ប្រាសាទប្រុស ឬប្រាសាទសក្ល ជាសំណង់បុរាណដែលបន្សល់លើទឹកដីនៃខេត្តកំពង់ឆ្នាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាសាទប្រុស ឬប្រាសាទសក្ល ជាសំណង់បុរាណដែលបន្សល់លើទឹកដីនៃខេត្តកំពង់ឆ្នាំង

ប្រាសាទប្រុស ឬប្រាសាទសក្ល ជាសំណង់បុរាណដែលបន្សល់លើទឹកដីនៃខេត្តកំពង់ឆ្នាំង

ប្រាសាទ​ប្រុស ឬ​ហៅ​ថា​ប្រាសាទ​សក្ល ជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​ទៀត​ដែល​បាន​បន្សល់​ទុក​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ឆ្នាំង។ ប្រាសាទ​ទោល​មួយ​នេះ​នៅ​រក្សា​រូប​រាង​ស្ទើរ​ពេញ​លេញ​ និង​បាន​ក្លាយ​ជា​ទី​សក្ការ​បូជា​របស់​សហគមន៍​ក្នុង​តំបន់​ទៀត​ផង។

Advertisement

កាល​ដំបូង​ឡើយ​ប្រាសាទ​សក្ល មាន​ឈ្មោះ​ដើម​ថា​ប្រាសាទ​ប្រុស។ តាម​រឿង​ព្រេង​និទាន​កាល​ជំនាន់​កសាង​ប្រាសាទ​ប្រុស​និង​ប្រាសាទ​ស្រី​មាន​ការ​ភ្នាល់​គ្នា​រវាង​បុរស​និង​ស្ត្រី​តែ​ដោយ​កាល​នោះ​បុរស​បាន​ចាញ់​កល​ស្ត្រី​ទើប​បាន​ប្រាសាទ​ដែល​មាន​ឈ្មោះ​ដើម​ថា​ប្រាសាទ​ប្រុស ត្រូវ​បាន​អ្នក​ស្រុក​ភូមិ​ហៅ​ថា ប្រាសាទ​សក្ល (ដែល​មាន​ន័យ​ថា​ធ្វើ​មិន​ទាន់​ហើយ) និង​បន្ត​មក​ទល់​ពេល​បច្ចុប្បន្ន។ សំណង់​បុរាណ​មួយ​នេះ​ស្ថិត​ក្នុង​ភូមិ​កង្កែប ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង មាន​ចម្ងាយ​ប្រមាណ ៣២ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ជិត​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ។

បើ​តាម​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់​ឆ្នាំង​ ប្រាសាទ​ប្រុស​ទំនង​សង់​ឡើង​ក្នុង​អំឡុង​ដើម​សតវត្ស​រ៍ទី៨ សម័យ​មុន​អង្គរ រចនាបថ​ប្រាសាទ​កំពង់​ព្រះ។ បើ​ធៀប​ប្រាសាទ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ប្រាសាទ​នេះ​នៅ​រក្សា​រូបរាង​ស្ទើរ​ពេញ​លេញ ទាំង​ក្បាច់​រចនា​លម្អ​ជាប់​ជញ្ជាំង​ប្រាសាទ ចម្លាក់​ផ្ដែរ​និង​សសរ​ពេជ្រ​ដែល​ជាប់​និង​តួ​ប្រាសាទ។

ប្រាសាទ​ប្រុស​សង់​ឡើង​ពី​ឥដ្ឋ លើ​ទួលខ្ពស់ រាង​ចតុកោណ​កែង ព័ទ្ធ​ជុំវិញ​ដោយ​វាល​ស្រែ នៅ​តាម​ជញ្ជាំង​ប្រាសាទ​មាន​លម្អ​ដោយ​ប្រាសាទ​អណ្ដែត ​និង​មាន​ផ្ដែរ​ឆ្លាក់​លើ​ឥដ្ឋ​ផ្ទាល់។ នៅ​ខាង​ក្នុង​ប្រាសាទ​មាន​សំណល់​បុរាណ​វត្ថុ​ជា​សសរ​ពេជ្រ​រាង​មូល ជើង​ទម្រ ព្រះ​ពុទ្ធ​រូប​បាត់​ព្រះ​កេស​មួយ និង​មាន​ផ្ដែរ​មួយ​ផ្ទាំង​នៅ​ខាង​ក្រៅ​ក្បែរ​ខឿន​ប្រាសាទ។

សព្វ​ថ្ងៃ​ដោយ​មាន​ការ​គោរព​បូជា​ពី​សហគមន៍​ក្នុង​តំបន់​ជុំវិញ ប្រាសាទ​ប្រុស​ត្រូវ​បាន​គេ​កសាង​កំពូល​រាង​ដូច​ចេតិយ​ពី​ស៊ីម៉ងត៍​និង​ទ្វារ​ចូល​ប្រាសាទ។ គួរ​ឱ្យ​ដឹង​ដែរ ជុំ​វិញ​ប្រាសាទ​មួយ​នេះ​ក៏​មាន​គ្រឹះ​ប្រាសាទ​ទួល​បុរាណ និង​ត្រពាំង​បុរាណ​ផង​ដែរ៕

រូបភាព ៖ Visit to Cambodia

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា