តារាសម្ដែង Moses Chan កើបចំណូលបានយ៉ាងក្រាស់ក្រែលពីការជួលអចលនទ្រព្យ និងការផ្សាយពាណិជ្ជកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាសម្ដែង Moses Chan កើបចំណូលបានយ៉ាងក្រាស់ក្រែលពីការជួលអចលនទ្រព្យ និងការផ្សាយពាណិជ្ជកម្ម

តារាសម្ដែង Moses Chan កើបចំណូលបានយ៉ាងក្រាស់ក្រែលពីការជួលអចលនទ្រព្យ និងការផ្សាយពាណិជ្ជកម្ម

យោងតាមសារព័ត៌មាន HK01 តារាសម្ដែងលេចធ្លោរបស់ប៉ុស្តិ៍ TVB លោក Moses Chan នាពេលថ្មីៗនេះបានដាក់ជួលអាផាតមិនប្រណីតរបស់លោកនៅតំបន់ Beverly Hills ក្នុងសង្កាត់ Tai Po ក្នុងតម្លៃ ៥៥០០០ ដុល្លារហុងកុង ឬស្មើនឹង ៧០០០ ដុល្លារអាមេរិកក្នុងមួយខែ។

Advertisement

អចលនទ្រព្យនេះស្ថិតនៅលើផ្លូវ Lakeview Road មានផ្ទៃក្រឡាប្រើប្រាស់ប្រហែល ២២២ ម៉ែត្រការ៉េ និងមានប្លង់ធំទូលាយជាមួយបន្ទប់គេងចំនួន ៥។ លោក Chan បានទិញអាផាតមិននេះកាលពីឆ្នាំ ២០១៣ ក្នុងតម្លៃ ៣៣.៦ លានដុល្លារហុងកុង។

គួរបញ្ជាក់ថា តំបន់ Beverly Hills Villas ក្នុង Tai Po ត្រូវបានគេស្គាល់ថាជាកន្លែងពេញនិយមសម្រាប់តារាល្បីៗ។ តារាមានឈ្មោះបោះសំឡេងជាច្រើនត្រូវបានគេរាយការណ៍ថាបានជួល ឬមានកម្មសិទ្ធិលើអចលនទ្រព្យនៅទីនោះ រួមមានតារាសម្ដែងលោក Chilam Cheung និងអ្នកនាង Anita Yuen ព្រមទាំងតារាសម្ដែង Tavia Yeung ផងដែរ។ អាចនិយាយបានថា តំបន់នេះបានក្លាយជាតំបន់លំនៅឋានឯកជនសម្រាប់ក្រុមអ្នកសិល្បៈលំដាប់ខ្ពស់របស់ហុងកុង។

ដោយសារតែមានចំណូលខ្ពស់ តារាប្រុស Moses Chan ក៏ត្រូវបានរាយការណ៍ផងដែរថាកំពុងជួលលំនៅឋានប្រណីតមួយនៅតំបន់ Mid-Levels លើផ្លូវ Old Peak Road។ លោកបានផ្លាស់ទៅរស់នៅទីនោះ ដើម្បីផ្តល់ឱកាសសិក្សាកាន់តែល្អសម្រាប់កូនៗរបស់លោក ដោយសារតំបន់នោះនៅជិតសាលារៀនល្បីៗដូចជា សាលាបឋមសិក្សា St. Joseph’s និងសាលាអន្តរជាតិជាច្រើនក្នុងហុងកុង។

ក្នុងនាមជាម្ចាស់ពានរង្វាន់ “តួឯកប្រុសឆ្នើម” (Best Actor) ជាច្រើនសម័យកាលរបស់ TVB លោក Moses Chan ត្រូវបានគេរាយការណ៍ថាមានប្រាក់ចំណូលខ្ពស់ខ្លាំង ដោយមានពាក្យចចាមអារ៉ាមថា កិច្ចសន្យារបស់លោកជាមួយ TVB អាចមានតម្លៃរហូតដល់ ៣០ លានដុល្លារហុងកុង ឬ ៣.៨ លានដុល្លារអាមេរិក បើទោះបីជាស្ថានីយទូរទស្សន៍នេះកំពុងប្រឈមនឹងសម្ពាធហិរញ្ញវត្ថុ ក៏ដោយ។ ប្រៀបធៀបជាមួយតារាសម្ដែង TVB ផ្សេងទៀតក្នុងជំនាន់ជាមួយគ្នា ចំណូលរបស់តារាប្រុសរូបនេះគឺខ្ពស់ជាងគេឆ្ងាយ ដែលឆ្លុះបញ្ចាំងពីប្រជាប្រិយភាពយូរអង្វែង និងតម្លៃពាណិជ្ជកម្មរបស់លោក។ លើសពីនេះ លោកនៅតែបន្តបង្កើតចំណូលតាមរយៈការថតផ្សាយពាណិជ្ជកម្ម ការចូលរួមព្រឹត្តិការណ៍ និងការធ្វើជាតំណាងម៉ាកយីហោនានាផងដែរ។

បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៥ ឆ្នាំ តារាប្រុសក្នុងរឿង “វីរបុរសបង្ក្រាបស្តេចគ្រឿងញៀន” នៅតែរក្សាបាននូវកេរ្តិ៍ឈ្មោះដ៏រឹងមាំ និងវត្តមានពាណិជ្ជកម្មយ៉ាងសកម្ម ដោយលោកបម្រើការជាទូតសុឆន្ទៈសម្រាប់ម៉ាកយីហោក្នុងវិស័យជាច្រើន រួមមានផលិតផលសុខភាព រថយន្ត និងទំនិញប្រើប្រាស់ផ្សេងៗ។

យោងតាមការស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយខាងលើ ទ្រព្យសម្បត្តិសុទ្ធរបស់លោកត្រូវបានគេប៉ាន់ប្រមាណថាមានចន្លោះពី ៨០ លាន ទៅ ១៥០ លានដុល្លារហុងកុង (ប្រហែល ១០ ទៅ ១៩ លានដុល្លារអាមេរិក) ។

ប្រឡូកអាជីពការងារអស់រយៈពេលជាង ៣ ទសវត្សរ៍ លោក Moses Chan ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងឈានមុខគេម្នាក់ក្នុងវិស័យទូរទស្សន៍ហុងកុង ដោយលោកបានចូលរួមជាមួយ TVB ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយទទួលបានការទទួលស្គាល់យ៉ាងឆាប់រហ័សចំពោះស្ទីលសម្ដែងដ៏ប៉ិនប្រសប់ ភាពនឹងនរនៅចំពោះមុខកាមេរ៉ា និងសមត្ថភាពសម្ដែងបានច្រើនទម្រង់។ ក្រៅពីអាជីពសម្ដែង លោក Moses Chan ក៏ត្រូវបានគេស្គាល់ថាជាបុរសដែលមានជីវិតគ្រួសារប្រកបដោយសុភមង្គល។ លោកបានរៀបការជាមួយតារាសម្ដែង Aimee Chan ក្នុងឆ្នាំ ២០១៣ ហើយបច្ចុប្បន្នគូស្នេហ៍មួយគូនេះមានកូនចំនួន ៣ នាក់។ ពួកគេត្រូវបានគេចាត់ទុកថាជាគ្រួសារគំរូមួយក្នុងចំណោមគ្រួសារតារាល្បីៗក្នុងហុងកុង ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា