បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗខ្លួន ហើយ​អ្នក​រាំ​ក្បាលទូក គឺ​សំខាន់​ជាង​គេ​បង្អស់។

ភាគច្រើន​យើង​តែងតែ​ឃើញ​ថា ចំណុះ​ទូក​នីមួយ​ៗ​មាន​បុរស​ទាំងអស់ ព្រមទាំង​អ្នក​រាំ​ក្បាលទូក។ អ្នក​រាំ​ក្បាលទូក ហើយមាន​អ្នក​ស្រុក​ខ្លះ​ហៅ​ថា​អ្នក​បូល ឬ​អ្នក​ទំ​ក្បាល ដើម្បី​​រាំ ឬ​អង្គុយ​បញ្ជា​ទូក និង​លើក​ទឹកចិត្ត​ចំណុះ​អ្នក​អុំ​ផង​ដែរ។ អ្នក​ទំ​ក្បាល​ទូក​ច្រើន​តែ​បុរស​​វ័យ​ចំណាស់ និង​ជា​អ្នក​ដែល​ទទួល​បាន​ការគោរព​ស្រឡាញ់​ពី​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ ចេះ​មើល​បច្ចេកទេស និង​បញ្ជា​ទូក​បាន​ល្អ។

តែ​តាម​តំបន់​ខ្លះ​មាន​អ្នក​រាំ​ក្បាល​ទូក​ជា​នារី ព្រោះ​នោះ​ជា​ជំនឿ​របស់​ខ្មែរ ដែល​ជឿជាក់​ថា ទូក​នីមួយៗ​មាន​បារមី​កាន់​ជានា​រី ទើប​មាន​អ្នក​រាំ​ក្បាលទូក​ជា​នារី។ ការ​មាន​នារី​រាំ​ក្បាល​ទូក​នៅ​ក្នុង​ពិធី​ប្រណាំង​ទូក​ង​របស់​ខ្មែរ គឺជា​ផ្នែក​មួយ​នៃ​សិល្បៈ វប្បធម៌ និង​ជា​ជំនឿ​បុរាណ​ដែល​បង្ហាញ​ពី​ភាព​រស់រវើក ការ​អបអរសាទរ ឬ​មន្ត​ស្នេហ៍​របស់​ទូក។

នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក កន្លង​មក​ ទូកអុំ មិន​សូវ​មាន​នារី​ទេ ភាគច្រើន​ជា​មនុស្ស​ប្រុស នារី​ភាគច្រើន​ប្រកួត​ផ្នែក​ទូកមួងតែប៉ុណ្ណោះ។ ទូក​ណា​ដែល​មាន​នារី​ជា​អ្នក​រាំ​ក្បាល​ទូក ធ្វើឲ្យ​ការ​ប្រកួត​កាន់តែ​សប្បាយ​រីករាយ ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​សាទរ​ពី​សំណាក់​ទស្សនិកជន។ ដូចនេះ​ហើយ​ទំនៀមទម្លាប់​ប្រពៃណី​ដែល​មាន​ស្ត្រី​ជា​អ្នក​រាំ​ក្បាល​ទូក គួរតែ​ថែរក្សា​បន្ត​ឲ្យ​បាន​គង់វង្ស ដើម្បី​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​ស្គាល់។

ជា​រៀងរាល់​ឆ្នាំ​សិល្ប​ការិនី​ខ្មែរ​តែងតែ​ទទួល​បាន​រៀបចំ​តុបតែង​ខ្លួន ​ទៅ​រាំ​ក្បាល​ទូក ពោរពេញ​ដោយ​ជំនាញ រាំ​ពត់​ពែន អែនអន យោលយោក​ខ្លួន​តាម​ជើង​ច្រវា ដើម្បី​ជា​សញ្ញា​ឲ្យ​កីឡាករ មាន​ចង្វាក់​អុំទូក សាមគ្គី​គ្នា។

ដើម្បី​ថែរក្សា អភិរក្ស វប្បធម៌​ខ្មែរ ដេត ស្រីនាឌ បវរកញ្ញា និង​ជា​តារា​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​​ក្លាយ​ជា​អ្នក​រាំ​ក្បាលទូក “នាងសុវណ្ណមច្ឆាមហាសាមគ្គី” របស់​វត្ត​សមាធិន្ទ្រិយារាម ហៅ​វត្ត​ព្រះ​ប្រសប់ថ្មី ស្ថិត​នៅ​ឃុំ​ព្រះប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ក្នុង​កម្មវិធី​ប្រណាំង​ទូកង នា​ខេត្ត​កំពង់ចាម ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ។

គួរ​បញ្ជាក់​ថា ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក គឺ​ជា​ព្រះរាជ​ពិធី​រំលឹក​ដល់​សឹក​សង្គ្រាម​ជើង​ទឹក និង​ជ័យជំនះ​នៃ​ទ័ព​ជើង​ទឹក​ខ្មែរ​ដែល​បាន​វាយ​ឈ្នះ​ទ័ព​សត្រូវ​ឈ្លានពាន និង​រំដោះ​ប្រទេស ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧។ សម្រាប់​អ្នក​បញ្ជា​ក្បាល​ទូក គឺ​ប្រៀប​បាន​នឹង​មេ​ទ័ព​ជើង​ទឹក​ដ៏​វៃ​ឆ្លាត​ក្នុង​ការ​បញ្ជា​កងទ័ព​របស់​ខ្លួន​ដើម្បី​ចូល​ច្បាំង​បាន​ជោគជ័យ៕

រូបភាព៖ សៀកម៉េង និងរដ្ឋបាលខេត្តកំពង់ចាម

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា