មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គរ​បន្ត​ធ្វើ​​មក​ដល់​សព្វ​ថ្ងៃ។ «រានម៉ា» ឬ «រានកោរ» ធ្វើឡើងពីឈើ មានរាងដូចប្រាសាទ មាន ៣ រួត ព្រមទាំងផ្នែកកំពូល។

តាម​រយៈ​រូប​ថត​ដែល​ថត​តាំង​ពី​ឆ្នាំ ២០២៣ នៅ​ភូមិ​តានី សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេជោសែន ខេត្ត​សៀមរាប បាន​បង្ហាញ​អំពី​សំណង់​ពិសេស​ដែល​អ្នក​តំបន់​អង្គរ​បាន​សាងសង់​ឡើង​ដើម្បី​ប្រារព្ធ​ពិធី​កោរ​ជុក ត្បិត​សំណង់​នេះ​មាន​ភាព​សំខាន់ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ពិធី​បុរាណ​មួយ​នេះ។

តាម​ទំនៀម​កោរ​ជុក អ្នក​ស្រាវជ្រាវ​យល់​ថា «រាន​កោរ» (អ្នក​ស្រុក​ខ្លះ​ហៅ​ថា​រាន​ម៉ា) គឺ​ជា​និមិត្តរូប​ភ្នំ​កៃលាស។ សំណង់ «រាន​ម៉ា» ត្រូវ​សង់​ឱ្យ​ខ្ពស់​ផុត​ដី ជា​ទូទៅ​ខ្ពស់​ជាង​ផ្ទះ ឬ​រោង​រៀប​ចំ​ពិធី ដោយ​មាន​ការ​តុបតែង​យ៉ាង​ផ្ចិតផ្ចង់ និង​វិចិត្រ​ក្រៃលែង​តាម​បែប​ប្រពៃណី។ ជា​ទូទៅ «រាន​ម៉ា» តែង​ភ្ជាប់​ទៅ​ដី ឬ​ភ្ជាប់​ទៅផ្ទះ​ដោយ​ស្ពាន​តូច​មួយ។

ក្នុង​ពិធី​កោរជុក គេ​ធ្វើ​កិច្ច​សំខាន់​​២ នៅ​លើ​រាន​កោរ​នេះ។ ឧទាហរណ៍​មួយ​​​​នៃ​ពិធី​កោរ​ជុក​​នៅ​ភូមិ​ត្នោត​ជ្រុំ ខេត្ត​សៀមរាប លោក​អាចារ្យ​នាំ​ក្មេង​ដែល​ត្រូវ​ផ្ដាច់​​ជុក​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​មក​​​​​​​​ធ្វើ​ធ្មេញ​​នៅ​​លើ​​រាន​កោរ។ បន្ទាប់​​មក ទើប​ព្រះ​សង្ឃ​​​និមន្ត​​​​​ធ្វើ​កិច្ច​ផ្ដាច់​ជុក​​ជា​ស្ថាពរ​​​​។ ប៉ុន្តែ​​នៅ​ភូមិ​ខ្លះ​ទៀត គេ​ប្រើ​​រាន​​កោរ​សម្រាប់​តែ​កិច្ច​ផ្ដាច់​ជុក​តែ​ម្ដង​គត់។ 

គួរ​បញ្ជាក់​ថា រានម៉ា មិនត្រឹមតែជាទីកន្លែងសម្រាប់ប្រារព្ធកិច្ចកោរជុក ដែលគ្រងកិច្ចពិធីដោយអាចារ្យ និងព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែសំណង់នេះក៏មានអត្ថន័យជានិមិត្តរូបផ្នែកជំនឿ និងសាសនា។ គេយល់ថា សំណង់នេះគឺជានិមិត្តរូបនៃភ្នំកៃលាស ដែលជាលំនៅរបស់ព្រះសិវៈក្នុងជំនឿព្រហ្មញ្ញសាសនា។

សំណង់រានម៉ា និងពិធីកោរជុក ឆ្លុះបញ្ចាំងពីការបន្តប្រពៃណី ជំនឿ និងចំណេះដឹងសិល្បៈសំណង់របស់អ្នកស្រុកក្នុងតំបន់អង្គរ ដែលជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្មែរ៕

រូបភាព ៖ លោកសាស្រ្តាចារ្យ ផុន កសិកា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា