ស្ត្រីជប៉ុនបន្តឈរលេខ ១ ជាប្រជាជនអាយុវែងបំផុត ៤១ ឆ្នាំជាប់ៗគ្នា ចុះបុរសវិញធ្លាក់ទៅលើប្រទេសណា? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ត្រីជប៉ុនបន្តឈរលេខ ១ ជាប្រជាជនអាយុវែងបំផុត ៤១ ឆ្នាំជាប់ៗគ្នា ចុះបុរសវិញធ្លាក់ទៅលើប្រទេសណា?

ស្ត្រីជប៉ុនបន្តឈរលេខ ១ ជាប្រជាជនអាយុវែងបំផុត ៤១ ឆ្នាំជាប់ៗគ្នា ចុះបុរសវិញធ្លាក់ទៅលើប្រទេសណា?

ស្ត្រីជនជាតិជប៉ុននៅតែបន្តរក្សាតំណែងជាប្រជាជនដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោកសម្រាប់រយៈពេល ៤១ ឆ្នាំជាប់ៗគ្នា ខណៈតំណែងប្រទេសដែលមានប្រជាជនភេទប្រុសអាយុវែងជាងគេបំផុតធ្លាក់ទៅលើប្រទេសស៊ុយអែត។

Advertisement

ផ្អែកតាមសារព័ត៌មាន The Japan Times អាយុសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនជប៉ុនទាំង ២ ភេទបានកើនឡើងបើប្រៀបធៀបនឹងឆ្នាំមុន។ ទិន្នន័យពីក្រសួងសុខាភិបាល ពលកម្ម និងសុខុមាលភាព បានបង្ហាញថា ក្នុងឆ្នាំនេះ អាយុសង្ឃឹមរស់ជាមធ្យមសម្រាប់ស្ត្រីស្ថិតនៅក្នុងអាយុ ៨៧.៣៣ ឆ្នាំ កើនឡើងចំនួន ០.២ ឆ្នាំ។ សម្រាប់បុរសវិញ អាយុសង្ឃឹមរស់ជាមធ្យមគឺ ៨១.៣៥ ឆ្នាំ កើនឡើង ០.២៥ ឆ្នាំ។

ដោយឡែក ប្រទេសកូរ៉េខាងត្បូងវិញ បានឈរនៅចំណាត់ថ្នាក់លេខ ២ ជាប្រទេសដែលមានប្រជាជនភេទស្រីអាយុវែងបំផុត ដោយមានអាយុសង្ឃឹមរស់ជាមធ្យម ៨៦.៦ ឆ្នាំ បន្ទាប់មកគឺប្រទេសអេស្ប៉ាញដែលមានអាយុសង្ឃឹមរស់ ៨៦.៥៣ ឆ្នាំ។

សារព័ត៌មាន NHK World បានឱ្យដឹងថា សម្រាប់បុរស ប្រទេសស៊ុយអែតបានឈរនៅតំណែងកំពូល ជាមួយនឹងអាយុសង្ឃឹមរស់ជាមធ្យម ៨២.៥២ ឆ្នាំ នាំមុខប្រទេសស្វ៊ីសដែលបុរសមានអាយុសង្ឃឹមរស់ជាមធ្យម ៨២.៤ ឆ្នាំ និងប្រទេសអ៊ីតាលីដែលស្ថិតនៅក្នុងតួលេខ ៨១.៧៤ ឆ្នាំ។

យ៉ាងណាមិញ សម្រាប់ប្រជាជនភេទប្រុសនេះ ប្រទេសជប៉ុនបានធ្លាក់ចុះមួយចំណាត់ថ្នាក់ ដោយផ្លាស់ពីចំណាត់ថ្នាក់លេខ ៦ មកលេខ ៧។

ក្រសួងសុខាភិបាលជប៉ុនបានគូសបញ្ជាក់ថា ការកើនឡើងជាលំដាប់នៃអាយុសង្ឃឹមរស់ជាមធ្យមនេះ ភាគច្រើនដោយសារតែអត្រាមរណភាពដោយសារជំងឺមហារីកមួយចំនួន និងជំងឺបេះដូងមានការថយចុះ។ ការព្យាករណ៍ក៏បានបង្ហាញផងដែរថា ហានិភ័យពេញមួយជីវិតនៃការស្លាប់ដោយសារជំងឺមហារីក ជំងឺបេះដូង ឬជំងឺសរសៃឈាមខួរក្បាល ក្នុងចំណោមទារកដែលកើតក្នុងឆ្នាំ ២០២៥ ក៏នឹងមានការថយចុះដូចគ្នា៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា