ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ

ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ

ផ្អែកតាមការឱ្យដឹងរបស់មេធាវី Kho Sang Rock ដែលជាតំណាងផ្លូវច្បាប់របស់ Kim Soo Hyun បានបញ្ជាក់ថា ការវិលត្រឡប់មកកាន់វិស័យសិល្បៈរបស់តារាប្រុសកំពុងស្ថិតនៅក្រោមការពិភាក្សាយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្នបំផុត ដោយសង្កត់ធ្ងន់ថា ការស្ដារស្ថានភាពផ្លូវចិត្ត និងព្យាយាមធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃត្រឡប់មកជាប្រក្រតីវិញ គឺជាអាទិភាពចម្បងបំផុត។

Advertisement

នៅក្នុងកម្មវិធី Wise Radio Life របស់ស្ថានីយវិទ្យុ YTN កាលពីថ្ងៃទី ១ ខែមិថុនា មេធាវី Kho Sang Rock បានឆ្លើយតបទៅនឹងសំណួរនានាជុំវិញលទ្ធភាពនៃការវិលត្រឡប់មកវិញរបស់ Kim Soo Hyun បន្ទាប់ពីបានឆ្លងកាត់ជម្លោះផ្លូវច្បាប់ និងរឿងអាស្រូវជាច្រើនខែកន្លងមក។

លោក Kho Sang Rock បាននិយាយថា៖ “ការពិភាក្សាជាក់លាក់ណាមួយជុំវិញការវិលត្រឡប់មកវិញរបស់លោក គឺពិបាកនឹងធ្វើអត្ថាធិប្បាយណាស់នៅក្នុងដំណាក់កាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាទីប្រឹក្សាច្បាប់របស់លោក ខ្ញុំនឹងបន្តផ្តល់ការគាំទ្រ ដើម្បីឱ្យលោកអាចវិលត្រឡប់មកជួបសាធារណជនវិញតាមរយៈស្នាដៃសម្តែងរបស់លោកនៅថ្ងៃណាមួយ”។

មេធាវីរូបនេះបានរៀបរាប់ថា តារាប្រុសវ័យ ៣៨ឆ្នាំកំពុងតែព្យាយាមស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញជាបណ្តើរៗ បន្ទាប់ពីបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការចោទប្រកាន់ជាសាធារណៈ។

លោក Kho Sang Rock បានបន្តថា៖ “លោកត្រូវបានគេរុញឱ្យធ្លាក់ទៅក្នុងស្ថានភាពមួយដែលកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនស្ទើរតែបំផ្លាញទាំងស្រុង។ បច្ចុប្បន្ន តារាសម្តែងរូបនេះ កំពុងផ្ដោតចម្បងទៅលើការស្តារជីវិតប្រចាំថ្ងៃ និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ”។

រឿងរ៉ាវចម្រូងចម្រាសនេះបានចាប់ផ្តើមឡើងតាំងពីខែមីនា ឆ្នាំ ២០២៤ នៅពេលដែលអតីតតារាសម្តែងស្រី Kim Sae Ron បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញពីភាពជិតស្និទ្ធរវាងនាង និង Kim Soo Hyun នៅលើបណ្តាញសង្គម រួចក៏បានលុបចេញវិញភ្លាមៗ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីរឿងរ៉ាវស្នេហា។ នៅពេលនោះ ភ្នាក់ងាររបស់ Kim Soo Hyun បានបដិសេធការសង្ស័យទាំងនោះភ្លាមៗ។

បញ្ហានេះបានផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពី Kim Sae Ron បានបាត់បង់ជីវិតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ បន្ទាប់មក លោក Kim Se Eui ដែលជាប្រធានគណនី YouTube Hover Lab និងសមាជិកគ្រួសារនៃសពតារាសម្តែងស្រីរូបនេះ បានចេញមុខចោទប្រកាន់ជាសាធារណៈថា Kim Soo Hyun មានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron កាលពីនាងនៅជាអនីតិជន។

បន្ថែមពីនេះ លោក Kim Se Eui បានបញ្ចេញរូបថត ខ្សែអាត់សំឡេង និងឯកសារផ្សេងៗទៀតជាភស្តុតាង និងបានលើកឡើងថា សម្ពាធហិរញ្ញវត្ថុពាក់ព័ន្ធនឹងការសងបំណុលក៏ជាចំណែកមួយដែលបណ្តាលឱ្យនាងឈានទៅដល់ការបញ្ចប់ជីវិតខ្លួនឯងផងដែរ។

តំណាងរបស់ Kim Soo Hyun បានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយជាបន្តបន្ទាប់។ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានរៀបចំឡើងកាលពីខែមីនា ឆ្នាំ ២០២៥ តំណាងផ្លូវច្បាប់របស់តារាសម្តែងរូបនេះបានថ្លែងថា លោកមិនដែលពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាណាមួយជាមួយ Kim Sae Ron កាលពីនាងនៅជាអនីតិជនឡើយ។

ទន្ទឹមគ្នានេះ ភាគីខាង Kim Soo Hyun បានបកស្រាយថា ឯកសារមួយចំនួនដែលបង្ហាញដោយភាគីម្ខាងទៀត គឺជាឯកសារដែលត្រូវបានកាត់ត ឬក្លែងបន្លំ។

បច្ចុប្បន្ន នីតិវិធីផ្លូវច្បាប់ពាក់ព័ន្ធនឹងរឿងនេះកំពុងបន្តនៅឡើយ ខណៈមានដីកាចាប់ខ្លួនលោក Kim Se Eui។ យ៉ាងណាមិញ លោក Kim Se Eui បានប្រកែកលើការចោទប្រកាន់ និងដាក់ពាក្យបណ្ដឹងសុំពិនិត្យឡើងវិញ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា