ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​រងា និងទី២ គេ​ប្រើប្រាស់ ​ដើម្បី​សោភ័ណភាព​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី ពេល​ចេញ​ក្រៅ​ផ្ទះ ឬ​ចូលរួម​ពិធី​បុណ្យទាន និង​កម្មវិធី​វប្បធម៌​ផ្លូវការ​។ ម្ល៉ោះហើយ ស្បៃ​មិន​ត្រឹមតែ​ជា​គ្រឿង​សម្លៀកបំពាក់​នោះ​ទេ ប៉ុន្តែ​វា​ជា​និមិត្ត​រូប​តំណាង​ឲ្យ​ភាព​ថ្លៃថ្នូរ សុភាពរាបសារ និង​លក្ខណៈ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ស្ត្រី​ខ្មែរ។

សម្រាប់​ការ​ធ្វើ​ស្បៃ​នេះ​វិញ ទម្រាំ​តែ​បាន​មួយ​ផ្ទាំង​ៗ ត្រូវ​ចំណាយ​ពេល​ជាង ១ ខែ។ នេះ​បើ​តាម​ការ​សម្ភាសន៍​ជាមួយ​​អ្នកគ្រូ គុម សុគន្ធា ​អតីត​សិស្ស​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ ផ្នែក​សូន​រូប និង​ចាប់​យក​ជំនាញ លំអ និង​កំណាត់ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ AMS ថា ការ​ប៉ាក់​ឌិន​ស្បៃ​នៅ​ពេល​បច្ចុប្បន្ន លោកស្រី​បាន​ចំណាយ​ពេល ៤០ ថ្ងៃ រាប់​ទាំង​ការ​តម្កើង នេះ​បើ​មាន​អ្នក​ធ្វើ ២ នាក់។ តែ​បើ​មាន​គ្នីគ្នា​ច្រើន​រឹតតែ​បន្ថយ​ថ្ងៃ​មក​ទៀត អាច​ត្រឹម ២០ ថ្ងៃ ឬ​យឺត លឿន​តាម​ទឹក​ដៃ​នៃ​ការ​ធ្វើ។

សាស្ត្រាចារ្យ​ដែល​ចាប់​យក​ជំនាញ​លំអ និង​កំណាត់​តាំងពី​ឆ្នាំ ១៩៩៣ រូប​នេះ​បាន​បន្ត​ទៀត​ថា សម្រាប់​ភ្នែក​មាន់ ឬ​ឌិន គឺ​បញ្ជា​ទិញ​ពី​ប្រទេស​បារាំង ហើយ​រំយោលផ្សេង​ៗ​​បញ្ជាទិញ​ពី​ឥណ្ឌា ដែល​សុទ្ធ​សឹង​ជា​របស់​ល្អ។

អ្នកគ្រូ បាន​បន្ថែម​ទៀត​ថា ការ​ដែល​ចង់រៀន​ជំនាញ​នេះ ត្រូវការ​ក្មេង​ៗ​ជំនាន់​ក្រោយ មក​បន្ត​វេន ក្មេង​ៗ​មាន​ថាមពល​ក្នុង​ការ​សិក្សា ដែល​ចង់​ចេះ​ចង់​ដឹង ក្មេង​ៗ​ចាប់ពី​អាយុ ១៥ ឆ្នាំ​ឡើង​ទៅពិតជា​ល្អ ពិសេស​អ្នក​ដែល​ធ្លាប់​មាន​ការ​សិក្សា​បាតគ្រឹះ​ សូនរូប ចេញ​ពី​សាលា​ ហើយ​មក​ហ្វឹកហាត់​​ រៀនសូត្រ លត់ដំ​ កាន់តែ​ងាយ​យល់ និងស្រួល​ក្នុង​ការ​ឌិន​ឆាប់​ចេះ។​

ស្បៃ​ខ្មែរ គឺជា​សម្លៀកបំពាក់​ប្រពៃណី​ជាតិ​ដ៏​មាន​តម្លៃ និង​ជា​អត្តសញ្ញាណ​វប្បធម៌​ដ៏​យូរលង់​របស់​ស្ត្រី​ខ្មែរ ដែល​មាន​ប្រវត្តិ​តាំងពី​សម័យ​នគរភ្នំ (ហ្វូណន) ឬ​តាំង​ពី​ស.វ.ទី៧ មក​ម្ល៉េះ។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ​ថា «ស្បៃ» សំដៅ​លើ​សំពត់​សាច់​ស្តើង​ទន់​ប៉ើងរ៉ើង ដែល​ប្រើ​សម្រាប់​ដណ្ដប់ រុំ ឬ​ពានា​ឆៀង​កាត់​ដើមទ្រូង និង​ស្មា។

ភស្តុតាង​ដ៏​សំខាន់​មួយ​ទៀត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​សិលា​ចារឹក​ប្រាសាទព្រះគោ ខេត្ត​សៀមរាប ចុះ​បញ្ជី​លេខ K.713 ចារឹកនៅឆ្នាំ ៨៩៣ នៃ​គ្រិស្តសករាជ (ស.វ.ទី៩) ក្នុង​រជ្ជកាល​ព្រះបាទ​ស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩ – ៩១០)។ សិលា​ចារឹក​ព្រះ​គោ​នេះ បាន​រៀបរាប់​ថា “នៅ​មហាសករាជឆ្នាំ៨១៥ ថ្ងៃទី៣កើត ខែវិសាខ ព្រះរាជ​បញ្ជា​របស់​ព្រះករុណា​ព្រះ​កម្រ​តេង​អញ​ស្រីយសោវម៌្មទេវ បាន​ថ្វាយ​តង្វាយ​ជា​មាស ប្រាក់ និង​អ្នក​បម្រើ ថ្វាយ​ដល់​ព្រះ​កម្រ​តេង​អញ​តព្រះ បរមេស្វរ”។ នៅក្នុងចំណោម​ទាំងនោះ មាន​តង្វាយ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​មួយ​ដែល​គេ​សរសេរ​ថា៖ “វ្រះស្បៃប្យះអន្រោំមមាសជើងមាស១” ដែល​នៅ​ត្រង់ឃ្លានេះត្រូវបានលោក George Coedès សន្និដ្ឋាន​ថា “ស្បៃ​មួយបែបដែលមានរងជើងធ្វើពីសរសៃសូត្រមាស”។

ក្នុង​សិក្ខាសាលា​តម្រង់​ទិស ស្ដីពី «ស្បៃ​ខ្មែរ និង​របៀប​ប្រើប្រាស់​ក្នុង​ទំនៀមទម្លាប់​ប្រពៃណី និង​អាពាហ៍ពិពាហ៍​ខ្មែរ» នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​ថ្ងៃ ៦ ខែ​តុលា ឆ្នាំ ២០២៦ លោក ឈុំ ម៉េងហុង អគ្គនាយក​បេតិកភណ្ឌ​អរូបី និង​ឧស្សាហកម្ម​វប្បធម៌​ច្នៃ​ប្រតិដ្ឋ បាន​ឲ្យ​ដឹង​ថា ការ​បែងចែក​ស្បៃ គឺ​ផ្អែក​លើ​ការ​វិភាគ​ទៅលើ​រូប​ថត​ឯកសារ និង​ការ​អង្កេត​លើ​ការ​ប្រើប្រាស់​ពេល​បច្ចុប្បន្ន ឃើញ​ថា​ស្បៃ​មាន​ច្រើន​ប្រភេទ និង​មាន​ការ​កំណត់​ឈ្មោះ​ហៅ​ផ្សេង​ៗ​គ្នា។ ប្រភេទ​ស្បៃ​ទាំង​នោះ​មាន ស្បៃ​ខ្វៀល, ស្បៃ​ឆៀង, ស្បៃ​តាត, ស្បៃ​ធំ, ស្បៃ​ជីប​ភ្លី, ស្បៃ​ភួយ និង​ស្បៃ​លាត៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា