លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី ដោយករណីមួយពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលគេសង្ស័យថាជាចារនារីចិន និងករណីមួយទៀតពាក់ព័ន្ធនឹងនាយកប្រតិបត្តិម្នាក់ក្នុងក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បានប្រកាសនៅថ្ងៃទី ១២ ខែវិច្ឆិកា ថា លោក Jensen Huang បានសម្រេចលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រោយលោកបានកាន់កាប់តំណែងជា CEO ចាប់តាំងពីពេលបង្កើតក្រុមហ៊ុននៅក្នុងឆ្នាំ ១៩៩៣។

លោកស្រី Colette Kress ដែលបច្ចុប្បន្នជាអនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន Nvidia បានយល់ព្រមចូលកាន់តំណែងជានាយកប្រតិបត្តិស្តីទី។ លោកស្រីនឹងបន្តបម្រើការងារជាអនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកហិរញ្ញវត្ថុ ទន្ទឹមនឹងការកាន់តំណែងជានាយកប្រតិបត្តិស្តីទី រហូតដល់មានការតែងតាំងអ្នកស្នងតំណែងអចិន្ត្រៃយ៍។

ការផ្ទុះឡើងនូវរឿងអាស្រូវស្នេហាលួចលាក់ និងការចាកចេញរបស់លោក Jensen Huang បានធ្វើឱ្យក្រុមហ៊ុន Nvidia ធ្លាក់ចូលទៅក្នុងវិបត្តិ និងបង្កឱ្យមានភាពរង្គោះរង្គើនៅក្នុងឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI)។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះរហូតដល់ ១៤.៣ ភាគរយ មុននឹងងើបឡើងវិញ ដោយបិទការជួញដូរជាមួយនឹងការធ្លាក់ចុះ ៤.៣ ភាគរយ។

ក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនបានបាត់បង់តម្លៃទីផ្សារជិត ៤៩៣ ប៊ីលានដុល្លារអាមេរិក ខណៈនៅថ្ងៃទី ១២ ខែវិច្ឆិកានេះ Nvidia មានមូលធននីយកម្មទីផ្សារប្រមាណ ៤.០១ ទ្រីលានដុល្លារអាមេរិក។

សារព័ត៌មាន Reuters បានឱ្យដឹងបន្ថែមថា ការចាកចេញរបស់លោក Jensen Huang អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់គោលនយោបាយនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិក និងប្រព័ន្ធអេកូឡូស៊ី AI ទាំងមូល ដោយហេតុថា កន្លងមក លោក Jensen Huang គឺជាអ្នកព្យាយាមរក្សាទីផ្សារនៅប្រទេសចិន ខណៈលោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរ។

គួរឱ្យដឹងផងដែរថា រឿងអាស្រូវសហាយស្មន់របស់លោក Jensen Huang ត្រូវបានលាតត្រដាងអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយចាប់ផ្តើមពីរបាយការណ៍របស់កាសែត New York Times កាលពីខែតុលា ឆ្នាំ ២០២៥ ដែលបានភ្ជាប់ទំនាក់ទំនងលោកទៅនឹងលោកស្រី Alice Huang អតីតនាយកប្រតិបត្តិនៅក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងជាដៃគូ Cloud របស់ក្រុមហ៊ុន Nvidia។

របាយការណ៍ជាបន្តបន្ទាប់បានឱ្យដឹងថា មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់ថា លោកស្រី Alice Huang កំពុងធ្វើសកម្មភាពក្នុងនាមជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានបដិសេធថា លោកស្រី Alice Huang មិនមែនជាចារនារីរបស់ខ្លួននោះទេ។

កាលពីដើមខែ វិច្ឆិកា នេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បានបើកការស៊ើបអង្កេតមួយ ដើម្បីពិនិត្យមើលថាតើលោក Jensen Huang ត្រូវបានកំណត់ជាគោលដៅនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់បរទេសដែរឬទេ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា