Jin សារភាពថា បញ្ហាអាយុធ្វើឱ្យសមត្ថភាពរបស់ខ្លួនធ្លាក់ទាបជាងសមាជិក BTS ដទៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Jin សារភាពថា បញ្ហាអាយុធ្វើឱ្យសមត្ថភាពរបស់ខ្លួនធ្លាក់ទាបជាងសមាជិក BTS ដទៃ

Jin សារភាពថា បញ្ហាអាយុធ្វើឱ្យសមត្ថភាពរបស់ខ្លួនធ្លាក់ទាបជាងសមាជិក BTS ដទៃ

Jin បានអង្គុយជជែកជាមួយទស្សនាវដ្តី Rolling Stone ពីការត្រឡប់មកធ្វើការ និងការជួបជុំគ្នាវិញក្នុងរយៈពេលជិត ៤ ឆ្នាំរបស់ BTS។ ក្នុងឱកាសនោះ បងធំប្រចាំក្រុមរូបនេះ បានបើកចិត្តនិយាយអំពីបញ្ហាអាយុ ដែលចាប់ផ្តើមក្លាយជាឧបសគ្គក្នុងអាជីពជាអាយដលនៃវិស័យ K-Pop។

Advertisement

នៅក្នុងកិច្ចសម្ភាសន៍ដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅ តារាប្រុសវ័យ ៣៣ ឆ្នាំរូបនេះ បានទម្លាយពីបញ្ហាផ្ទាល់ខ្លួនក្នុងនាមជាសមាជិកដែលមានអាយុច្រើនជាងគេថា៖ “ខ្ញុំគិតថា វាទាក់ទងនឹងការប្រើប្រាស់រាងកាយយ៉ាងខ្លាំងជាបន្តបន្ទាប់។ បើទោះបីជាក្បាច់រាំទាំងនោះជាក្បាច់ដដែលក៏ពិតមែន ប៉ុន្តែនៅពេលនេះ វាហាក់ដូចជាពិបាកជាងមុន ហើយវាគឺជាបន្ទុកដែលខ្ញុំត្រូវតែស៊ូទ្រាំ”។

ទោះជាយ៉ាងនេះក្តី Jin មិនបានចុះចាញ់នឹងឧបសគ្គនេះឡើយ ដោយលោកបានបង្ហាញពីការខិតខំប្រឹងប្រែង ដើម្បីអាចសម្ដែងឱ្យបានល្អបំផុតសម្រាប់ក្រុមអ្នកគាំទ្រ ARMY។ ទន្ទឹមគ្នានេះ តារាប្រុសរូបនេះក៏បានប្រៀបធៀបខ្លួនឯងទៅនឹងសមាជិកដទៃទៀតថា៖ “បើនិយាយតាមត្រង់ ខ្ញុំដឹងថាខ្លួនឯងមិនអាចរាំបានល្អដូចសមាជិកដទៃទៀតទេ។ ដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តទៅហាត់មុនមិត្តភក្តិ និងត្រឡប់ទៅផ្ទះក្រោយគេ ដើម្បីតាមឱ្យទាន់សមាជិកដទៃទៀតជានិច្ច”។

ទោះបីជាមានអារម្មណ៍ថាដើរយឺតជាងសមាជិកដទៃក្នុងផ្នែកខ្លះក៏ពិតមែន ប៉ុន្តែមានរឿងមួយដែល Jin ជឿជាក់ថាខ្លួនឯងអាចឈ្នះប្អូនៗបាន នោះគឺរឿងសម្រស់ ដែលសមនឹងរហស្សនាមថា “Worldwide Handsome”។ លោកបាននិយាយបែបលេងសើចថា៖ “ខ្ញុំពិតជាគិតថា ខ្ញុំមានរូបរាងសង្ហាជាងសមាជិកដទៃទៀត។ យ៉ាងហោចណាស់ ក៏ខ្ញុំគួរតែមានរឿងមួយដែលខ្ញុំពូកែបំផុតក្នុងក្រុមដែរ”។

ក្រៅពីនេះ Jin ក៏បាននិយាយអំពីការធ្វើអាល់ប៊ុម ARIRANG របស់ BTS ដែលលោកបានបាត់បង់ឱកាសក្នុងការចូលរួមតែងនិពន្ធចម្រៀង ដោយសារភាពមមាញឹកនៃកម្មវិធីប្រគំតន្ត្រីទោល “#RUNSEOKJIN_EP.TOUR”។ នៅពេលដែលលោកបានទៅជួបប្អូនៗនៅស្ទូឌីយោក្នុងសហរដ្ឋអាមេរិក ក្រុមការងារ និងសមាជិក BTS ផ្សេងទៀត បានសរសេរបទចម្រៀងបានច្រើនជាង ១០០ បទបាត់ទៅហើយ។

មុននឹងបញ្ចប់ Jin ក៏បានបង្ហើបពីក្ដីស្រមៃរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំខាងមុខថា៖ “ក្ដីសុបិនដ៏ធំបំផុតរបស់ខ្ញុំ គឺការបានធ្វើកម្មវិធីប្រគំតន្ត្រីជាមួយ BTS និងជួបជាមួយអ្នកគាំទ្រនៅជុំវិញពិភពលោកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា