ដំណើរជីវិតដ៏អស្ចារ្យរបស់ស្ត្រីម្នាក់ ដែលបានប្រើប្រាស់ភាពឈឺចាប់កាលពីកុមារភាព និងរឿងរ៉ាវលំបាកជាច្រើនក្នុងអតីតកាល ទៅជាស្មារតីតស៊ូរហូតក្លាយជាបុគ្គលមួយរូប ទទួលបានជោគជ័យក្នុងជីវិត ដោយបានសាបព្រួសអំពើសប្បុរសមកកាន់កម្ពុជាជាទឹកដីកំណើត ក៏ដូចជាជាមួយមនុស្សម្នាជាច្រើននៅលើពិភពលោក នោះគឺលោកស្រី សុភា បុត្រឈើ។

សុភា បុត្រឈើ (Sophea Bottcher) កើតនៅឆ្នាំ ១៩៧៩ ក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា។ ពេលនោះ ប្រទេសទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំឲ្យជីវិតមនុស្សរាប់លាននាក់រងគ្រោះ ក្នុងនោះក៏មានក្រុមគ្រួសាររបស់អ្នកស្រីផងដែរ។ ក្នុងបរិយាកាសស្ទើរតែមិនអាចរស់នៅបាន លោកស្រីបានធំឡើងដោយទទួលបានការចិញ្ចឹមបីបាច់ថែរក្សាពីជីដូនជីតា ដែលពោរពេញដោយក្ដីស្រឡាញ់ ដ្បិតថាជីវភាពក្រីក្រលំបាក និងមិនបានទទួលទទួលភាពកក់ក្ដៅពីឪពុកម្ដាយដោយផ្ទាល់យ៉ាងណាក៏ដោយ។
ជីវិតក្មេងស្រី សុភា រស់នៅជិតព្រៃភ្នំ ពោរពេញដោយធម្មជាតិ និងសព្វផ្សេងៗ តែការរស់នៅពោរពេញដោយការតស៊ូ រែកទឹកក្រោមថ្ងៃក្ដៅ ពុះឧស ប្រមូលសំណល់អាវុធ ដើម្បីលក់រកចំណូលជួយគ្រួសារ ព្រមទាំងខិតខំបំពេញកាតព្វកិច្ចជាចៅស្រីដ៏ល្អម្នាក់ សម្រាប់ជីដូនជីតារបស់នាង។ ដ្បិតជីវិតជួបការលំបាក ឆ្ងាយសាលារៀនយ៉ាងណាក៏ដោយ ប៉ុន្តែ សុភា ខិតខំតស៊ូរៀនសូត្រដូចទៅនឹងកូនចៅអ្នកភូមិដទៃ និងជាសិស្សពូកែប្រចាំសាលាផងដែរ។ នៅពេលបញ្ចប់ថ្នាក់វិទ្យាល័យលោកស្រីបានបន្តមកសិក្សានៅភ្នំពេញ ហើយបានបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកគណនេយ្យ និងកុំព្យូទ័រ។


សុភា បានចាប់ផ្ដើមការងារតូចៗដូចជា រោងចក្រ និងបុគ្គលិកតាមហាងលក់ទំនិញ រហូតបានបំពេញការងារផ្នែកសេវាកម្មនៅសណ្ឋាគារ Raffles Hotel Le Royal។ នៅទីនោះលោកស្រីទទួលបានពាន “បុគ្គលិកឆ្នើមប្រចាំឆ្នាំ” ជាច្រើនឆ្នាំដោយសារកិច្ចខិតខំប្រឹងប្រែង។ ដ្បិតតែមានការងារសមរម្យប្រាក់ខែអាចចិញ្ចឹមជីវិតបានប្រសើរបន្តិចក៏ពិតមែន តែស្ត្រីរូបនេះនៅតែបន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ព្រមទាំងកសាងទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានដទៃ។
ជាដំណាក់កាលជីវិតថ្មីមួយ លោកស្រីបានធ្វើការជាជំនួយការផ្ទាល់ (Personalassistent) របស់វេជ្ជបណ្ឌិតល្បីឈ្មោះ Dr. Beat Richner នៅមន្ទីរពេទ្យគុន្ធបុប្ផា។ បទពិសោធន៍នោះកាន់តែធ្វើឲ្យលោកស្រីឃើញថា សប្បុរសធម៌អាចផ្លាស់ប្ដូរជីវិតមនុស្សបានពិតប្រាកដ។ ក្នុងដំណើរវែងឆ្ងាយជាមួយលោក Dr Beat Richner បានធ្វើឲ្យលោកស្រីកាន់តែមានជំនក់ចិត្តជាមួយនឹងអំពើសប្បុរសធម៌។ «បំណងមួយតាំងពីនៅក្មេង…ខ្ញុំតែងតែសន្យាចិត្តថា បើមួយថ្ងៃអាចក្លាយជាមានទ្រព្យសម្បត្តិជាច្រើន ខ្ញុំចង់ជួយមនុស្សក្រីក្រ កុមារ និងអ្នកគ្មានផ្ទះសម្បែងឲ្យបានច្រើន។ នេះជាក្តីប្រាថ្នាដែលខ្ញុំបានរក្សាទុកក្នុងបេះដូងរហូតមក»។


ក្ដីស្រមៃបានក្លាយជាការពិត ដោយអ្នកនាងបានជួប បុរសជោគជ័យម្នាក់ ព្រោះចិត្តសប្បុរស និងអំពើល្អរបស់ សុភា។ គាត់គឺជាសេដ្ឋីអាល្លឺម៉ង់ ដែលមានបុគ្គលិកជិត ១០០០ នាក់ និងឈ្នះពានរង្វាន់ “អ្នកលក់អនឡាញល្អបំផុត ២០២៣/២០២៤” នៅអឺរ៉ុប។
បច្ចុប្បន្ននេះ លោកស្រី និងស្វាមីបានបរិច្ចាគប្រាក់ ១២ លានអឺរ៉ូ ទៅដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងប្រទេសផ្សេងៗ។ គូស្វាមីភរិយានេះ បានជួយកុមារកំព្រាជាង ២០០ នាក់ តាមរយៈមជ្ឈមណ្ឌលមែកឈើរបស់លោក ផន ផល្លា ជួយអ្នកមានពិការភាព ចាស់ជរា អ្នកគ្មានផ្ទះសម្បែង សូម្បីតែសត្វត្រូវការជំនួយ។


អ្នកទាំង២ ក៏បានសាងសង់ផ្ទះ និងផ្ដល់អាហារ ការអប់រំ និងសុវត្ថិភាពដល់មនុស្សក្នុងតំបន់ដែលរងការឈឺចាប់ ជាពិសេសដោយសារសង្គ្រាមជាច្រើន។ លោកស្រីបញ្ជាក់ថា “ការធ្វើសប្បុរសធម៌សម្រាប់ខ្ញុំមិនមែនជាកាតព្វកិច្ចទេ វាជាស្មារតី ដែលនាំមកពីបេះដូង”។ សុភា បុត្រឈើ ជាស្ត្រីកម្ពុជាដែលបង្ហាញគំរូភាពសាមញ្ញ ភាពសប្បុរស និងការរស់នៅ ដើម្បីជួយអ្នកដទៃ លោកស្រីក៏ជាឧត្ដមភរិយារបស់សេដ្ឋី ហើយក៏ជាម្ដាយនៃសេចក្ដីសង្ឃឹម សម្រាប់មនុស្សជាច្រើនជុំវិញពិភពលោក។ស្រ្តីកម្ពុជាដែលមានស្វាមីជាសេដ្ឋីអាល្លឺម៉ង់រូបនេះ ក៏មានមុខមាត់ពាក់ព័ន្ធវិស័យសិល្បៈដែរ ដោយធ្លាប់បានចូលរួមក្នុងកម្មវិធីធំៗលំដាប់ពិភពលោកជាច្រើនរួចមកហើយ៕



រូបភាព៖ ផ្ដល់ឲ្យ