ជីវិតគូនឹងនៅជាមួយយើងបានយូរអង្វែងបំផុត បើមិនមើលរំលងរឿងតូចៗប្រចាំថ្ងៃទាំងនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីវិតគូនឹងនៅជាមួយយើងបានយូរអង្វែងបំផុត បើមិនមើលរំលងរឿងតូចៗប្រចាំថ្ងៃទាំងនេះ

ជីវិតគូនឹងនៅជាមួយយើងបានយូរអង្វែងបំផុត បើមិនមើលរំលងរឿងតូចៗប្រចាំថ្ងៃទាំងនេះ

យើងប្រហែលជាធំដឹងក្ដីឡើងជាមួយនឹងរូបភាពចងចាំថា សេចក្ដីស្រឡាញ់ត្រូវតែមានពេលវេលាពិសេសៗ ដូចជាបាច់ផ្កាធំ ដំណើរកម្សាន្តផ្អែមល្ហែម អាហារពេលល្ងាចរ៉ូមែនទិក ឬការនិយាយប្រាប់ថាស្រឡាញ់យ៉ាងពីរោះដែលធ្វើឱ្យបេះដូងលោតញាប់។ ប៉ុន្តែនៅពេលដែលបានរស់នៅជាមួយនរណាម្នាក់កាន់តែយូរ យើងអាចនឹងរកឃើញថា ក្ដីស្រឡាញ់ដែលនៅជាមួយយើងបានយូរអង្វែងបំផុត ច្រើនតែមិនបានរៀបចំយ៉ាងស្អាតបាតបែបនោះទេ។ វាអាចស្ថិតនៅក្នុងពងទាដែលម្នាក់ទៀតចៀនទុកឱ្យ អាចស្ថិតនៅក្នុងសារដែលរម្លឹកយើងថា «ភ្លៀងធ្លាក់ហើយ កុំភ្លេចយកឆ័ត្រទៅផង» មនុស្សដែលចាំបានថាយើងមិនញ៉ាំជីរវ៉ាន់ស៊ុយ ឬប្រយោគធម្មតាៗដូចជា «បន្តិចទៀតបងទៅទទួល»។ រឿងរ៉ាវទាំងនេះតូចតាចខ្លាំង រហូតដល់ជួនកាលយើងមិនបានរាប់វាជាខណៈពេលនៃសេចក្ដីស្រឡាញ់ផង។

Bell Hooks អ្នកនិពន្ធសៀវភៅ All About Love បានលើកឡើងនូវទស្សនៈដ៏គួរឱ្យចាប់អារម្មណ៍ថា យើងមិនគួរបែងចែកសេចក្ដីស្រឡាញ់ត្រឹមតែជា «អារម្មណ៍» នោះទេ ប៉ុន្តែសេចក្ដីស្រឡាញ់ក៏ស្តែងចេញតាមរយៈសកម្មភាព រួមមាន ការយកចិត្តទុកដាក់ ការទទួលខុសត្រូវ ការគោរព និងការជួយឱ្យដៃគូរីកចម្រើន។ ទោះបីជាសៀវភៅនេះត្រូវបានបោះពុម្ពតាំងពីឆ្នាំ ២០០០ ក៏ដោយ ប៉ុន្តែវាបានត្រឡប់មកទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមអ្នកអានជំនាន់ថ្មីក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ពេលទំនាក់ទំនងឈានផុតដំណាក់កាលលង់ស្រឡាញ់ សេចក្ដីស្រឡាញ់ក៏ផ្លាស់ប្តូរបន្តិចម្ដងៗពី «តើខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះអ្នក?» មកជា «តើខ្ញុំបានធ្វើអ្វីខ្លះដើម្បីអ្នក?»។

ក្នុងផ្នែកចិត្តវិទ្យា មនុស្សយើងមានទម្លាប់មួយហៅថា Hedonic Adaptation ឬជាការដែលយើងស៊ាំទៅនឹងរឿងល្អៗដែលកើតឡើងជារឿយៗ។ កាហ្វេដែលដៃគូឆុងទុកឱ្យរៀងរាល់ព្រឹក អាចមិនធ្វើឱ្យបេះដូងលោតញាប់ដូចកែវដំបូងដែលគេធ្លាប់ទិញឱ្យនោះទេ។ សារ «ទៅដល់ហើយប្រាប់ផង» ដែលធ្លាប់តែគួរឱ្យស្រឡាញ់ អាចក្លាយជាសារដែលយើងអូសរំលង ឬដៃដែលកាលពីមុនធ្លាប់តែចង់កាន់រហូត ដល់ថ្ងៃមួយបែរជាក្លាយជាដៃដែលយើងស៊ាំថាវានឹងនៅទីនោះជានិច្ច។ បញ្ហាដូច្នេះហើយប្រហែលជាមិនមែនមកពីសេចក្ដីស្រឡាញ់ថយចុះនោះទេ ប៉ុន្តែប្រហែលជាមកពីយើងមើលឃើញវាតិចជាងមុន។

Ross Gay អ្នកនិពន្ធសៀវភៅ The Book of Delights ដែលជាសៀវភៅលក់ដាច់បំផុតរបស់ New York Times ធ្លាប់បានសរសេរថា៖ «សេចក្ដីរីករាយរបស់ខ្ញុំលូតលាស់ឡើងដូចជាសេចក្ដីស្រឡាញ់ និងសេចក្ដីសុខ នៅពេលដែលខ្ញុំចែករំលែកវា»។ សៀវភៅរបស់លោកបាននាំឱ្យយើងឱ្យហាត់សង្កេតមើលសេចក្ដីសុខតូចៗដែលកើតឡើងក្នុងថ្ងៃធម្មតា ជំនួសឱ្យការរង់ចាំថ្ងៃដ៏ល្អបំផុតនៃជីវិត។ ហើយជួនកាលយើងក៏អាចនាំយកវិធីគិតបែបដូចគ្នានេះមកប្រើប្រាស់ជាមួយទំនាក់ទំនងបានដែរ។ ជំនួសឱ្យការសួរថា «ហេតុអ្វីបានជាគេមិនរ៉ូមែនទិកដូចកាលពីមុន?» សាកផ្លាស់ប្តូរមកជា «តើថ្ងៃនេះសេចក្ដីស្រឡាញ់របស់គេលាក់នៅត្រង់ណាខ្លះ?»។

ចម្លើយអាចស្ថិតនៅក្នុងចានដែលត្រូវបានលាងទុកឱ្យ ការដែលគេនៅតែព្រមស្តាប់រឿងដដែលៗរបស់យើងជាលើកទីដប់ សំណួរខ្លីៗថា «ញ៉ាំបាយហើយឬនៅ» ឬអ្នកដែលមិនចេះនិយាយសោះ ប៉ុន្តែនៅតែជ្រើសរើសត្រឡប់មកជួបយើងជារៀងរាល់ថ្ងៃ។ សេចក្ដីស្រឡាញ់បែបនេះអាចមិនស័ក្តិសមជាមួយឆាកក្នុងភាពយន្ត ព្រោះគ្មានបទភ្លេងអម គ្មាន Slow Motion ហើយថ្ងៃខ្លះក៏គ្មានសូម្បីតែពាក្យថា «ស្រឡាញ់» ប៉ុន្តែវាមានអ្វីមួយដែលមានសារៈសំខាន់មិនចាញ់គ្នា នោះគឺ ភាពទៀងទាត់ និងស្មើដើមស្មើចុង។

កុំភ្លេចថា ជីវិតរបស់មនុស្សពីរនាក់ផ្សំឡើងពីថ្ងៃធម្មតាច្រើនជាងថ្ងៃពិសេស។ ប្រសិនបើយើងរង់ចាំឱ្យសេចក្ដីស្រឡាញ់បង្ហាញខ្លួនតែក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ថ្ងៃកំណើត បាច់ផ្កា ឬដំណើរកម្សាន្តរ៉ូមែនទិក យើងប្រហែលជាកំពុងរំលងសេចក្ដីស្រឡាញ់រាប់រយលើកផ្សេងទៀតដែលកើតឡើងនៅតាមផ្លូវ។

យប់នេះ សាកសម្លឹងមើលមនុស្សនៅក្បែរខ្លួនជាថ្មីម្តងទៀត។ ជួនកាលសេចក្ដីស្រឡាញ់ដែលអ្នកកំពុងតាមស្វែងរក អាចមិនបានបាត់ទៅណានោះទេ វាគ្រាន់តែផ្លាស់ប្តូររូបរាងពីពាក្យថា «បងស្រលាញ់អូន» ឬ «អូនស្រលាញ់បង»​ មកជាប្រយោគធម្មតាៗដែលយើងបានឮរហូតស៊ាំត្រចៀកថា «ដល់ផ្ទះហើយប្រាប់ផង»។ ហើយជួនកាល ការមើលឃើញសេចក្ដីស្រឡាញ់ពីទង្វើតូចៗទាំងនេះ អាចជាវិធីមួយក្នុងចំណោមវិធីរក្សាសេចក្ដីស្រឡាញ់ដែលងាយស្រួលបំផុតក៏ថាបាន ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា