មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី​១ បាន​ទៅ​លើ​កញ្ញា Anna Nicoley បវរកញ្ញា​កូន​កាត់​ខ្មែរ​រុស្ស៊ី។

បើ​និយាយ​ពី​រូប​សម្រស់ និង​ការងារ​ជាច្រើន​ទៀត​ច្បាស់​ណាស់ ថា​ទម្រាំ​ចម្រាញ់​ដល់ Top 5 ពិតជា​មិន​ចាញ់​គ្នា​ឡើយ ហើយ​ទើប​អាច​ឈាន​មក​វគ្គ Q&A។ វគ្គ​សំណួរ​ចម្លើយ​គឺ សំណួរ​តែ​១​ដូច​គ្នា គ្រាន់តែ​បេក្ខភាព ត្រូវ​តម្រូវ​ឲ្យ​ឆ្លើយ​ម្ដង​ម្នាក់ និង​ពាក់​កាស​កាត់ផ្ដាច់​សំឡេង​នៃ​អ្នក​ឆ្លើយ​ដំបូង​គេ។

វគ្គ​សំណួរ​ចម្លើយ Top 5 បាន​ក្លាយ​ជា​រឿង​ក្ដៅ​គគុក ដោយ​មហាជន​មើល​ឃើញ​ថា Anna Nicoley Doroshenko ធ្វើ​បាន​ល្អ មាន​ភាព​ជឿជាក់ និង​ប្រើ​ពេល​វេលា​បាន​យ៉ាង​សមរម្យ។ ដូចនេះ​ប្រិយមិត្ត​អាច​មក​ស្ដាប់​ពី​សំណួរ និង​ចម្លើយ​រវាង​អ្នក​ទាំង ៥ ដូច​ខាងក្រោម៖

សំណួរ​សួរ​ថា៖ បច្ចុប្បន្ន​ការ​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស​នៃ​បញ្ញា​សិប្បនិមិត្ត AI បាន​ចូល​មក​ជំនួស​តួនាទី​មួយ​ចំនួន​របស់​មនុស្ស​ក្នុង​សង្គម តើ​ប្អូន​គិត​ថា​អ្វី​ដែល AI មិន​អាច​ជំនួស​មនុស្ស​បាន?

ពេជ្រសារ MUC06៖ ខ្ញុំ​មើល​ឃើញ​ថា AI អាច​ជំនួស​ការងារ​មួយ​ចំនួន​របស់​មនុស្ស​បាន ប៉ុន្តែ AI មិន​អាច​ជំនួស​ក្ដី​ស្រលាញ់ និង​មនុស្ស​ធម៌​របស់​មនុស្ស​បាន​ទេ។ មនុស្ស​មាន​សេចក្ដី​ស្រលាញ់ អារម្មណ៍ សមត្ថភាព។ ដូច្នេះ​ខ្ញុំ​មិនមើល AI ជា​គូ​ប្រជែង​ខ្ញុំ​ទេ វា​គ្រាន់​ជា​ឧបករណ៍​មួយ​ជំនួស អាច​បង្កើត​អនាគត​ដ៏​ស្រស់​បំព្រង។

Anna MUC10 ៖ AI មិន​អាច​ជំនួស​មនុស្ស​បាន​នូវ​សីលធម៌ មនសិការ និង​សមត្ថភាព​នៃ​មនុស្ស​ដែល​ដឹង​ថា រឿង​ណា​ត្រឹមត្រូវ រឿង​ណា​មិន​ត្រឹមត្រូវ​បាន​ឡើយ។ AI អាច​ចម្លង​អាកប្បកិរិយា​មនុស្ស​បាន AI អាច​ដឹងពី​ព័ត៌មាន​មនុស្ស​បាន តែ​មនុស្ស​មាន​តម្លៃ និង​គោលការណ៍​ក្នុង​ជីវិត, មនុស្ស​មាន​អារម្មណ៍ ហេតុដូច្នេះ​ហើយ​យើង​គួរ​បង្កើត​ច្បាប់ បទបញ្ញត្តិ​បន្ថែម​ទៀត ដើម្បី​ប្រើប្រាស់​បច្ចេកទេស AI ដោយ​ការ​ទទួល​ខុសត្រូវ។ ព្រោះ​នៅ​ទី​បញ្ចប់​មនុស្ស​គឺ​ជា​អ្នក​មាន​អំណាច​គ្រប់គ្រង និង​ការ​សម្រេច​ចិត្ត​ក្នុង​របៀប​ប្រើប្រាស់ AI ។

រស្មីពេជ្រដួងច័ន្ទ MUC12៖ នាង​ខ្ញុំ​គិត​ថា AI អាច​ជំនួស​ការងារ​មួយ​ចំនួន​របស់​មនុស្ស ប៉ុន្តែ​AI មិន​អាច​ជំនួស​បេះដូង មនោសញ្ចេតនា និង​ភាព​ជា​មនុស្ស​បាន​នោះ​ទេ។ មនុស្ស​មាន​ក្ដី​ស្រលាញ់ មាន​ការ​អាណិត និង​ចេះ​យល់​ពី​ការ​ឈឺចាប់​អ្នក​ដទៃ និង​មាន​ក្រម​សីលធម៌​ក្នុង​ការ​សម្រេច​ចិត្ត។ ដូច្នេះ​នាង​ខ្ញុំ​យល់​ឃើញ​ថា AI មិនមែន​ជា​ដៃគូ​ប្រកួត​របស់​មនុស្ស​នោះ​ទេ ប៉ុន្តែ AI អាច​ជា​ឧបករណ៍​ជួយ​ឲ្យ​មនុស្ស​មាន​សមត្ថភាព​ជាង​មុន។ បច្ចេកវិទ្យា​អាច​ជួយ​ឲ្យ​មនុស្ស​មាន​ភាព​ឈ្លាសវៃ​បាន ប៉ុន្តែ​បេះដូង​ជា​អ្វី​ដែល​មនុស្ស​យើង​នៅតែ​មាន។

រតនា MUC14៖ អ្វី​ដែល AI មិន​អាច​ជំនួស​មនុស្ស​បាន​នោះ​គឺ សេចក្ដី​ស្រលាញ់ មនោសញ្ចេតនា ក៏​ដូចជា​មនុស្ស​ធម៌​ផង​ដែរ។ អ្វី​ដែល AI ជំនួស​មនុស្ស​បាន នាង​ខ្ញុំ​យល់​ឃើញ​ថា AI ពិតជា​អាច​សម្រួល​ការងារ​មនុស្ស​បាន​ពិត​មែន ប៉ុន្តែ AI នៅតែ​មិន​អាច​ជំនួស​មនុស្ស​បាន​នោះ​ទេ។ ដូច្នេះ​ហើយ តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ ការ​ប្រើ​ប្រាស់ AI នៅ​ក្នុង​ថ្ងៃ​នេះ គឺ​អាច​ធ្វើឲ្យ​ខាត​បាត់បង់​ទៅ​លើ​ទឹក​ស្អាត ១០% ទៅ​នឹង​ ២០% នៃ​ប្រទេស។ ដូច្នេះ​ហើយ​នាង​ខ្ញុំ​នៅ​ឈរ​នៅ​ទី​នេះ ក៏​ដូចជា​ប្រើ​ថាមពល ក៏ដូចជា​ប្រាជ្ញា ពី​ធម្មជាតិ​របស់​រូប​នាង​ខ្ញុំ​ដែល​ឈរ​នៅ​លើ​ឆាក​មួយ​នេះ​ផ្ទាល់។

ស្រីនី MUC13៖ អ្វី​ដែល​AI មិន​អាច​ជំនួស​មនុស្ស​បាន​នោះ​គឺ បេះដូង និង​ភាព​ជា​មនុស្ស។ AI អាច​ផ្ដល់​ចំណេះដឹង និង​ជួយ​ការងារ​បាន​ច្រើន។ ប៉ុន្តែ​អារម្មណ៍​ក្ដី​ស្រលាញ់ ការ​យល់​ចិត្ត និង​បទពិសោធន៍​ជីវិត គឺ AI មិន​អាច​ជំនួស​មនុស្ស​បាន​ឡើយ ដូច​ជាក់ស្ដែង នាង​ខ្ញុំ​កំពុង​ឈរ​នៅ​លើ​ឆាក Miss Universe Cambodia 2026 ឆ្លើយ​នូវ​សំណួរ​មួយ​នេះ AI មិន​អាច​មក​ជំនួស​នាង​ខ្ញុំ​បាន​ឡើយ។ ដូច្នេះ​នាង​ខ្ញុំ​ជឿ​ថា បច្ចេកវិទ្យា AI អាច​ជួយ​បង្កើន​សមត្ថភាព​មនុស្ស​បាន វា​មិន​អាច​មក​ជំនួស​ភាព​ជា​មនុស្ស​របស់​យើង​បាន​ឡើយ៕

រូបភាព៖ Miss Universe Cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា