ការពូនភ្នំខ្សាច់ មានទាំងអត្ថន័យក្នុងជំនឿសាសនា បានទាំងប្រយោជន៍ដល់ទីសាធារណៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការពូនភ្នំខ្សាច់ មានទាំងអត្ថន័យក្នុងជំនឿសាសនា បានទាំងប្រយោជន៍ដល់ទីសាធារណៈ

ការពូនភ្នំខ្សាច់ មានទាំងអត្ថន័យក្នុងជំនឿសាសនា បានទាំងប្រយោជន៍ដល់ទីសាធារណៈ

នៅក្នុងពិធីបុណ្យធំៗក្នុងប្រទេសកម្ពុជា មិនថាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំនោះទេ​ គេតែងសង្កេតឃើញ ពិធីពូនភ្នំខ្សាច់ ដែលនិយមធ្វើឡើងក្នុងទីវត្តអារាម។ យ៉ាងណាមិញ ការពូនភ្នំខ្សាច់នេះ មានអត្ថន័យលាក់បង្កប់នៅពីក្រោយចំនួន ៣ ធំៗ​ ដែលមិនត្រឹមតែជាតម្លៃក្នុងជំនឿសាសនាប៉ុណ្ណោះទេ តែក៏បានចូលរួមកសាងប្រយោជន៍នៅទីសាធារណៈផងដែរ។

យោងតាមសម្ដីរបស់ឯកឧត្តម ញាន ភឿន បា្រប់ទៅកាន់វិទ្យុជាតិកម្ពុជា ការពូនភ្នំខ្សាច់នេះ តែងមានវត្តមាននៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាពិធីបុណ្យចម្រើនអាយុ ជូនចំពោះមាតាបិតា។ ឯកឧត្តមបានប្រាប់ទៀតថា បើក្នុងទំហំតូច គេអាចពូនកូនភ្នំខ្សាច់តូចៗចំនួន ៣ទៅ ៥ភ្នំ ជាតំណាង ដាក់នៅលើថាស ឬតុបាន។ តែបើនៅតាមវត្តអារាមវិញ គេអាចពូនគំនរខ្សាច់នេះ ជា ៨ ដែលតំណាងឱ្យទិសទាំង ៨ ឬជូនកាលក៏មាន ៥ ដែលភ្នំខ្សាច់តូចៗចំនួន ៤ តំណាងឱ្យទិសទាំង ៤ ឯភ្នំខ្សាច់មួយទៀត គឺនៅកណ្ដាល ខ្ពស់ និងធំជាងគេ ជាតំណាងឱ្យភ្នំព្រះសុមេរុ ដែលស្ថិតនៅក្នុងឋានត្រៃត្រឹង្ស។

តាមរយៈឯកសារទំនៀមទម្លាប់ប្រពៃណីខ្មែរជាច្រើនដែលបានសរសេរអំពីអត្ថន័យនៃការពូនភ្នំខ្សាច់ អាចសរុបចេញជាអត្ថន័យធំៗចំនួន ៣ រួមមាន៖

អត្ថន័យទី ១ ការពូនភ្នំខ្សាច់នេះ ធ្វើឡើងដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយ របស់ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯស្ថានតាវត្តិង្ស ដោយប្រជាជនខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមានជំនឿថា ភ្នំខ្សាច់នេះ ប្រៀបដូចជាតំណាងនៃព្រះចេតិយដែលមានតម្កល់ព្រះសារីរិកធាតុ ឬព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ។ បន្ថែំមពីនេះ ក៏មានជំនឿដូចគ្នាថា បុគ្គលដែលបានធ្វើបុណ្យនេះ នឹងទទួលផលអានិសង្ឃខ្ពស់។

អត្ថន័យទី ២ ការពូនភ្នំខ្សាច់នេះ ធ្វើឡើងដើម្បីរំដោះកម្មពៀរ ដែលធ្លាប់បានសាងពីមុនមក ដោយយោងថា បើសិនជាអ្នកធ្លាប់សម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុនមក ហើយបើម្ចាស់កម្មពារនោះ គេចង់ចងកម្ម ឬយកជីវិតអ្នកវិញ គេត្រូវរាប់គ្រាប់ខ្សាច់ដែលយកទៅពូនជាគំនរនោះឱ្យអស់សិន ទើបអាចសម្រេចគោលបំណងបាន។ ផ្ទុយមកវិញ ក្នុងករណីដែលម្ចាស់កម្មពៀរនោះ មិនអាចរាប់គ្រាប់ខ្សាច់អស់ទេ គឺស្មើនឹងអ្នកបានរំដោះកម្មពីម្ចាស់កម្មពៀរនោះហើយ។

ដោយឡែកសម្រាប់អត្ថន័យទី ៣នេះ មានការខុសប្លែកពីទ្រឹស្តីបែបសាសនា មិនដូចអត្ថន័យទាំង ២ខាងលើទេ ដោយមានការយល់ឃើញថា ការពូនភ្នំខ្សាច់នេះ គឺធ្វើឡើងដើម្បីមានខ្សាច់អាចប្រគេនព្រះសង្ឃ អាចយកទៅប្រើប្រាស់ក្នុងការសាងសង់នានា ទុកជាប្រយោជន៍សាធារណៈបាន ជាពិសេសសម្រាប់វត្តអារាមដែលខ្វះខាត ឬនៅទីជនបទជាដើម។

យ៉ាងណាមិញ មានការលើកឡើងដូចគ្នាថា អត្ថន័យទី ១ និងទី២ គឺត្រឹមត្រូវជាង​​ ព្រោះក្រោយពីពូនភ្នំខ្សាច់ហើយ ព្រះសង្ឃនៅតែអាចយកខ្សាច់នេះទៅប្រើប្រាស់តាមតម្រូវការ ជំនួសដោយការទុកចោលឥតផលចំណេញ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា