កុំច្រឡំកូនដាយណូស័រ! បង្កួយបន្លាភ្នំ ឬបង្កួយស្នែង ត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុំច្រឡំកូនដាយណូស័រ! បង្កួយបន្លាភ្នំ ឬបង្កួយស្នែង ត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស

កុំច្រឡំកូនដាយណូស័រ! បង្កួយបន្លាភ្នំ ឬបង្កួយស្នែង ត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស

ថ្មី​ៗ​នេះ​សត្វ​បង្កួយ​បន្លា​ភ្នំ ឬ​បង្កួយ​ស្នែង ត្រូវ​បាន​អ្នក​ដើរ​ព្រៃ​ប្រទះ​​ឃើញ នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ បង្កួយ​បន្លា​ភ្នំ ឬ​បង្កួយ​ស្នែង វា​រូបរាង​ចម្លែក​បន្តិច ដោយ​មើល​មួយ​ភ្លែត ហាក់​ដូច​​ជា​កូន​ដាយណូស័រ​សម័យ​ដើម។

Advertisement

បើ​យោង​តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា វា​មិនមែន​ជា​ដាយណូស័រ ហើយ​ក៏​មិនមែន​ជា​សត្វចម្លែកដែរ។ បង្កួយ​បន្លា​ភ្នំ ឬ​បង្កួយ​ស្នែង ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ និង​ក្រុម​អ្នក​ទេសចរណ៍​ដើរ​ព្រៃ បាន​ប្រទះឃើញ កាលពីពេលថ្មីៗកន្លងមកនេះ នៅ​ក្នុង​តំបន់​សក្ដានុពល​លម្ហែ​បៃតង​លើ​ភ្នំ​ទំព័រ នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដែល​មាន​រយៈ​កម្ពស់ ១ ៥៥១ ម ស្ថិត​ក្នុង​ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រុម​អ្នក​ដើរ​ព្រៃ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ជួប​ប្រទះ​សត្វ​បង្គួយចម្លែក ដែល​មិន​សូវ​មាន​ឃើញ​ប្រភេទ​សត្វ​នេះ ពី​ជីវៈ​ចម្រុះ​ដទៃ ពុំ​ធ្លាប់​ឃើញ​មាន​នៅ​តាម​តំបន់​ការពារ​ផ្សេង​ទៀត​នៅ​កម្ពុជា។ បង្កួយ​បន្លា​ភ្នំ ឬ​បង្កួយ​ស្នែង ត្រូវ​បាន​គេ​ស្គាល់ មាន​ឈ្មោះ​វិទ្យាសាស្ត្រ Acanthosaura ដែលគេ​ច្រើនស្គាល់ថា Mountain Horned Dragon។

លក្ខណៈ​សម្គាល់​ពិសេស​របស់​វា​មាន​ដូចជា ស្នែង និង​បន្លា​ស្រួច​ៗ​ដុះ​នៅ​ពី​លើ​ក្បាល (មើល​ទៅ​ដូច​ស្នែង) និង​មាន​ជួរ​បន្លា​វែង​ៗ​​ដុះ​តាម​បណ្ដោយ​ខ្នង។ ខ្លួន​វា​មាន​ពណ៌ត្នោត ឬ​ពណ៌ដី ដែល​ជួយ​ឲ្យ​វា​អាច​បន្លំ​ខ្លួន​បាន​យ៉ាង​ល្អ​ជាមួយ​មែក​ឈើ ឈើ​ស្ងួត និង​មជ្ឈដ្ឋាន​ជុំវិញ​ក្នុង​ព្រៃ​បាន។

ពួក​វា​ចូលចិត្ត​រស់នៅ​ក្នុង​ព្រៃ​ក្រាស់​ៗ តំបន់​ភ្នំ ឬ​កន្លែង​ដែល​មាន​សំណើម​ខ្ពស់ និង​ត្រជាក់។ សត្វ​ប្រភេទ​នេះ​មិន​មាន​ពិស ឬ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ហើយ​វា​ស៊ី​សត្វ​ល្អិត​តូច​ៗ​ជា​អាហារ។ សូមបញ្ជាក់ថា តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា គឺជា​មរតក​ធម្មជាតិ​ដ៏​មាន​តម្លៃ និង​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ជីវៈ​ចម្រុះ​គ្រប់​ប្រភេទ ។ តំបន់​ការពារ​ធម្មជាតិ គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ៤១% នៃ​ផ្ទៃ​ដី​ប្រទេស៕

រូបភាព៖ Ministry of Environment

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា