ភស្តុតាង​ប្រវត្តិសាស្ត្រ! ប្រាសាទ​ឃ្លាំង​មាន​ចារឹក​ផែន​ទី​ដី​ធ្លី​សម័យ​បុរាណ និង​សម្បថ​មន្ត្រី​រដ្ឋបាល​សម័យ​អង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភស្តុតាង​ប្រវត្តិសាស្ត្រ! ប្រាសាទ​ឃ្លាំង​មាន​ចារឹក​ផែន​ទី​ដី​ធ្លី​សម័យ​បុរាណ និង​សម្បថ​មន្ត្រី​រដ្ឋបាល​សម័យ​អង្គរ

ភស្តុតាង​ប្រវត្តិសាស្ត្រ! ប្រាសាទ​ឃ្លាំង​មាន​ចារឹក​ផែន​ទី​ដី​ធ្លី​សម័យ​បុរាណ និង​សម្បថ​មន្ត្រី​រដ្ឋបាល​សម័យ​អង្គរ

មិន​ត្រឹម​ជា​សំណង់​សាសនា ប្រាសាទ​ឃ្លាំង​ដែល​ស្ថិត​នៅ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប​ជា «បណ្ណសារដ្ឋាន​រដ្ឋបាល» ដ៏​សំខាន់​ក្នុង​សម័យ​អង្គរ ដែល​បាន​ចារ​ទុក​នូវ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​បុរាណ អាយុកាល​ជាង ១ ០០០ឆ្នាំ ព្រម​ទាំង​សម្បថ​នៃ​មន្ត្រី​រាជការ​ក្នុង​សាមន្តរាជ។

Advertisement

ស្ថិតនៅពីក្រោយប្រាសាទសួរព្រ័ត និងនៅប៉ែកខាងកើតនៃព្រះបរមរាជវាំង ប្រាសាទឃ្លាំង គឺជាសំណង់ថ្មភក់ភ្លោះដ៏ស្វាហាប់ ដែលឈរអមសងខាងផ្លូវឆ្ពោះទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ ដែល​ប្រាសាទដ៏វិចិត្រទាំងពីរនេះ មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុង បើទោះបីជាត្រូវបានកសាងឡើងក្នុងរជ្ជកាលខុសគ្នាក៏ដោយ។

ប្រាសាទឃ្លាំងខាងជើង កសាងឡើងនៅចុងសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវម៌ទី៥ ដែលដំបូងឡើយបានផ្តួចផ្តើមសាងក្នុងរាជ្យព្រះបាទរាជេន្ទ្រវម៌ទី២។ សំណង់នេះ ប្រហែលមានប្រក់ដំបូលធ្វើអំពីឈើ ប៉ុន្តែក្រោយមកត្រូវបានរុះរើ និងសាងសង់ជំនួសដោយថ្មភក់វិញយ៉ាង​រឹងមាំ។ ប្រាសាទឃ្លាំងខាងត្បូង កសាងនៅដើមសតវត្សរ៍ទី១១ ដោយព្រះបាទសូរ្យវម៌ទី១ ដែលមានរូបរាងដូចទៅនឹងឃ្លាំងជើងដែរ ប៉ុន្តែមានទំហំតូចជាងបន្តិច។

គួររម្លឹកថា សំណង់ទាំងពីរនេះគឺជាដើមកំណើតនៃរចនាបថសិល្បៈសម័យអង្គរដ៏ល្បីល្បាញ គឺ “រចនាបថឃ្លាំង” ដែលមានឥទ្ធិពលទៅដល់ប្រាសាទល្បីៗផ្សេងទៀត ដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវ ជាដើម។ ក្រៅពីតម្លៃផ្នែកស្ថាបត្យកម្ម ប្រាសាទឃ្លាំងមិនមែនគ្រាន់តែជាសំណង់សាសនាធម្មតានោះទេ ប៉ុន្តែវាជា “បណ្ណសារដ្ឋានរដ្ឋបាល” ដ៏សំខាន់បំផុតមួយក្នុងសម័យអង្គរ តាមរយៈភស្តុតាងប្រវត្តិសាស្ត្រដែលបានចារឹកទុកនៅលើជញ្ជាំងថ្ម។ ទី១ គឺផែនទីដីធ្លីចារលើថ្ម (ប្រាសាទឃ្លាំងខាងជើង) នៅលើមេបង្អួចមួយ។ ជា “ផែនទីដីធ្លី” ឬប្លង់កម្មសិទ្ធិដីធ្លីបុរាណ ដែលមានអាយុកាលជាង ១ ០០០ឆ្នាំ។ នេះជាភស្តុតាងដ៏កម្រ និងមានតម្លៃមហាសាល ដែលបង្ហាញថា ចក្រភពខ្មែរសម័យនោះ មានប្រព័ន្ធគ្រប់គ្រង ចុះបញ្ជី និងបែងចែកកម្មសិទ្ធិដីធ្លីរបស់រដ្ឋ និងប្រជារាស្ត្រយ៉ាងច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួចទៅហើយ។

ទី២ ជាសិលាចារឹកពាក្យសម្បថនៃក្រុមតម្រួត (K.292) ដែលបានចារនៅលើមេទ្វារនៃប្រាសាទឃ្លាំងខាងត្បូង។ គឺជាពាក្យសម្បថរបស់ក្រុមអ្នកកាន់កាប់កិច្ចការរដ្ឋបាល ឬមន្ត្រីរាជការក្នុងសាមន្តរាជ) ចំនួន ៤០០ នាក់ មកពីបណ្តាតំបន់ចំណុះនានាជុំវិញចក្រភព។ ខ្លឹមសារ​សំខាន់នៃពាក្យសម្បថនោះ មានសេចក្តីថា «ក្រុមមន្ត្រីទាំងអស់ត្រូវស្បថថ្វាយជីវិត ចំពោះមុខព្រះភក្ត្ររបស់ ព្រះបាទសូរ្យវម៌ទី១ ដោយសន្យាថានឹងស្មោះត្រង់ ការពារព្រះមហាក្សត្រ ការពារទឹកដី មិនក្បត់រាជបល្ល័ង្ក និងបំពេញការងាររដ្ឋបាលដោយយុត្តិធម៌។ ប្រសិនបើជនណាក្បត់ ពាក្យសម្បថនោះនឹងធ្លាក់នរក ប៉ុន្តែបើស្មោះត្រង់នឹងទទួលបានបុណ្យកុសល និងការលើកតម្កើង ជាដើម»។

ភស្តុតាងទាំងផែនទីដីធ្លី និងសិលាចារឹកពាក្យសម្បថនៅប្រាសាទឃ្លាំង បានផ្តល់ព័ត៌មាន យ៉ាងច្បាស់ថា ក្នុងសម័យអង្គរ ចក្រភពខ្មែរមាន “ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលកណ្តាល” ដ៏មានឥទ្ធិពល និងមានរបៀបរៀបរយខ្ពស់បំផុត។ វាស្តែងឱ្យឃើញពីការបង្រួបបង្រួមជាតិ ការពង្រឹងអំណាចច្បាប់ និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមន្ត្រីរាជការយ៉ាងតឹងរ៉ឹង ដែលជាគ្រឹះស្ថានដ៏រឹងមាំធ្វើឱ្យចក្រភពអង្គរឈានដល់ចំណុចកំពូលនៃភាពរុងរឿង៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា