ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។ ទាំងដែលយើងបានដឹងស្រាប់ទៅហើយថា រឿងហ្នឹងកម្សត់ ជីវិតវេទនា តួអង្គត្រូវប្រាត់ប្រាស់ សាច់រឿងបញ្ចប់ដោយសោកនាដកម្ម មើលលើកណាក៏ត្រូវយំជោគខ្នើយ តែយើងនៅតែជ្រើសរើសមើលរឿងនោះ ដើម្បីកំដរជីវិតសោកសៅរបស់ខ្លួនឯង។

ជាក់ស្ដែង សកម្មភាពនេះមិនមែនជារឿងចម្លែកទេ ហើយការមើលរឿងដែលកម្សត់ក៏មិនបានធ្វើឱ្យស្ថានភាពផ្លូវចិត្តរបស់យើងកាន់តែពិបាកជាងមុនដែរ។ ផ្ទុយមកវិញ មនុស្សជាច្រើនបែរជាមានអារម្មណ៍ប្រសើរឡើង ក្រោយទស្សនាភាពយន្តប្រភេទនេះ។

អត្ថបទស្រាវជ្រាវដែលមានចំណងជើងថា “Sad movies don’t always make me cry” នៅក្នុងទស្សនាវដ្តី Media Psychology បានសិក្សាពីដំណើរការនៃខួរក្បាលថា ហេតុអ្វីបានជាយើងបែរជាមានអារម្មណ៍រីករាយនៅពេលមើលរឿងសោកសៅ?

ការសិក្សានេះបានរកឃើញថា មានកត្តាចម្បង ២ យ៉ាងដែលធ្វើឱ្យមនុស្សចូលចិត្តមើលរឿងកម្សត់។ កត្តាទី ១ គឺភាពយន្តប្រភេទនេះមានភាពប្រាកដនិយម និងកត្តាទី ២ គឺទស្សនិកជនងាយនឹងបង្កើតចំណងទំនាក់ទំនងជាមួយនឹងសាច់រឿង ដែលធ្វើឱ្យពួកគេមានអារម្មណ៍រួម ឬយល់ពីតួអង្គបានល្អជាងភាពយន្តប្រភេទផ្សេង។

ការសិក្សាដដែលនេះក៏រកឃើញដែរថា អារម្មណ៍គឺជាផ្នែកមួយដែលមនុស្សប្រើប្រាស់ដើម្បីទទួលបានព័ត៌មាន។ ដូចគ្នាដែរ អារម្មណ៍សោកសៅក៏ជាវិធីសាស្ត្រដែលមនុស្សយើងប្រើប្រាស់ក្នុងការទទួលព័ត៌មាន ដោយព័ត៌មាននោះជួយឱ្យយើងយល់ចិត្តអ្នកដទៃបានល្អជាងមុន។ ហេតុនេះហើយ ទើបនៅពេលទស្សនាភាពយន្តសោកសៅ យើងតែងតែអាចភ្ជាប់ខ្លួនឯងជាមួយនឹងសាច់រឿង និងយល់ពីចិត្តរបស់តួអង្គបានល្អ។

និយាយពីភាពប្រាកដនិយមវិញ ភាពយន្តបែបកម្សត់បានបង្ហាញឱ្យយើងឃើញថា បើទោះបីជាតួអង្គនោះពូកែ ឬល្អកម្រិតណា ក៏តែងមានមុំទន់ខ្សោយ ឬប្រេះស្រាំដូចគ្នា។ រឿងរ៉ាវដ៏សែនសោកសៅ និងមិនសមបំណងទាំងនេះ ធ្វើឱ្យយើងភ្ញាក់ខ្លួនថា យើងមិនមែនជួបរឿងនេះតែម្នាក់ឯងទេ ប៉ុន្តែនៅមានមនុស្សដែលជួបរឿងរ៉ាវអាក្រក់ៗក្នុងជីវិត ប្រហាក់ប្រហែលនឹងយើងដែរ។ ពេលខ្លះ ក្រោយទស្សនារឿងចប់ យើងបែរជាគិតថា បញ្ហាដែលយើងកំពុងតែជួប គឺជារឿងតូចមួយ ដែលជួយឱ្យយើងអាចស្វែងរកដំណោះស្រាយបានងាយជាងមុន។

ផ្ទុយមកវិញ ការមើលរឿងដែលបញ្ចប់ទៅដោយភាពរីករាយ ឬ Happy Ending អាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍កាន់តែឯកោ។ ជាក់ស្ដែង នៅក្នុងរឿងមួយចំនួន តួអង្គបែរជាអាចស្វែងរកដំណោះស្រាយជីវិតបានយ៉ាង ងាយស្រួលដែលនេះគឺ ខុសពីជីវិតពិត។ ហេតុនេះហើយទើបរឿងប្រភេទនេះ អាចធ្វើឱ្យមនុស្សមួយចំនួនកាន់តែមានអារម្មណ៍ថាសោកសៅ ព្រោះតែការពិតរបស់គាត់ ក្ដីសុខ ឬដំណោះស្រាយមិនបានកើតឡើងដោយងាយៗនោះទេ។

រឿងរ៉ាវដ៏សោកសៅពីភាពយន្ត មិនមែនបន្សល់ទុកតែភាពឈឺចាប់ ឬស្នាមទឹកភ្នែកនៅលើថ្ពាល់ទេ ក៏ប៉ុន្តែរឿងរ៉ាវទាំងនេះបានផ្ដល់នូវមេរៀនជីវិត ដែលធ្វើឱ្យយើងមានកម្លាំងងើបឈរដើម្បីបន្តជីវិត និងស្វែងរកផ្លូវថ្មីដែលកាន់តែប្រសើរ។

រឿងកុនអាចបញ្ចប់ទៅដោយការសោកចិត្តសង្រេងអារម្មណ៍ តែយើងគួរយកភាពឈឺចាប់នោះមកធ្វើជាកម្លាំងចលករដើម្បីស្វែងរកពន្លឺថ្មីឱ្យខ្លួនឯង៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា