឡេងផ្ដល់នូវចង្វាក់ ទឹកដមសំឡេង និងបរិយាកាស ដែលជួយឱ្យអ្នកអាចផ្ដោតលើតួអក្សរបានល្អជាងមុន រហូតអាចឈានចូលដល់ការអានបែបស៊ីជម្រៅ ដែលជួយឱ្យអ្នកគិតវិភាគ និងផ្សារភ្ជាប់រឿងរ៉ាវតាមរយៈតួអក្សរបានកាន់តែប្រសើរផងដែរ។

ទោះបីជា អ្នកមិនអាចប្រើប្រាស់បច្ចេកទេស Immersive Reading ជាមួយនឹងសៀវភៅគ្រប់ចំណងជើង ដោយសារតែសៀវភៅទាំងអស់មិនមែនសុទ្ធតែមានសៀវភៅជាសំឡេង តួយ៉ាងសៀវភៅជាភាសាខ្មែរ ក៏ប៉ុន្តែនេះអាចជាបច្ចេកទេសដ៏ល្អមួយសម្រាប់អ្នកដែលចង់បង្វឹកខ្លួនឯងឱ្យអានសៀវភៅភាសាបរទេសបានកាន់តែល្អជាងមុន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា