សិល្បករអន្តរជាតិ Danhôo ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយកុមារកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិល្បករអន្តរជាតិ Danhôo ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយកុមារកម្ពុជា

សិល្បករអន្តរជាតិ Danhôo ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយកុមារកម្ពុជា

មិន​មាន​ឈាម​ជ័រ​ខ្មែរ​សូម្បី​មួយ​ដំណក់ ប៉ុន្តែ​សិល្បករ​អន្តរជាតិ​ដែល​មាន​កំណើត​វៀតណាម​លោក Danhôo បាន​សម្រេច​ដាក់​ដេញថ្លៃគំនូរ​សិល្បៈជា​ច្រើន​ផ្ទាំង​របស់​លោក​ក្នុង​ស្រុក​ខ្មែរ​ក្នុង​គោល​បំណង​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

Danhôo មាន​ឈ្មោះ​ពិត​ហៅ​ថា PHUONG Hieu Dan គឺ​ជា​សិល្បករ​សហសម័យ​ជនជាតិ​បារាំង និង​មាន​ដូន​តា​ជា​ជន​ជាតិ​ចិន។ ស្នាដៃ​ដ៏​ល្បី​ល្បាញ​របស់​លោក​គឺ​ជា​ការ​រួម​ផ្សំ​រវាង​អក្សរ​រូប​សញ្ញា (Ideograms (សិល្បៈ​អក្សរផ្ចង់​បូព៌ា ចិន​បុរាណ) និង​សិល្បៈ​អរូបី (Abstract Expressionism គំនូរអរូបីបែបលោកខាងលិច)។ ជាមួយ​គ្នា ស្នាដៃ​ជា​ច្រើន​របស់​វិចិត្រករ​រូប​នេះ​បាន​ទទួល​ស្គាល់​លើ​ឆាក​អន្តរជាតិ​និង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ សហរដ្ឋអាមេរិក បារាំង ចិន លុចសំបួរ ហុងកុង និង​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ផង​ដែរ។

ដោយ​ឡែក វិចិត្រករ​ល្បី​ឈ្មោះ​​រូប​នេះ​នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​សណ្ឋាគារ Soma Hotel Riverside ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦ ជាមួយ​រូប​គំនូរ​សិល្បៈ​ល្បីៗ​ជា​ច្រើន​ផ្ទាំង​របស់​លោក អម​ដោយ​ការ​សម្ដែង​គូរ​នូវ​គំនូរ​ដើម្បី​ដាក់​ដេញ​ថ្លៃ​ដោយ​ផ្ទាល់​ផង​ដែរ។ គួរ​ជម្រាប​ផង​ដែរ​ រាល់​គំនូរ​ដែល​លោក​បាន​នាំ​យក​មក​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​សប្បុរសធម៌​នៅ Soma Hotel Riverside នឹង​ធ្វើ​ការ​ដេញ​ថ្លៃ ហើយ​ថវិកា​ដែល​ប្រមូល​បាន​ក្នុង​ចំនួន ៧០ ភាគរយ​នឹង​បរិច្ចាគ​ជូន​ដល់ Soma Initiative សម្រាប់​ឆ្នាំ ២០២៧ ដើម្បី​ជួយ​ដល់​កុមារ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​គឺ​ជា​គោល​ដៅ​ចម្បង​របស់ Danhôo ក្នុង​ការ​ធ្វើ​កម្មវិធី​មនុស្ស​ធម៌​តាមរយៈ​សិល្បៈ​គំនូរ​របស់​លោក។

តាម​រយៈ​កម្ម​វិធី Soma Initiative លោក Danhôo សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​អាច​ជួយ​ជា​ចំណែក​ទៅ​ដល់​កុមារ​តូចៗ ជា​ពិសេស​កុមារ​តាម​ព្រំដែន​ដែល​កំពុង​ជួប​ការ​លំបាក​ក្រោយ​ប្រទះ​ភ្លើង​សង្គ្រាម​ទន្ទ្រាន​ទឹក​ដី​ពី​សំណាក់​កង​ទ័ព​សៀម។ ព្រឹត្តិការណ៍​នេះ​គឺ​ជា​កិច្ច​សហការ​រវាង​ក្រុមហ៊ុន Soma Group និង​លោក Danhôo ក្នុង​គោល​បំណង​រួម​តែ​មួយ​គឺ​ជួយ​ជ្រោមជ្រែង​ដល់​សង្គម។

សម្រាប់​ការ​ដាក់​បង្ហាញ​និង​ដេញ​ថ្លៃ​ស្នាដៃ​គំនូរ​ល្បីៗ​របស់ Mr Danhôo រួម​មាន ៖

  • ការ​ដេញ​ថ្លៃ​ស្នាដៃ​ឯក (Live Masterpiece) ៖ ដូច​ដែល​បាន​ជម្រាប លោក​នឹង​គូរ​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិការណ៍ ដោយ​ចាប់​ផ្ដើម​តម្លៃ​ដេញ​ថ្លៃ​ត្រឹម ៣,០០០ពាន់​ដុល្លារ។
  • ស្នាដៃ​គំនូរ​ដេញ​ថ្លៃ​ពិសេស ៖ ផ្ទាំង​គំនូរ​ទី២ នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ ដោយ​ចាប់​ពី​ផ្ដើម​ពី​តម្លៃ ១,៥០០ដុល្លារ។
  • ការ​លក់​ក្នុង​តម្លៃ​ថេរ ៖ ផ្ទាំង​គំនូរ​តូចៗ​ចំនួន ២២ ផ្ទាំង​ផ្សេង​ទៀត នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ ៣០០ ដុល្លារ ក្នុង ១ ផ្ទាំង។
  • ស្នាដៃ​គំនូរ​បង្ហាញ​ក្នុង​សណ្ឋាគារ ចំនួន ២៤ ផ្ទាំង​ដែល​កំពុង​ដាក់​តាំង​នៅ​លើ​ជញ្ជាំង​សណ្ឋាគារ Soma Hotel Riverside ក៏​នឹង​ត្រូវ​ដាក់​លក់​ជូនសាធារណជន​ផង​ដែរ ដោយ​លោក​អ្នក​អាច​ទទួល​បាន​ស្នាដៃ​ទាំង​នោះ​បន្ទាប់​ពី​បញ្ចប់​អំឡុង​ពេល​ពិព័រណ៍។

ការ​ដាក់​តម្លៃ​ដេញ​ថ្លៃ​ផ្ទាំង​គំនូរ​របស់​សិល្បករ​អន្តរជាតិ​រូប​នេះ​ត្រូវ​បាន​កែ​សម្រួល​យ៉ាង​ពិសេស​សម្រាប់​ទីផ្សារ​កម្ពុជា ខណៈ​ដែល​ស្នាដៃ​របស់​លោក Danhôo ដែល​ធ្លាប់​ដាក់​ដេញ​ថ្លៃ​នៅ​អឺរ៉ុប និង​អាស៊ី មាន​តម្លៃ​ចាប់​ពី ១ម៉ឺន​ដុល្លារ​ឡើង​ទៅ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ក្រោយ​ពិព័រណ៍​ថ្ងៃ​ទី ២៨ កញ្ញា នា​ថ្ងៃ​ទី ២៩ ៣០ កញ្ញា ២០២៦ លោក Danhôo នឹង​ជួប​សំណេះសំណាល​ជាមួយ​យុវជន​កម្ពុជា​នៅ សណ្ឋាគារ Soma Hotel Riverside ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ និង​បើក​ឱកាស​ឱ្យ​យុវជន​បាន​ចូលរួម​ពិភាក្សា​សាធារណ​ជាមួយ​រូប​លោក។

អំពី Soma Initiative (CRS Program)

ជា​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម និង​ការ​បង្កើត​គុណ​តម្លៃ​រួម​របស់​ក្រុមហ៊ុន Soma Group បង្កើត​ឡើង​ក្នុង​ថ្ងៃ​ទី ៦ ខែ កក្កដា ឆ្នាំ ២០២០ គិត​មក​ទល់​ពេល​បច្ចុប្បន្ន​មាន​រយៈពេល ៦ ឆ្នាំ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ជំទាវ ចម ក្រស្នា ។ កម្ម​វិធី​នេះ​ឈរ​លើ​សសរស្ដម្ភ​ចំនួន​៣​រួម​មាន៖ សុខភាព ការ​អប់រំ និង​បរិស្ថាន

សម្រាប់​ផែន​ការ​យុទ្ធសាស្ត្រ​គម្រោង Soma Initiative (២០២៦-២០២៧) Soma Initiative បាន​បែងចែក​ថវិកា​កម្រិត​អប្បបរមា​ចំនួន ២៨១,៤០០ ដុល្លារ លើ​វិស័យ​សំខាន់ៗ​ចំនួន ៣ នៅ​កម្ពុជា ៖

(១) ការ​អប់រំ (១០៤,០០០ ដុល្លារ) ៖ បំពាក់​កំព្យូទ័រ​ចំនួន ៥០០ គ្រឿង និង Smart TV ដល់​វិទ្យាល័យ​ចំនួន ២០ ខ្នង​សម្រាប់​សិស្សានុសិស្ស​ចំនួន ១៧,០០០ នាក់។

(២) បរិស្ថាន (៧០,០០០ ដុល្លារ) ៖ ផ្ដល់​ទឹក​ស្អាត ១២០,០០០ លីត្រ​ក្នុង​១​ថ្ងៃ ដល់​ប្រជាជន ២៥,០០០ នាក់ ក្នុង ១០ សហគមន៍ តាម​រយៈ​ម៉ាស៊ីន​បូម​ទឹក​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្រ​និង​ប្រព័ន្ធ​ចម្រោះ​ទឹក។

(៣) ជីវភាព​រស់​នៅ (១០៧,៤០០ ដុល្លារ) ៖ ផ្ដល់​ឧបករណ៍ វគ្គ​បណ្ដុះ​បណ្ដាល និង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ទិញ ក្នុង​តម្លៃ ៥០០ដុល្លារ ដល់ ២០០ គ្រួសារ ​ដែល​ដឹក​នាំ​ដោយ​ស្ត្រី​ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ដល់​សមាជិក​គ្រួសារ​សរុប ១,០០០ នាក់។

អំពី SOMA GROUP CO., LTD.

SOMA GROUP គឺ​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​ក្នុង​ស្រុក​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ កសិកម្ម អប់រំ បដិសណ្ឋារកិច្ច និង​អចលនទ្រព្យ ក្នុង​ខេត្ត-ក្រុង ចំនួន ៩ រាប់​បញ្ជូល​ទាំង​សណ្ឋាគារ Soma Hotel Riverside និង​សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា