ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំងទំនិញ។

Advertisement

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Tokai របស់ជប៉ុន កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុនចែកចាយសម្ភារឧស្សាហកម្ម Trusco Nakayama បានចែកចាយឧបករណ៍មានរូបរាងដូចជាទូទឹកកក ប៉ុន្តែប្រើប្រាស់សម្រាប់ឱ្យមនុស្សចូលទៅដើម្បីកាត់បន្ថយកម្ដៅ មានឈ្មោះថា “Do Hiemon Box”។

ចាប់ផ្ដើមចែកចាយកាលពីខែមេសា ឆ្នាំមុន ត្រឹមរយៈពេលមិនប៉ុន្មានខែ ទូទឹកកកសម្រាប់មនុស្សនេះត្រូវបានលក់ចេញ និងដំឡើងនៅតាមទីតាំងច្រើនជាង ១៣០ កន្លែងនៅទូទាំងប្រទេស រួមមានរោងចក្រ និងការដ្ឋានសំណង់ ដែលសុទ្ធសឹងតែជាកន្លែងដែលអ្នកធ្វើការត្រូវប្រឈមមុខនឹងអាកាសធាតុក្ដៅ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ក្នុងម៉ោងការងារ។

មានរូបរាងខាងក្រៅដូចជាទូទឹកកកធម្មតា ក៏ប៉ុន្តែទូទឹកកកនេះបង្កើតឡើងសម្រាប់ឱ្យមនុស្សអាចចូលទៅខាងក្នុងបាន។ ទូដែលមានកម្ពស់ ២.១ ម៉ែត្រនេះ ប្រើប្រាស់សីតុណ្ហភាពប្រមាណ ១៥ អង្សាសេដើម្បីជួយបញ្ចុះកម្ដៅ និងមានមុខងារបាញ់ខ្យល់ត្រជាក់ដែលមានសីតុណ្ហភាព ៥ អង្សាសេ ទៅកាន់តំបន់ដែលរាងកាយសន្សំកម្ដៅ រួមមាន ក្បាល ក ស្មា និងខ្នង។

ក្រុមហ៊ុនផលិតបានពន្យល់បន្ថែមថា ការចូលទៅសម្រាកក្នុងទូនេះត្រឹមតែ ១០ នាទី អាចជួយកាត់បន្ថយសីតុណ្ហភាពរាងកាយ និងកាត់បន្ថយភាពតានតឹងនៃរាងកាយដែលបង្កឡើងដោយកម្ដៅបាន។ ដើម្បីការពារកុំឱ្យត្រជាក់ពេក ទូនេះក៏មានមុខងារបិទដោយស្វ័យប្រវត្តិ បន្ទាប់ពីមនុស្សចូលទៅនៅក្នុងនោះលើសពី ២០ នាទីផងដែរ។

ដើម្បីភាពងាយស្រួល ទូនេះក៏មានបំពាក់កង់ ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំង និងអាចប្រើប្រាស់បានភ្លាមៗត្រឹមតែភ្ជាប់ទៅនឹងប្រភពអគ្គិសនី ដោយមិនចាំបាច់ដំឡើងអ្វីបន្ថែមឡើយ។ លើសពីនេះ ក្រុមហ៊ុនផលិតបានបញ្ជាក់ថា ទូនេះអាចកាត់បន្ថយការប្រើប្រាស់ថាមពលជាងពាក់កណ្តាល បើប្រៀបធៀបនឹងម៉ាស៊ីនត្រជាក់ចល័តទូទៅ។

ថ្មីៗនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករណ៍ថា ទីក្រុង Kumagaya ក្នុងខេត្ត Saitama អាចមានសីតុណ្ហភាពកើនឡើងរហូតដល់ទៅ ៤០ អង្សាសេ ទន្ទឹមនឹងការប្រកាសអាសន្នអំពីអាការ Heatstroke នៅតាមតំបន់ជាង ៤០ តំបន់ទូទាំងប្រទេស រួមទាំងទីក្រុងតូក្យូ និងអូសាកាផងដែរ។

កន្លងមក នាយកដ្ឋានពន្លត់អគ្គីភ័យតូក្យូក៏បានរាយការណ៍ដែរថា មានមនុស្សច្រើនជាង ១៤០ នាក់ដែលមានរោគសញ្ញាស្រដៀងនឹងអាការ Heatstroke ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ត្រឹមរយៈពេលតែមួយថ្ងៃ ខណៈអ្នកខ្លះស្ថិតនៅក្នុងអាការធ្ងន់ធ្ងរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា