មេរៀនជីវិតសំខាន់ៗសម្រាប់អ្នកឈានចូលវ័យ ៣០ឆ្នាំ និងចង់ស្វែងរកក្ដីសុខពិតប្រាកដសម្រាប់ខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេរៀនជីវិតសំខាន់ៗសម្រាប់អ្នកឈានចូលវ័យ ៣០ឆ្នាំ និងចង់ស្វែងរកក្ដីសុខពិតប្រាកដសម្រាប់ខ្លួនឯង

មេរៀនជីវិតសំខាន់ៗសម្រាប់អ្នកឈានចូលវ័យ ៣០ឆ្នាំ និងចង់ស្វែងរកក្ដីសុខពិតប្រាកដសម្រាប់ខ្លួនឯង

នៅពេលអាយុកាន់តែច្រើន ទើបយើងដឹងថា វ័យ ៣០ ឆ្នាំ មិនបានធ្វើឱ្យយើងរកឃើញចម្លើយគ្រប់រឿងនោះទេ។ វ័យនេះគ្រាន់តែបង្រៀនឱ្យយើងដឹងថា រឿងណាគួរស្វែងរកចម្លើយ និងរឿងណាគួរបណ្តោយឱ្យកន្លងផុតទៅ។ ខាងក្រោមនេះ គឺជាមេរៀនជីវិតសំខាន់ៗសម្រាប់អ្នកឈានចូលវ័យ ៣០ ឆ្នាំ។

១. យើងមិនចាំបាច់ត្រូវជោគជ័យ ដំណាលគ្នានឹងមនុស្សជំនាន់ជាមួយគ្នានោះទេ ព្រោះជីវិតរបស់មនុស្សម្នាក់ៗមានពេលវេលារបស់រៀងៗខ្លួន។

២. ប្រាក់មិនអាចទិញក្ដីសុខបានគ្រប់យ៉ាងទេ ប៉ុន្តែប្រាក់ជួយទិញសេរីភាព និងកាត់បន្ថយកង្វល់ក្នុងជីវិតបានជាច្រើនយ៉ាង។

៣. សុខភាពគឺជាទ្រព្យសម្បត្តិ ដែលយើងច្រើនតែមើលឃើញតម្លៃ នៅពេលរាងកាយចាប់ផ្តើមបញ្ជូនសញ្ញាព្រមាន។

៤. មិត្តភក្តិកាន់តែតិចទៅៗ ជារឿងធម្មតា ព្រោះនៅពេលអាយុកាន់តែច្រើន យើងត្រូវការទំនាក់ទំនងស្មោះត្រង់ ច្រើនជាងចំនួន។ ជួនកាលយើងក៏ត្រូវព្រមបាត់បង់មនុស្សខ្លះ ដើម្បីទទួលបានខ្លួនឯងត្រឡប់មកវិញ។

៥. ទំនាក់ទំនងខ្លះត្រូវបញ្ចប់ ព្រោះមនុស្សទាំងពីរនាក់លូតលាស់ទៅទិសដៅខុសគ្នា ហើយនោះប្រហែលជាការបញ្ចប់ដ៏ល្អបំផុតហើយ។

៦. ស្នេហាដ៏ល្អ គួរតែធ្វើឱ្យយើងធ្វើជាខ្លួនឯងបានយ៉ាងស្រួលចិត្ត ច្រើនជាងធ្វើឱ្យយើងត្រូវខិតខំប្រឹងប្រែងដើម្បី​បញ្ជាក់ពីតម្លៃរបស់ខ្លួន។

៧. ការបដិសេធអ្នកដទៃខ្លះ គឺជារក្សាពេលវេលា និងថាមពល សម្រាប់អ្វីដែលមានសារៈសំខាន់ចំពោះជីវិតរបស់យើង។

៨. ការងារគ្រាន់ជាផ្នែកមួយនៃជីវិត ដូច្នេះយើងគួរតែបន្សល់ទុកចន្លោះទំនេរខ្លះ សម្រាប់ក្ដីសុខលើផ្នែកផ្សេងទៀងដែរ។

៩. ឪពុកម្តាយកាន់តែចាស់ទៅៗ ស្របពេលដែលយើងធំដឹងក្តីឡើង ដូច្នេះហើយពេលវេលាដែលបាននៅជាមួយគ្នា គឺមានតម្លៃច្រើនជាងអ្វីដែលយើងធ្លាប់គិត។

១០. ជីវិតធម្មតាក៏ជាជីវិតដ៏ល្អមួយដែរ មានមនុស្សឱ្យនឹក មានការងារឱ្យធ្វើ និងមានផ្ទះឱ្យត្រឡប់ទៅវិញ គឺមានន័យគ្រប់គ្រាន់ណាស់ទៅហើយ។

១១. ការស្នើសុំជំនួយ មិនបានធ្វើឱ្យយើងមើលទៅទន់ខ្សោយនោះទេ វាធ្វើឱ្យយើងទទួលស្គាល់ថាខ្លួនយើងក៏ជាមនុស្សម្នាក់ដែរ។

១២. ក្តីស្រមៃខ្លះអាចផ្លាស់ប្តូរបាន ព្រោះមនុស្សដែលធ្លាប់បង្កើតក្តីស្រមៃកាលពីថ្ងៃនោះ អាចនឹងលូតលាស់ក្លាយជាមនុស្សម្នាក់ផ្សេងទៀតនៅថ្ងៃនេះ។

១៣. យើងគ្មានតួនាទីបកស្រាយឱ្យមនុស្សគ្រប់គ្នាយល់ពីយើងនោះទេ ព្រោះមនុស្សដែលស្រឡាញ់យើងពិតប្រាកដ នឹងព្យាយាមស្តាប់រឿងរ៉ាវពីជ្រុងរបស់យើងដែរ។

១៤. ក្ដីសុខមិនគួរត្រូវបានពន្យារពេល រហូតទាល់តែជីវិតល្អឥតខ្ចោះនោះទេ ព្រោះជីវិតមានរឿងឱ្យត្រូវដោះស្រាយជារៀងរាល់ថ្ងៃ។

១៥. ជីវិតមិនវែងឆ្ងាយល្មមឱ្យយើងខាតពេលនៅជាមួយអ្វីដែលធ្វើឱ្យឈឺចាប់ គ្រាន់តែដោយសារស្តាយក្រោយចំពោះពេលវេលាដែលធ្លាប់លះបង់នោះឡើយ។

១៦. ការចាប់ផ្តើមជាថ្មីក្នុងវ័យ ៣០ ឆ្នាំ មិនមែនមានន័យថាយើងដើរយឺតជាងនរណាម្នាក់នោះទេ វាមានន័យថាយើងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការជ្រើសរើសជីវិតម្តងទៀត។

ជាចុងក្រោយ មេរៀនសំខាន់នៃវ័យ ៣០ ឆ្នាំ គឺការយល់ឃើញថា យើងមានពេលវេលាមិនច្រើនគ្រប់គ្រាន់ នឹងប្រើប្រាស់ជីវិតទៅតាមការរំពឹងទុករបស់គ្រប់គ្នានោះទេ។ ចូរប្រើប្រាស់ពេលវេលាដែលនៅសេសសល់ បង្កើតជីវិតមួយដែលនៅពេលក្រឡេកមើលត្រឡប់មកវិញ យើងនឹងអរគុណខ្លួនឯងដែលក្លាហានហ៊ានជ្រើសរើស។

«វ័យ ៣០ ឆ្នាំ មិនបានបង្រៀនឱ្យយើងដឹងគ្រប់យ៉ាងនោះទេ វ័យ ៣០ ឆ្នាំ បង្រៀនឱ្យយើងដឹងថា អ្វីដែលសំខាន់ចំពោះជីវិតពិតប្រាកដ»

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា