«រៀនកែប្រែចរិតខ្លួនឯង» ឱ្យស្របទៅនឹងអ្វីដែលយើងប្រាថ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«រៀនកែប្រែចរិតខ្លួនឯង» ឱ្យស្របទៅនឹងអ្វីដែលយើងប្រាថ្នា

«រៀនកែប្រែចរិតខ្លួនឯង» ឱ្យស្របទៅនឹងអ្វីដែលយើងប្រាថ្នា

មនុស្សជាច្រើនតែងតែប្រាថ្នាចង់បានជីវិតមួយដែលជោគជ័យ មានសុខភាពល្អ និងមានសេចក្តីសុខ ប៉ុន្តែបែរជាភ្លេចគិតថា បើចង់បានលទ្ធផលថ្មី យើងមិនអាចបន្តធ្វើសកម្មភាពបែបចាស់បានឡើយ។ ការផ្លាស់ប្តូរជីវិតមិនមែនជាការធ្វើរឿងដ៏អស្ចារ្យត្រឹមតែមួយថ្ងៃនោះទេ ប៉ុន្តែវាគឺជាការចេះសម្របសម្រួល និងកែប្រែទម្លាប់ប្រចាំថ្ងៃឱ្យស្របទៅនឹងគោលដៅ និងក្ដីប្រាថ្នាពិតប្រាកដរបស់យើង។

Advertisement

ខាងក្រោមនេះ AMS សូមចែករំលែកនូវគោលការណ៍ណែនាំចិត្តសាស្ត្រ និងការអនុវត្តជាក់ស្តែងខ្លះៗ ដែលនឹងជួយបំភ្លឺផ្លូវឱ្យអ្នកអាចបង្កើតទម្លាប់ថ្មី ដើម្បីកសាងខ្លួនឯងឱ្យក្លាយជាមនុស្សម្នាក់ដែលអ្នកតែងតែស្រមៃចង់ក្លាយជា៖

១. ចាប់ផ្តើមពីការដឹងថាខ្លួនឯងចង់បានអ្វី៖ ប្រសិនបើមិនដឹងថាខ្លួនឯងត្រូវការអ្វីទេ ទម្លាប់ដែលព្យាយាមកែប្រែក៏គ្មានទិសដៅច្បាស់លាស់ដែរ។ ប្រសិនបើសុបិនគ្រាន់តែជាភាពស្រពិចស្រពិលគ្មានរូបរាង វាមិនអាចទាញយើងឱ្យដើរទៅមុខបានទេ នៅក្នុងថ្ងៃដែលយើងចង់បោះបង់

២. ទទួលស្គាល់ថាបច្ចុប្បន្នរបស់ខ្លួនឯងបែបណា៖ មុននឹងផ្លាស់ប្តូរ យើងត្រូវតែហ៊ានសម្លឹងមើល និងវាយតម្លៃខ្លួនឯងទៅតាមការពិតជាមុនសិន។ រឿងខ្លះដែលយើងធ្វើរាល់ថ្ងៃមិនបានផ្តល់ផលល្អដល់យើងទេ គ្រាន់តែយើងមិនដែលធ្លាប់សួរខ្លួនឯងថា «ហេតុអ្វីបានជាយើងនៅតែបន្តធ្វើវា?»។

៣. កុំផ្លាស់ប្តូរគ្រប់យ៉ាងក្នុងពេលតែមួយ៖ មនុស្សដែលជោគជ័យក្នុងការផ្លាស់ប្តូរពិតប្រាកដ ច្រើនចាប់ផ្តើមចេញពីចំណុចតូចៗត្រឹមតែមួយមុខប៉ុណ្ណោះ។

៤. ទម្លាប់កើតចេញពីការធ្វើដដែលៗ មិនមែនកើតពីការតាំងចិត្តនោះទេ៖ ការនិយាយថានឹងផ្លាស់ប្តូររាល់ថ្ងៃតែមិនព្រមចាប់ផ្ដើមធ្វើ វានៅតែជាពាក្យសម្តីខ្យល់។

៥. បរិស្ថានជុំវិញខ្លួនតែងតែបង្កើតទម្លាប់ឱ្យយើងជានិច្ច៖ បើចង់ប្តូរទម្លាប់ សាកល្បងផ្លាស់ប្តូររបស់របរ ឬបរិយាកាសជុំវិញខ្លួនជាមុនសិន។ មនុស្សជុំវិញខ្លួនមានឥទ្ធិពលជាងអ្វីដែលយើងគិត៖ នៅក្បែរនរណាកាន់តែយូរ យើងនឹង ក្លាយទៅជាមនុស្សបែបនោះសន្សឹមៗដោយមិនដឹងខ្លួន។

៦. ឈប់រង់ចាំថ្ងៃដែលខ្លួនឯង ‘រួចរាល់’៖ ថ្ងៃដែលយើងមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ ១០០% ជារឿយៗមិនដែលមកដល់ឡើយ ប្រសិនបើយើងនៅតែអង្គុយរង់ចាំវា។

៧. ភាពជាប់លាប់សំខាន់ជាងភាពល្អឥតខ្ចោះ៖ ធ្វើបាន ៦០% រាល់ថ្ងៃ គឺល្អជាងធ្វើបាន ១០០% តែត្រឹមមួយថ្ងៃហើយបាត់ស្រមោល។

៨. ទម្លាប់ចាស់ខ្លះត្រូវតែចេះលះបង់ចោល៖ វានឹងគ្មានកន្លែងទំនេរសម្រាប់ទទួលយកអ្វីដែលថ្មីឡើយ ប្រសិនបើយើងនៅតែលូកដៃឱបក្រសោបរឿងចាស់ៗពេញដៃនោះ។

៩. ស្វែងរកឱ្យឃើញថាខ្លួនឯងកំពុងជាប់គាំងនៅត្រង់ណា៖ មនុស្សមួយចំនួនមិនមែនខ្ជិលច្រអូសនោះទេ គ្រាន់តែពួកគេមិនទាន់រកឃើញថា ខ្លួនឯងកំពុងតែជាប់ជំពាក់នឹងឧបសគ្គអ្វីប៉ុណ្ណោះ។

១០. កុំភ្លេចផ្តល់រង្វាន់លើកទឹកចិត្តខ្លួនឯងផង៖ ខួរក្បាលនឹងចងចាំទម្លាប់ល្អៗបានយូរ ប្រសិនបើវាមានអារម្មណ៍ថា ធ្វើរឿងនោះហើយទទួលបានផលតបស្នងមកវិញ។

១១. ដួលហើយក្រោកឈរឡើងវិញបាន គឺជារឿងធម្មតា៖ ការផ្លាស់ប្តូរទម្លាប់មិនមែនជាផ្លូវដើរត្រង់ស្មើនោះទេ តែវាអាចមានការវង្វេងវក់វិន និងជំពប់ជើងដួលជារឿយៗ។

១២. កុំខឹង ឬបន្ទោសខ្លួនឯងខ្លាំងពេក៖ មនុស្សដែលតឹងរ៉ឹង និងដាក់សម្ពាធលើខ្លួនឯងខ្លាំងជ្រុល ជារឿយៗតែងតែបោះបង់ចោលមុនអ្នកដទៃ។

១៣. រាងកាយ និងផ្លូវចិត្តត្រូវតែដើរទន្ទឹមគ្នា៖ ចង់ផ្លាស់ប្តូរផ្នត់គំនិត ប៉ុន្តែដេកមិនគ្រប់គ្រាន់ ញ៉ាំអាហារមិនល្អ រាងកាយក៏គ្មានកម្លាំងដើម្បីតស៊ូដែរ។

១៤. ភាពភ័យខ្លាចតែងតែនាំយើងរត់គេចពីទម្លាប់ថ្មីជានិច្ច៖ ជួនកាល មូលហេតុដែលយើងមិនព្រមផ្លាស់ប្តូរ មិនមែនមកពីយើងមិនចង់បានលទ្ធផលល្អនោះទេ ប៉ុន្តែមកពីយើងខ្លាចថាធ្វើទៅហើយនៅតែមិនទាន់ល្អគ្រប់គ្រាន់។

១៥. ថ្ងៃនេះធ្វើបានបន្តិចបន្តួច ប៉ុន្តែតក់ៗគង់តែពេញបំពង់៖ មិនចាំបាច់ផ្លាស់ប្តូរជីវិតទាំងមូលក្នុងពេលតែមួយថ្ងៃនោះទេ គ្រាន់តែថ្ងៃនេះ ធ្វើបានល្អជាងកាលពីម្សិលមិញបន្តិច គឺគ្រប់គ្រាន់ណាស់ទៅហើយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា