LOOT៖ បុគ្គលសំខាន់​ ៥ រូបនៅពីក្រោយបេសកកម្មនាំយក “ព្រលឹងដូនតា” ត្រឡប់មកកម្ពុជាវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
LOOT៖ បុគ្គលសំខាន់​ ៥ រូបនៅពីក្រោយបេសកកម្មនាំយក “ព្រលឹងដូនតា” ត្រឡប់មកកម្ពុជាវិញ

LOOT៖ បុគ្គលសំខាន់​ ៥ រូបនៅពីក្រោយបេសកកម្មនាំយក “ព្រលឹងដូនតា” ត្រឡប់មកកម្ពុជាវិញ

ភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” បានជីកកកាយបណ្តាញឧក្រិដ្ឋកម្មដ៏ស្មុគស្មាញរបស់ឈ្មួញជួញដូរវត្ថុបុរាណជនជាតិអង់គ្លេស លោក Douglas Latchford ដែលជាអ្នកនៅពីក្រោយការលួចយកសម្បត្តិបុរាណខ្មែរទៅជួញដូរដោយខុសច្បាប់នៅលើទឹកដីបរទេសអស់ពេលរាប់សិបឆ្នាំ។

ការបើកបង្ហាញការពិតតាមរយៈភាពយន្តឯកសារស៊ើបអង្កេតមួយនេះ អាចកើតឡើងបានដោយមានការចូលរួមពីបុគ្គលសំខាន់ៗជាច្រើនរូប ដែលបានរួមដៃគ្នាប្រើប្រាស់ភស្តុតាង ច្បាប់ និងអំណាចសារព័ត៌មាន ដើម្បីវះកាត់បំបែកសំណុំរឿងនេះ រហូតអាចនាំយករតនសម្បត្តិខ្មែរជាច្រើនត្រឡប់មកកាន់ដីកំណើតវិញដោយជោគជ័យ។

ខាងក្រោមនេះ គឺជាបុគ្គលសំខាន់ៗទាំង ៥ រូបដែលបានរួមចំណែកយ៉ាងសកម្មក្នុងការនាំយកសម្បត្តិបុរាណខ្មែរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៖

១. Brad Gordon

លោក Brad Gordon គឺជាមេធាវីជនជាតិអាមេរិក និងបានបំពេញការងារជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេល ១៤ ឆ្នាំរួចមកហើយ ក្នុងការទាមទារយកមកវិញនូវរតនសម្បត្តិដែលជនខិលខូចបានលួចជួញដូរដោយខុសច្បាប់ត្រឡប់មកមាតុភូមិវិញ។

ការងាររបស់លោកផ្តោតសំខាន់លើការស៊ើបអង្កេត និងកំណត់អត្តសញ្ញាណវត្ថុបុរាណ ដោយបានសហការជាមួយនឹងបុរាណវិទូ និងអ្នកជំនាញខាងសិល្បៈក្នុងការប្រមូល និងរៀបចំភស្តុតាង ដើម្បីគាំទ្រដល់ការទាមទារវត្ថុបុរាណទាំងនោះត្រឡប់មកវិញ។

ចំណុចលេចធ្លោមួយនៃស្នាដៃរបស់លោក Brad Gordon គឺការចាប់ដៃគ្នាដោយផ្ទាល់ជាមួយនឹងអតីតចោរលួចវត្ថុបុរាណ។ តួយ៉ាងដូចជាបុរសដែលមានរហស្សនាមថា Lion ដែលបានផ្ដល់ព័ត៌មានយ៉ាងលម្អិតអំពីទីតាំង និងវិធីសាស្ត្រនៃការលួច។

នៅក្នុងឆ្នាំ ២០១៩ លោកបានចូលរួមផ្ដល់ជូននូវភស្តុតាងយ៉ាងសំខាន់ដល់រដ្ឋអាជ្ញាអាមេរិកក្នុងការចោទប្រកាន់លើលោក Douglas Latchford ។ ជាលទ្ធផល ការស្រាវជ្រាវរបស់លោកក៏បានចូលរួមនាំយកវត្ថុបុរាណប្រមាណ ៣០០ មកកាន់ប្រទេសកំណើតវិញ។

២. J.P. Labatt

លោក J.P. Labatt គឺជាអតីតភ្នាក់ងារពិសេសនៅក្នុងអង្គភាពទ្រព្យសម្បត្តិវប្បធម៌ សិល្បៈ និងបុរាណវត្ថុ នៃទីភ្នាក់ងារស៊ើបអង្កេត U.S. Department of Homeland Security Investigations (HSI)។ លោកគឺជាបុគ្គលដ៏សំខាន់មួយរូបដែលបានចូលរួមក្នុងការស្រាវជ្រាវ និងបង្ក្រាបបណ្តាញជួញដូរវត្ថុបុរាណខុសច្បាប់ ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

នៅក្នុងប្រតិបត្តិការ Indochinese Peninsula Plunder លោកបានត្រួតពិនិត្យអ៊ីមែល រូបថត និងឯកសារសម្ងាត់ជាច្រើនរបស់ Douglas Latchford រហូតបានរកឃើញភស្ដុតាងដែលបញ្ជាក់ថា រូបចម្លាក់ខ្មែរជាច្រើន ជាពិសេសមកពីតំបន់ប្រាសាទកោះកេរ គឺជារូបចម្លាក់ដែលជនខិលខូចបានលួចនាំចេញពីប្រទេសកម្ពុជាដោយខុសច្បាប់។

ស្នាដៃរបស់ J.P. Labatt និងក្រុមការងារបានក្លាយជាភស្តុតាងមួយដ៏សំខាន់ក្នុងការដាក់សម្ពាធផ្លូវច្បាប់ ដើម្បីឱ្យសារមន្ទីរល្បីៗ ដូចជាសារមន្ទីរ Metropolitan Museum of Art (The Met) និងអ្នកសន្សំទុកឯកជន ប្រគល់វត្ថុបុរាណសំខាន់ៗជូនប្រទេសកម្ពុជាវិញ។

៣. Tess Davis

Tess Davis គឺជាមេធាវី បុរាណវិទូ និងជាប្រធានប្រតិបត្តិនៃអង្គការ Antiquities Coalition ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដ៏ល្បីមួយ ធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិបុរាណដោយខុសច្បាប់។

ស្នាដៃរបស់ Tess Davis ក្នុងការចូលរួមនាំយកវត្ថុបុរាណខ្មែរត្រឡប់មកប្រទេសកម្ពុជាវិញ គឺតាមរយៈការស្រាវជ្រាវយ៉ាងស៊ីជម្រៅលើសំណុំរឿងរូបចម្លាក់ “ទុរយោធន៍” ដែលក្រុមហ៊ុនដេញថ្លៃ Sotheby’s ត្រៀមនឹងដាក់ឱ្យមហាសេដ្ឋីដេញថ្លៃធ្វើជាសម្បត្តិផ្ទាល់ខ្លួនកាលពីឆ្នាំ ២០១១។

ការស្រាវជ្រាវរបស់ Tess Davis បានក្លាយជាមូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏សំខាន់សម្រាប់រដ្ឋាភិបាលអាមេរិក និងកម្ពុជា ក្នុងការដាក់ពាក្យបណ្តឹងទាមទាររូបចម្លាក់ទាំងនោះពីក្រុមហ៊ុនដេញថ្លៃ Sotheby’s និងអាចនាំយកមកកាន់មាតុភូមិបានដោយជោគជ័យនៅក្នុងឆ្នាំ ២០១៤។

៤. Malia Politzer

Malia Politzer គឺជាអ្នកសារព័ត៌មានបែបស៊ើបអង្កេតម្នាក់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសកម្ពុជាស្វែងរករតនសម្បត្តិខ្មែរត្រឡប់មកដីកំណើតវិញ។ ការស៊ើបអង្កេតរបស់អ្នកកាសែតរូបនេះ រួមជាមួយនឹងក្រុមការងារ បានរកឃើញពីរបៀបដែល Douglas Latchford បានប្រើប្រាស់បណ្តាញស្មុគស្មាញនៃមូលនិធិក្រៅប្រទេស (Offshore trusts) ដើម្បីផ្ទេរទ្រព្យសម្បត្តិ រួមទាំងវត្ថុបុរាណខ្មែរទៅឱ្យកូនស្រី ដើម្បីគេចវេសពីការបង់ពន្ធលើមរតកនៅក្នុងចក្រភពអង់គ្លេស។

Malia Politzer បានប្រើប្រាស់អំណាចសារព័ត៌មាន ដើម្បីដាក់សម្ពាធទៅលើសារមន្ទីរធំៗ និងអ្នកសន្សំទុកជាសម្បត្តិឯកជន ព្រមទាំងគាស់កកាយភស្តុតាងដែលបង្ហាញថា វត្ថុបុរាណដែលកំពុងតែដាក់បង្ហាញទាំងនោះ គឺជាវត្ថុបុរាណដែលជនទុច្ចរិតបានជួញដូរដោយខុសច្បាប់។

៥. Thanaren Than

Thanaren Than គឺជាអ្នកស្រាវជ្រាវជនជាតិខ្មែរ ដែលបានរួមចំណែកក្នុងការជីកកកាយស្វែងរកការពិតពីក្រោយការលួចចម្លាក់បុរាណខ្មែរ។ គាត់បានចុះស្រាវជ្រាវដោយផ្ទាល់នៅតាមតំបន់ប្រាសាទ ដូចជាប្រាសាទបន្ទាយឆ្មារ និងតំបន់ប្រាសាទផ្សេងៗទៀតដែលធ្លាប់ជាទិសដៅរបស់ជនទុច្ចរិត។

ការជួបផ្ទាល់ និងកិច្ចសម្ភាសន៍រវាង Thanaren Than និងប្រជាជននៅក្នុងតំបន់ ដែលខ្លះគឺជាអតីតអ្នកលួចវត្ថុបុរាណ និងខ្លះទៀតគឺជាសាក្សីដែលបានដឹងឮពីហេតុការណ៍នេះ គឺជាការប្រមូលភស្តុតាងដ៏មានតម្លៃមួយ ជួយជ្រោមជ្រែងឱ្យ “ព្រលឹងដូនតា” អាចវិលត្រឡប់មកប្រទេសកំណើតវិញបាន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា