បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​ជំនួញ​ដែរ។

ថ្មី​ៗ​នេះ​លោក លឹម ជាឡាយ តួឯក​ប្រុស​រឿង “ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់” បាន​សម្រេច​ចិត្ត​បោះ​ជំហាន​​ចូល​ក្នុង​ពិភពជំនួញ ដោយ​ខ្លួន​លោក​ផ្ទាល់​ជាអគ្គនាយក (CEO) នៃ​ផលិតផល​ថែរក្សា​សម្រស់ ALIKA ក្នុងគោលបំណងនាំយកផលិតផលមានគុណភាពស្តង់ដារមកជូនប្រជាជនកម្ពុជា និង​ចូលរួម​ចំណែក​ជំរុញ​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​នាំ​ចូល​ផ្ទាល់។

លឹម ជាឡាយ បាន​ប្រាប់ឱ្យអ្នកសារព័ត៌មានដឹងថា ការបង្កើតប្រេន ALIKA នេះ មិន​មែន​ធ្វើឡើងតាមការនឹកឃើញភ្លាមៗនោះទេ ប៉ុន្តែ​លោក​និង​ក្រុមការងារ​បាន​ចំណាយ​ពេល​សិក្សា​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​អស់​ពេល​ច្រើន​ខែ។ Freshie Boy ចំណាត់ថ្នាក់លេខ ១ ជំនាន់​ទី​៤ ឆ្នាំ ២០០៥ បាន​បញ្ជាក់​ថា «គោលដៅ​របស់​ខ្ញុំ គឺ​មិនមែន​គ្រាន់តែ​បង្កើត​ផលិតផល​មក​លក់ ដើម្បី​ចំណេញ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​គុណភាព។ ALIKA គឺជាចំណងដៃរូបមន្តកូនខ្មែរ ១០០% ដែល​ផលិតនៅរោងចក្រខ្នាតធំនៅប្រទេសចិន ស្របតាម​ស្តង់ដារ​គុណភាព​សហរដ្ឋ​អាមេរិក»។

បច្ចុប្បន្ន ផលិតផលដំបូងដែលត្រូវបានដាក់លក់ រួមមាន ហ្វមលាងមុខ និងស្កាប់ (Scrub) ហើយ​បន្ទាប់​ទៅទៀត លោកក៏មានផែនការនាំយកផលិតផលដែលមានគុណភាពខ្ពស់ផ្សេងៗទៀត ដើម្បីបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា។

ការ​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​ផលិតផល​ថែរក្សា​សម្រស់​នា​ពេលនេះ ក៏​ចំ​ពេល​ដែល​ចរន្ត​នៃ​ការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​កំពុង​មាន​សន្ទុះ​ខ្លាំង ខណៈ​ប្រជាជន​ខ្មែរ​មួយ​ភាគ​ធំ កំពុង​ងាក​មក​ប្រើប្រាស់​ផលិតផល​ដែល​មាន​ប្រភព​ច្បាស់លាស់​ជំនួស​ឱ្យ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជិតខាង។ តារា​ប្រុស​វ័យជិត ៤០ ឆ្នាំ លឹម ជាឡាយ បាន​សង្កត់​ធ្ងន់ថា នេះ​ជា​ឱកាស​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ សក្ដានុពល​កូន​ខ្មែរ​ថា អាច​បង្កើត​ផលិតផល​ដែល​មាន​គុណភាព​មិន​ចាញ់​ផលិតផល​​​ប្រទេស​ក្រៅ​ឡើយ។

ទោះបី​កំពុង​មមាញឹក​ក្នុង​តួ​នាទី​ជា CEO លឹម ជាឡាយ បាន​បញ្ជាក់​ថា លោក​នឹង​មិន​បោះបង់​អាជីព​សិល្បៈ​ដែល​ជា​ចំណូលចិត្ត​តាំង​ពី​ដើម​នោះ​ឡើយ។ ផ្ទុយទៅវិញ លោក​មាន​គម្រោង​ពង្រីក​វិសាលភាព​សិល្បៈ​បន្ថែម​ទៀត ដោយ​ក្នុង​ពេល​ឆាប់​ៗ​នេះ លោក​នឹង​បង្ហាញ​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ដោយ​ផ្ទាល់​ពី ALIKA Cambodia។

ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ផលិតផល ALIKA ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ឱឡារិក​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​មាន​ការ​ចូលរួម​យ៉ាង​កុះករ​ពី​សំណាក់​មិត្តភ័ក្ដិ​ក្នុង​រង្វង់​សិល្បៈ និង​អតិថិជន​ជាច្រើន។ កម្មវិធី​នោះ ក៏​មាន​ការ​លេងហ្គេម​កម្សាន្ត ចែក​រង្វាន់​មាស និង​ការ​បញ្ចុះ​តម្លៃ​ពិសេស ដើម្បី​ជា​កាដូ​ដល់​អ្នក​គាំទ្រ​ផង​ដែរ។

លើសពីនេះ លោកក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការជ្រើសរើសសិល្បករ-សិល្បការិនី​ជំនាន់​ក្រោយ​ឱ្យ​មក​ចូលរួម​ការងារជាមួយក្រុមហ៊ុន ដើម្បីផ្ដល់ឱកាសការងារ និង​ជួយ​ជ្រោមជ្រែង​វិស័យ​សិល្បៈ​ខ្មែរ​កាន់តែ​រីកចម្រើន៕

រូបភាព៖ ALIKA Cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា