នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» កំពុងតែបង្កើតឱ្យមានចលនាដាស់ស្មារតីយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។

ខ្សែភាពយន្តឯកសារមួយនេះគឺជាស្នាដៃស៊ើបអង្កេតដ៏ស៊ីជម្រៅមួយដែលលាតត្រដាងអំពីបណ្ដាញឧក្រិដ្ឋកម្មជួញដូរបុរាណវត្ថុខុសច្បាប់ជាសកល។ សាច់រឿងបានបង្ហាញអំពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់ទាហានកុមារដើម្បីវាយឆ្មក់ប្លន់យករតនសម្បត្តិបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះ ត្រូវបានលួចរត់ពន្ធឆ្លងដែនទៅកាន់គេហដ្ឋានរបស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។

ខណៈភាពយន្តនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហោស្រពភាពយន្តអន្តរជាតិ និងទទួលបានការវាយតម្លៃខ្ពស់ពីអ្នកដែលបានទស្សនារួចហើយ ប៉ុន្តែវត្តមានរបស់អ្នកទស្សនានៅតាមរោងភាពយន្តមួយចំនួននៅតែមានកម្រិតទាបនៅឡើយ ដែលកត្តានេះបានធ្វើឱ្យអ្នកបង្កើតមាតិកា អ្នកវិភាគ និងមហាជនជាច្រើនសម្តែងក្តីព្រួយបារម្ភ និងបានចេញមុខមកអំពាវនាវយ៉ាងទទូចឱ្យកូនខ្មែរគ្រប់រូបប្រញាប់ប្រញាល់ទៅទស្សនាភាពយន្តនេះ មុនពេលផុតកំណត់ចាក់បញ្ចាំង។

ផ្ដើមចេញពីអារម្មណ៍រំភើប លាយឡំជាមួយភាពក្តុកក្ដួលបន្ទាប់ពីបានទស្សនារួច លោក ជន រតនៈ បានចែករំលែកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅនៅលើបណ្តាញសង្គមថា៖

«គួរតែទៅមើលឱ្យបានម្ដងណាបងប្អូន! មិនគួររំលងទេ ភាពយន្តដ៏មានតម្លៃមួយនេះ… តម្លៃសំបុត្រ ៣ ដុល្លារខ្ញុំធានាថាវានឹងធ្វើឱ្យអ្នកទាំងអស់គ្នាទទួលបាននូវអារម្មណ៍មួយដែលប្លែកយកតែម្ដង អារម្មណ៍មួយដែលយើងមិនដឹងថាត្រូវនិយាយយ៉ាងម៉េច អាណិតប្រទេសខ្លួនឯងផង អបអរសាទរផង សប្បាយផងនៅក្នុងពេលតែមួយ ញញឹមផង អាណិតផង យំផង ជាអារម្មណ៍មួយដែលយើងមិននឹកស្មានដល់ថាយើងទទួលបាននូវវត្ថុបុរាណត្រលប់មកកាន់ទឹកដីយើងវិញ … ខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែចំណាយពេលវេលាទៅមើល បើសិនជាអាចយកកូនៗ ឬនាំឪពុកម្ដាយអ្នកទាំងអស់គ្នាទៅមើលទាំងអស់គ្នា ខ្ញុំជឿជាក់ថាមិនស្ដាយលុយទេ ខ្ញុំនិយាយមែន»។

អត្ថន័យដ៏ជ្រាលជ្រៅនៃភាពយន្ត «LOOT» មិនត្រឹមតែលាតត្រដាងពីការលួចនិងទាមទារយកមកវិញនូវសម្បត្តិបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជានាសម័យសង្គ្រាមផងដែរ។ លើកឡើងអំពីប្រធានបទនេះ អ្នកបង្កើតមាតិកាល្បីឈ្មោះ Chay Sivlang បានចែករំលែកទស្សនៈយ៉ាងស៊ីជម្រៅថា៖

«ដោយសារតែខ្មែរយើងមានសង្រ្គាម ដូច្នេះហើយវត្ថុបុរាណត្រូវបានជនឆ្លៀតឱកាសប្រមូលយកនៅក្រៅប្រទេសក្នុងតម្លៃរាប់សិបលានដុល្លារ។ មកដល់ពេលនេះក៏យើងនៅតែទាមទារយករបស់យើងមកវិញដែរ ហើយរូបបដិមាខ្លះនៅក្នុងសារមន្ទីរ តែរូបបដិមាខ្លះវិញគឺនៅក្នុងផ្ទះរបស់មហាសេដ្ឋីបរទេស។ ក្នុងរឿង Loot គេរៀបរាប់ទាំងអស់ថាអ្នកណាជាមេខ្លោងធំហើយនិងវិធីដែលយើងយករបស់ហ្នឹងមកវិញ។ មកដល់ម្សិលមិញ ចាក់បញ្ចាំងបានបួនថ្ងៃប៉ុន្តែ Hall ឡើងស្ងាត់ … អីចឹងហើយកុំភ្លេចនាំគ្នាទៅមើលឱ្យដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនឯងផង ហើយក៏ជាការដាស់ស្មារតីថានៅពេលយើងខ្សោយយើងត្រូវបាត់បង់អ្វីខ្លះ ហើយប្រទេសណាខ្លះទទួលបានផលចំណេញពីការលួចទ្រព្យសម្បត្តិរបស់យើង»។

ទន្ទឹមនឹងការសរសើរលើគុណតម្លៃនៃសាច់រឿង ក៏មានមតិជាច្រើនទៀតបានសម្តែងការសោកស្តាយ នៅពេលឃើញចំនួនអ្នកទស្សនានៅតាមរោងភាពយន្តមានភាពស្ងប់ស្ងាត់ ខុសពីការរំពឹងទុក។

បន្ថែមលើមតិខាងលើ អ្នកបង្កើតមាតិកា Nich-និច ក៏បានបញ្ចេញអារម្មណ៍ថា៖

“វត្ថុបុរាណរបស់យើងស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវគេ ខណៈដែលយើងទៅលេងប្រាសាទ មិនដែលបានឃើញរូបរាងពេញលេញទេ ជាពិសេសផ្នែកក្បាលត្រូវគេកាត់យកទៅ ហើយរូបទាំងនោះត្រូវបានគេដាក់លក់ពីចន្លោះពីតម្លៃ ១ លានទៅ ៣ លានជាងដុល្លារ។ បងប្អូនគិតថាទៅវាឈឺចាប់ប៉ុណ្ណា… អ៊ីចឹងប្រសិនបើបងប្អូនចង់ដឹងពីដំណើរការថាគេលួចទៅដូចម្ដេច ហើយហេតុអីបានជារូបសំណាកនានានៅតាមប្រាសាទនានារបស់យើងកម្រមានរូបចម្លាក់មួយណាដែលមានផ្នែកនៃអវយវៈរបស់គាត់នៅគ្រប់គ្រាន់ ដល់ពេលហើយដែលបងប្អូនអាចទៅមើលរឿងនេះ។”

នៅសល់ពេលមិនយូរទៀតទេ ពេលវេលាចាក់បញ្ចាំងនៅតាមរោងភាពយន្តកំពុងតែខិតជិតមកដល់ទីបញ្ចប់ហើយ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសយុវជន នាំគ្នាចំណាយពេលវេលាដ៏មានតម្លៃទៅទស្សនាភាពយន្តឯកសារ «LOOT» ទាំងអស់គ្នា នៅតាមបណ្តារោងភាពយន្តទំនើបៗ រួមមាន Legend Cinema, Prime Cineplex និង Sabay Cinema។ ការចូលរួមទស្សនារបស់អ្នក គឺជាការចូលរួមចំណែកការពារ «ដួងព្រលឹងដូនតា» និងកសាងស្មារតីមោទនភាពជាតិសម្រាប់កូនចៅជំនាន់ក្រោយ!

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា