Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក Maurice Chan ជាកូនខ្មែរដែលធំធាត់ឡើងនៅប្រទេសបារាំង បានសម្រេចចិត្តវិលត្រឡប់មកបង្កើតស្នាដៃភាពយន្ត Action ខ្នាតធំដំបូងបង្អស់របស់ខ្លួននៅកម្ពុជាតាមរយៈខ្សែភាពយន្តរឿង «Heatwave» ក្រោមការផលិតរបស់ផលិតកម្ម Moha Nokor Pictures ។

ក្នុងនាមជា ផលិតករ និងជាអ្នកដឹកនាំឈុតឆាកវាយប្រហារ លោក Maurice Chan នឹងដឹកនាំការរៀបចំឈុតឆាកប្រយុទ្ធ និងបច្ចេកទេស Stunt ទាំងស្រុងសម្រាប់រឿង «Heatwave» ឬមានចំណងជើងខ្មែរថា «ចិញ្ចៀនគ្រាប់កាំភ្លើង» ដែលជាភាពយន្តវាយប្រហារបែបចម្រុះវប្បធម៌ ដោយជ្រើសរើសយកទីតាំងថតនៅរាជធានីភ្នំពេញ និងខេត្តកំពត។ នេះគឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីនាំយកបទពិសោធន៍ផលិតភាពយន្ត Action កម្រិតអន្តរជាតិ មកចែករំលែក និងបង្កើតស្តង់ដារថ្មីនៅក្នុងឧស្សាហកម្មភាពយន្តខ្មែរ។

តាមរយៈកម្មវិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅឯរោងភាពយន្ត Sabay Cinema Aeon 1 តារាសម្ដែងវ័យ ៥១ ឆ្នាំ Maurice Chan បានចែករំលែកពីការវិលត្រឡប់មកបង្កើតស្នាដៃនៅកម្ពុជានេះថា៖ «ក្នុងនាមជាកូនខ្មែរមួយរូបដែលបានធ្វើការក្នុងផលិតកម្មភាពយន្ត Action ធំៗនៅហូលីវូដ ក្តីស្រមៃដ៏ធំបំផុតរបស់ខ្ញុំ គឺការនាំយកចំណេះដឹង និងបច្ចេកទេសថតឈុតគ្រោះថ្នាក់ទាំងនោះ មកបង្កើតភាពយន្ត Action ខ្នាតធំមួយនៅប្រទេសកម្ពុជា។ កម្ពុជាមានធនធានមនុស្សដែលមានសមត្ថភាព និងទេសភាពដ៏អស្ចារ្យច្រើនក្រៅតែពីអង្គរវត្ត។ តាមរយៈរឿង “Heatwave” យើងចង់បង្ហាញពិភពលោកថា កម្ពុជាក៏អាចផលិតភាពយន្តវាយប្រហារដែលមានគុណភាពមិនចាញ់ភាពយន្តអន្តរជាតិឡើយ»។

ចំណែក លោក ថាច អង់រី សម្បត្តិ ជាអ្នកដឹកនាំរឿង និងជានាយកប្រតិបត្តិនៃផលិតកម្ម Moha Nokor Pictures ក៏បានចែករំលែកផងដែរថា ភាពយន្ត «Heatwave» នឹងជាភាពយន្តទី២ របស់ផលិតកម្មលោក ខណៈភាពយន្តទីមួយគឺរឿង «Echoes» (ស្រមោលអតីតកាល) ជាភាពយន្តរន្ធត់បែបចិត្តសាស្ត្រ ដែលត្រៀមចេញបញ្ចាំងនៅថ្ងៃទី២៦ ខែវិច្ឆិកានេះតែម្ដង។ ភាពយន្តទាំង ២ រឿងនេះត្រូវបានសម្ដែងតួឯកដោយតារាសម្ដែងស្រីកូនកាត់បារាំង Khemma Metayer។

កញ្ញា នៅ ម៉ារីសា ជាផលិតករប្រតិបត្តិ និងជាអ្នកយុទ្ធសាស្ត្រច្នៃប្រឌិត បានបន្ថែមថា៖ «រឿង “Heatwave” គឺជាការប្តេជ្ញាចិត្តរបស់ Moha Nokor Pictures ក្នុងការបង្កើតស្នាដៃដែលមានគុណភាពខ្ពស់ និងរសជាតិប្លែកថ្មីមួយទៀតសម្រាប់រោងភាពយន្តកម្ពុជា។ ពួកយើងទាំងអស់គ្នាចូលរួមផលិតភាពយន្តមួយនេះដោយមានចក្ខុវិស័យរួម គឺចង់បង្ហាញកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយក៏ចង់បង្ហាញដែរថាយើងមានប្រជាជនដ៏រួសរាយ និងអ្នកមានទេពកោសល្យជាច្រើននៅប្រទេសយើង»។

សូមបញ្ជាក់ថា ភាពយន្ត «Heatwave» នឹងចាប់ផ្ដើមដំណើរការថតនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ដោយមានការរំពឹងថានឹងអាចចេញបញ្ចាំងនៅឆ្នាំ២០២៧ ខាងមុខ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា