ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា ៥០០ ០០០នាក់ ក្នុងឆ្នាំ២០២៥ ច្រើនជាងកាលពីឆ្នាំ ២០២១​ ចំនួន ៦ដង។

របាយការណ៍ពី Korea Tourism Organization បានបង្ហាញថា ក្នុងចំណោមជនបរទេសសរុប ១៨.៩៤ លាននាក់ដែលចូលមកក្នុងប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ ២០២៥ មានប្រមាណ ៥០៥ ៤១០នាក់ ឬស្មើនឹង ២.៧ភាគរយ បានមកកាន់ប្រទេសនេះ ក្នុងគោលបំណងដើម្បីសិក្សា និងទទួលការបណ្តុះបណ្តាល។

ទេសចរណ៍នៅតែជាគោលបំណងចម្បងដែលជនបរទេសធ្វើដំណើរមកប្រទេសដើមកំណើតតន្ត្រីខេប៉ុបមួយនេះ ដោយមានចំនួនសរុបប្រមាណ ១៥.៨២ លាននាក់ បន្តដោយជំនួញ និងពាណិជ្ជកម្មតាមពីក្រោយដោយមានការមកដល់ចំនួន ១៤.៣ ម៉ឺននាក់ ខណៈដែលអាជីវកម្មផ្លូវការមានចំនួន ៧ម៉ឺន ៣ពាន់នាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ។

កំណើននៃនិស្សិតអន្តរជាតិបានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងចន្លោះពេលជំងឺរាតត្បាតកូវីដ-១៩ នាឆ្នាំ២០២១ មានជនបរទេសត្រឹមតែ ៨០ ០៨៤ នាក់ប៉ុណ្ណោះដែលបានចូលមកសិក្សា ខណៈចំនួននេះបានបន្តកើនឡើងជាបន្តបន្ទាប់ រហូតដល់ហួសកន្លះលាននាក់នៅក្នុងឆ្នាំ ២០២៥។

លោកស្រី Jin Sun-mee តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យបាននិយាយថា ការកើនឡើងនៃចំនួនសិស្សនេះបណ្ដាលមកពីប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់តន្ត្រីខេប៉ុប និងភាគយន្តភាគកូរ៉េនៅលើឆាកអន្តរជាតិ។ បាតុភូតវប្បធម៌នេះបានបង្កើនចំណាប់អារម្មណ៍ដោយផ្ទាល់ក្នុងការរៀនភាសាកូរ៉េ និងការស្វែងរកកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាផ្លូវការនៅក្នុងប្រទេសអាស៊ីមួយនេះ។

លោកស្រី Jin Sun-mee បានលើកឡើងថា៖ “ការរីករាលដាលជាសកលនៃមាតិកា K-content កំពុងផ្តល់ផ្លែផ្កាលើសពីទេសចរណ៍រយៈពេលខ្លី ដោយជំរុញតម្រូវការសម្រាប់ការស្នាក់នៅរយៈពេលយូរ ដូចជាការសិក្សា និងការបណ្តុះបណ្តាលផ្សេងៗជាដើម”៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា